ម៉ាឡេស៊ី គ្រោងបោះទុនវិនិយោគលើវិស័យសំខាន់ៗចំនួន ៦ នៅខេត្តកំពង់ស្ពឺ នាពេលខាងមុខនេះ

សង្គម​និង​សេដ្ឋកិច្ច

ឯកអគ្គរដ្ឋទូតប្រទេសម៉ាឡេស៊ីប្រចាំនៅប្រទេសកម្ពុជា បានសន្យាថា នឹងកៀគរអ្នកវិនិយោគពីប្រទេសរបស់ខ្លួន​ មកបោះទុនវិនិយោគលើវិស័យសំខាន់ៗចំនួន ៦ នៅទឹកដីខេត្តកំពង់ស្ពឺ នាពេលខាងមុខនេះ។ ការលើកឡើងនេះ បានធ្វើឡើងគ្រាដែលលោក ឯកអគ្គរដ្ឋទូត ទស្សនកិច្ចសិក្សាស្វែងយល់ពីសក្តានុពលរបស់ខេត្តកំពង់ស្ពឺ កាលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឱកាសនោះ លោក ELDEEN HUSAINI HOHD HASHIM ឯកអគ្គរដ្ឋទូតប្រទេសម៉ាឡេស៊ីប្រចាំនៅប្រទេសកម្ពុជា បានឲ្យដឹងថា «តាមការចង្អុលបង្ហាញរបស់សម្ដេចតេជោ ហ៊ុន សែន នាពេលកន្លងមក។ ខ្ញុំនិងកៀគរអ្នកវិនិយោគពីប្រទេសម៉ាឡេស៊ី មកធ្វើការវិនិយោគលើ វិស័យទេសចរណ៍ វិស័យពាណិជ្ជកម្ម វិស័យអចលនទ្រព្យ វិស័យកសិកម្ម វិស័យឧស្សាហកម្ម និងវិស័យអគ្គិសនីដើរដោយថាមពលព្រះអាទិត្យមកវិនិយោគនៅទឹកដីខេត្តកំពង់ស្ពឺនាពេលខាងមុខ»។

ទន្ទឹមគ្នានេះ ឯកអគ្គរដ្ឋទូតរូបនេះ ក៏នឹងអញ្ជើញអភិបាលខេត្តដឹកនាំគណៈប្រតិភូខេត្តកំពង់ស្ពឺ ទៅទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ី ដើម្បីធ្វើបទបង្ហាញពីសក្តានុពលដល់ធុរៈជនរបស់ម៉ាឡេស៊ីផងដែរ។

ជាការឆ្លើយតប លោក វ៉ី សំណាង ក៏បានបង្ហាញការស្វាគមន៍លោក ELDEEN HUSAINI HOHD HASHIM ចំពោះបំណងជំរុញការវិនិយោគលលើវិស័យសំខាន់ៗ ខាងលើនេះផងដែរ។

តាមរយៈដំណើរទស្សនកិច្ចសិក្សានេះដែរ ភាគីទាំងពីរ រំពឹងថា នៅពេលដែលអ្នកវិនិយោគរបស់ម៉ាឡេស៊ីមានចំណាប់អារម្មណ៍ហើយមកបណ្ដាក់ទុននៅក្នុងខេត្តកំពង់ស្ពឺ ពេលនោះប្រជាពលរដ្ឋអ្នកខេត្តកំពង់ស្ពឺ មានប្រាក់ចំណូលបន្ថែមទៀត តាមរយៈឱកាសការងារដែលអ្នកវិនិយោគរបស់ម៉ាឡេស៊ីមកបណ្ដាក់ទុននេះ។

គួរបញ្ជាក់ នៅក្នុងជំនួបពិភាក្សាការងាររវាងរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និងរដ្ឋមន្រ្តីពាណិជ្ជកម្មម៉ាឡេស៊ី កាលពីថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ២០២២កន្លងទៅបានបង្ហាញថា គិតត្រឹមឆ្នាំ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងម៉ាឡេស៊ី បានឈានដល់ ៥០១ លានដុល្លារអាមេរិក កើនឡើងចំនួន ១៣ % បើធៀបនឹងឆ្នាំ២០២០។

ហើយក្នុងនោះដែរ ម៉ាទ្បេស៊ីឈរនៅចំណាត់ថ្នាក់លេខ ១ ក្នុងការនាំចូលអង្ករកម្ពុជា ក្នុងចំណោមសមាជិកអាស៊ានទាំងអស់ ដោយក្នុងឆ្នាំ២០២១ ម៉ាទ្បេស៊ី បាននាំចូលអង្ករកម្ពុជាសរុបចំនួន ៤៦ ១៨១ តោន កើនទ្បើងចំនួន ៨% បើធៀបនឹងឆ្នាំ២០២០ផងដែរ

ជាមួយគ្នានេះ ភាគីទាំងពីរ ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តបន្តរក្សានូវទីផ្សារបើកចំហរ និងសម្រួលការវិនិយោគ សំដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីបន្ថែមទៀត៕
អត្ថបទ៖រង្សី