សហគមន៍កសិកម្មចំនួន ១១ រួមគ្នាបង្កើតការប្រមូលផ្ដុំកសិផលនិងផ្សារបោះដុំដ៏ធំនៅខេត្តកណ្ដាល

សង្គម​និង​សេដ្ឋកិច្ច

ភូមិសាស្រ្តខេត្តកណ្ដាលនឹងក្លាយជាទីប្រមូលផ្ដុំកសិផលនិងជាផ្សារបោះដុំដ៏ធំបន្ទាប់ពីបានបង្កើតសហភាពសហគមន៍កសិកម្មចំនួន ១១ នៃស្រុកកោះធំ ស្រុកលើកដែក និងស្រុកស្អាង ដែលកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ បានរួមគ្នាបង្កើតសហភាពសហគមន៍កសិកម្មដើម្បីប្រមូលផ្តុំកម្លាំងផលិតកម្ម មធ្យោបាយផលិតកម្ម និងពង្រីកសមត្ថភាពនៅក្នុងផលិតកម្មកសិកម្ម កសិឧស្សាហកម្ម កសិពាណិជ្ជកម្ម រួមទាំងសេវាកម្មពាក់ព័ន្ធនឹងវិស័យកសិកម្ម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល បានឲ្យដឹងថា ការបង្កើតនៅសហភាពសហគមន៍កសិកម្មនេះឡើងមានសារៈសំខាន់ និងចាំបាច់ណាស់ក្នុងការជំរុញផលិតកម្ម និងទីផ្សាផលិតផល កសិកម្ម ជាពិសេសដំណាំបន្លែចំរុះ ក្នុងខេត្តកណ្តាល ស្របតាមផែនការអភិវឌ្ឍន៍វិស័យកសិកម្មរបស់ខេត្ត និងផែនការយុទ្ធសាស្ត្ររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

លោកបន្តថា សហភាពសហគមន៍កសិកម្មនេះ ជាសមិទ្ធិផលថ្មីមួយទៀត ដែលខេត្តកណ្តាល ទទួលបាន ហើយការបង្កើតសហភាពសហគមន៍កសិកម្ម ជាយន្តការដែលដើរស្រប និងឆ្លើយតបជាមួយ នឹងផែនការយុទ្ធសាស្ត្រជាតិ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៥ និងចូលរួមកាត់បន្ថយភាពក្រីក្រ ជាមួយរាជរដ្ឋាភិបាលកម្ពុជា។ស្ថិតក្នុងភាពរីករាយនេះឯកឧត្តមក៏បានសម្ដែងការគាំទ្រយ៉ាងពេញទំហឹងផងដែរ។

លោក ប៊ុនទួន ស៊ីម៉ូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកណ្តាល បានលើកឡើងថា ការស្ម័គ្រចិត្តរួបរួមគ្នាចងក្រងបង្កើតជាសហភាពសហគមន៍កសិកម្ម សបញ្ជាក់ឲ្យឃើញពីទស្សនវិស័យវែងឆ្ងាយ ក្នុងបរិបទសាកលភាវូបនីយកម្ម ឈរលើគោលការណ៍ច្បាប់ បទដ្ឋានគតិយុត្ត ស្មារតី និងឆន្ទៈច្បាស់លាស់។

លោកបន្ថែមថា វិសាលភាពការងារនឹងមានកាន់តែធំ ដោយការសម្រេចចិត្តទាមទារការគិតគូរហ្មត់ចត់ ដែលឆ្លើយតបទៅនឹងគោលបំណងសមាជិក និងតម្រូវការពិតប្រាកដរបស់សហភាព។ ហើយការបង្កើតជាសហភាពនេះ នឹងផ្ដល់ភាពងាយស្រួលក្នុងការចុះកិច្ចសន្យាលើផលិតផលកសិផលអ្វីមួយរួមគ្នា ជាពិសេសប្រមូលផ្ដុំកសិផល ដើម្បីឈានដល់ការចែកចាយ ឬបោះដុំដ៏ធំមួយក្នុងខេត្តកណ្តាល។

ជាមួយគ្នានេះ លោកក៏បានសំណូមពរដល់សហគមន៍កសិកម្មទាំង ១១ ដែលស្ម័គ្រចិត្តរួមគ្នាបង្កើតសហភាពនាពេលនេះ ត្រូវពង្រឹងសហគមន៍របស់ខ្លួន ជាពិសេសត្រូវរៀបវចំមហាសន្និបាតប្រចាំឆ្នាំដើម្បីបង្ហាញឲ្យឃើញពីតម្លាភាពសម្រាប់សមាជិក និងផ្តល់ឱកាសឲ្យសមាជិកជួយផ្តល់យោបល់ផងដែរ៕