វៀតណាម កោតសរសើររាជធានីភ្នំពេញមានការអភិវឌ្ឍរីកចម្រើនយ៉ាងខ្លាំង ដូចមេឃហើយនឹងដី

សង្គម​និង​សេដ្ឋកិច្ច

លោក ង្វៀន ហ៊ុយថាំង ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពប្រទេសវៀតណាមថ្មី ប្រចាំកម្ពុជា បានសម្ដែងនូវការកោតសរសើរយ៉ាងខ្លាំង ចំពោះការអភិវឌ្ឍរីកចម្រើនរបស់រាជធានីភ្នំពេញ ក្នុងរយៈពេល៤ ទសវត្សរ៍នេះ ពិសេស២ឆ្នាំចុងក្រោយនេះកម្ពុជា អាចគ្រប់គ្រងបាននូវជំងឺកូវីដ-១៩ បានយ៉ាងល្អ រក្សាបាននូវសេដ្ឋកិច្ចជាតិល្អ ប្រជាជនមានជីវភាពល្អប្រសើរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការលើកឡើងសរសើរបែបនេះ លោក​ ង្វៀន ហ៊ុយថាំង ធ្វើឡើងក្នុងជំនួបជាមួយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៥ ខែមិនាម្សិលមិញ។

លោក​ ង្វៀន ហ៊ុយថាំង បានគូសបញ្ជាក់ថា រាជធានីភ្នំពេញក្នុងរយៈពេល៤ទសវត្សរ៍នេះពិតជាមានការអភិវឌ្ឍរីកចម្រើនយ៉ាងខ្លាំង បើប្រៀបធៀបពី ៤០ឆ្នាំមុនគឺដូចមេឃហើយនឹងដី។ បន្ថែម​លើកពីនេះលោក​ក៏បានបញ្ជាក់ផងដែរថា ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជា បានជួបនៅជំងឺរាតត្បាតកូវីដ-១៩ ដូចប្រទេសផ្សេងទៀតនៅលើពិភពលោក ប៉ុន្តែកម្ពុជាអាចគ្រប់គ្រងបាននូវជំងឺកូវីដ-១៩នេះយ៉ាងល្អ ជាមួយនឹងការរក្សាបាននូវសេដ្ឋកិច្ចជាតិនិងជីវភាពប្រជាពលរដ្ឋយ៉ាងល្អប្រសើរ។

លោក​បន្តថា សម្រាប់រាជធានីភ្នំពេញ គឺការរៀបចំក្រុងបានល្អប្រសើរ ហើយទំនាក់ទំនងរវាងទីក្រុងភ្នំពេញនិងទីក្រុងរវាងប្រទេសនិងប្រទេសកម្ពុជា-វៀតណាម ឃើញថា មានសាមគ្គីភាព មានទំនាក់ទំនងកាន់តែល្អប្រសើរ រឹតមាំនិងខ្លាំងក្លា។

ទោះជាយ៉ាងណាក៏ដោយ លោកប្តេជ្ញា​នឹងធ្វើអស់ពីកម្លាំងកាយចិត្តដើម្បីរួមចំណែករកធ្វើយ៉ាងណាឲ្យប្រទេសទាំងពីរកម្ពុជានិងវៀតណាមមានទំនាក់ទំនងមានសាមគ្គីភាពគ្នាតែរឹងមាំ នៅពេលដែល​លោក​មកធ្វើជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពប្រចាំកម្ពុជានេះ ។

ជាមួយគ្នានេះ លោក​សូមឱ្យរាជធានីភ្នំពេញនិងទីក្រុងហូជីមិញផ្លាស់ប្ដូរទស្សនកិច្ចគ្នាអោយបានច្រើនដើម្បីផ្ដល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ពិសេសគឺការផ្សារភ្ជាប់ បណ្ដុះបណ្ដាលយុវជននៃប្រទេសទាំងពីរឲ្យមានទំនាក់ទំនង មានកិច្ចសហប្រតិបត្តិការការងារជាមួយល្អនិងរឹងមាំ។

ជាការឆ្លើយតបក្នុងជំនួបនេះដែរលោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ប្រទេសកម្ពុជាក៏ដូចជារាជធានីភ្នំពេញ បានធូរស្រាលដោយជម្ងឺកូវីដ-១៩ហើយ។ យើងក៏បានបើកប្រទេសឲ្យដំណើរការឡើងវិញហើយដែរ ធ្វើអោយយើងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការធ្វើទំនាក់ទំនងរវាងកម្ពុជានិងវៀតណាម ក្នុងការរឹតចំណងសាមគ្គីភាព ឲ្យកាន់តែមានភាពរឹងមាំថែមទៀត។

លោក​បញ្ជាក់បន្ថែមថា នៅពេលដែលប្រទេសទាំង២មាន ទំនាក់ទំនងសហប្រតិបត្តិការណ៍ល្អ ការរស់នៅជាមួយគ្នាដោយភាពស្មោះត្រង់ យោកយល់គ្នា នោះប្រទេសទាំងពីរ នឹងមានសាមគ្គីភាពគ្នាកាន់តែល្អនិងរឹងមាំយូរអង្វែង៕