កងទ័ព​ជើង​គោក​កម្ពុជា និង​ម៉ា​ឡេស៊ី មាន​ទិស​ដៅបង្កើន​​កិច្ចសហប្រតិបត្តិការ​ក្នុងផ្នែកហ្វឹក​ហ្វឺន និង​ផ្នែក​សន្តិសុខ​ព័ត៌មាន​វិទ្យា

សង្គម​និង​សេដ្ឋកិច្ច

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បានជួបពិភាក្សាការងារជាមួយ នាយឧត្តមសេនីយ៍ តាន់ស្រ៊ី ដាតុ សឺរី ហ្សាមរ៉ូស ប៊ីន ម៉ូហាម៉ាត់ ហ្ស៊ីន (Tan Sri Dato Seri Zamrose Bin Mohd Zain) មេ​បញ្ជា​ការ​កងទ័ពជើងគោកម៉ាឡេស៊ី​ដែលបានដឹកនាំគណៈ​ប្រតិភូជាន់ខ្ពស់មក​បំពេញ​ទស្សន​កិច្ចផ្លូវការរយៈពេល ០២ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃ០៣ ខែមីនា ឆ្នាំ២០​២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបរវាងមេបញ្ជាការ​កងទ័ពជើងគោក និងមេ​បញ្ជា​ការ​កងទ័ពជើងគោកម៉ាឡេស៊ី​ នៅ​បញ្ជា​ការដ្ឋានកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ នាថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២​​ ភាគី​​​​ទាំង​ពីរបានពិភា​ក្សាគ្នាលើគោលគំ​និ​ត និងទិសដៅនៃកិច្ចសហប្រតិបត្តិការមួយចំនួន ដែល​មានសារៈសំខាន់ និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក រួមមាន៖ ទី១ ការបង្កើន​សកម្មភាព​​កិច្ចសហប្រតិបត្តិការទេ្វភាគី ជា​ពិសេសក្នុងផ្នែកហ្វឹកហ្វឺនបណ្តុះបណ្តាលធន​ធាន​មនុស្ស និងផ្នែក​សន្តិ​សុខព័ត៌មានវិទ្យា ទី២ ការលើកកម្ពស់កម្រិតនៃទំនាក់ទំនងឱ្យកាន់តែខ្ពស់ឡើង​ជាង​ពេល​បច្ចុប្បន្ន តាមការរយៈការសម្រេចឱ្យក្រុមការងារចាប់ផ្តើមពិនិត្យ និងសិក្សា​អំពីកា​ររៀប​​ចំយន្តការ Army to Army Talks និងទី៣​ការរួមគ្នាសំលឹងមើលកាលានុវត្តភាពក្នុង​ការពង្រីកកិច្ចសហប្រតិបត្តិការលើផ្នែកសក្តានុពលផ្សេងៗទៀតក្នុងពេលអនាគត។

បានសម្តែងនូវការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិកា​ររវាងប្រទេសទាំងពីរកម្ពុជា-ម៉ាឡេស៊ី ក្នុងវិស័យសំខាន់ៗជាច្រើន រួមទាំងវិស័យការពារជាតិ។ កិច្ចសហប្រតិបត្តិការយោធាទ្វេភា​គី គឺបានដំណើការបោះជំហានទៅមុខ និងទទួល​បាន​លទ្ធផល​ផ្លែផ្កាជាច្រើន ជាអាទិ៍ ការបណ្តុះបណ្តាលសិក្ខាកាមយោធិនកម្ពុជាតាម រយៈកម្មវិធី Malaysian Defense Cooperation Program (MDCP) ចាប់តាំងពីឆ្នាំ២០០២, ការផ្លាស់​ប្តូរទស្សនកិច្ចទៅវិញទៅមក និងការអញ្ជើញចូលរួម​របស់គណៈ​ប្រតិភូ​យោធា​ជាន់ខ្ពស់កម្ពុជា​ក្នុងព្រឹត្តិការណ៍ពិព័រណ៍ការពារជាតិអាស៊ី (Defense Services Asia Exhibition-DSA) និងពិព័រណ៍ដែនអាកាស និងលម្ហសមុទ្រអន្តរជាតិឡាំងកាវី (Langkawi International Maritime and Aero- space Exhibition-LIMA) ជាដើម។

ពាក់​ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងកម្រិតកងទ័ពជើ​ងគោក ភាគីទាំងពីរក៏​បាន​វាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃដំណើរទស្សនកិច្ចនេះ ដែលជាការបើកទំព័រថ្មីនៃ​ទំនាក់​ទំនងកិច្ចសហប្រតិបត្តិកា​ររវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរឱ្យកាន់តែសកម្ម ស៊ីជម្រៅ និងរឹងមាំ។

ក្នុងឱកាសនោះ មេបញ្ជាការ​កងទ័ពជើងគោកទាំងពីរប្រទេស​ ក៏បានកត់សម្គាល់អំពី​បញ្ហាប្រឈម​ផ្នែកសន្តិសុខអន្តរជាតិ ដែលកំពុងកើតមាន ដូចជាបញ្ហាជំងឺរាតត្បាតជាដើម ដោយបានធ្វើការគូសបញ្ជាក់អំពីសារៈសំខាន់នៃការរក្សា និងការបង្កើនទំនាក់ទំនងកិច្ចសហ​ប្រតិបត្តិការទ្វេ ភាគីរវាងកងទ័ពជើងគោកទាំងពីរកម្ពុជា-ម៉ាឡេស៊ី ដែលជាគន្លឹះមួយដ៏មានប្រសិទ្ធភាព រួមចំណែកជាមួយយន្តការពហុភាគីជាលក្ខណៈតំបន់ដែលមានស្រាប់ ដើម្បីជំរុញការកសាងទំនុកចិត្ត និងកា​រយោគយល់គ្នាទៅវិញទៅមក សំ​ដៅធ្វើយ៉ាង​ណារួមគ្នាដោះស្រាយប​ញ្ហាប្រឈមផ្នែកសន្តិសុខ​នានា និងបន្តគាំទ្រដល់សកម្មភាពនានាដែលនាំទៅដល់​ការថែរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។

គួរបញ្ជាក់ថា ទស្សនកិច្ចផ្លូវការនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងទំនាក់ទំនងរវាងកងទ័ពជើងគោកនៃប្រទេសទាំង​ពីរ ស្របពេល​ដែលឆ្នាំ២០២២ នេះ គឺជាខួបលើកទី៦៥ នៃចំណ​ងការទូតរវាងកម្ពុជា-ម៉ាឡេស៊ី៕