ក្រសួង​ពាណិជ្ជកម្ម​ដាក់​ឲ្យ​ប្រើប្រាស់​ “សៀវភៅ​មគ្គុទេសក៍ស្តីពីការចរចាពាណិជ្ជកម្មសម្រាប់កម្ពុជា”

សង្គម​និង​សេដ្ឋកិច្ច

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បាន​ចូលរួម​ដាក់​សម្ពោធឱ្យប្រើប្រាស់ “សៀវភៅមគ្គុទេសក៍ស្តីពីការចរចាពាណិជ្ជកម្មសម្រាប់កម្ពុជា” ដែលសហការរៀបចំដោយគម្រោង ARISE Plus Cambodia និងក្រសួងពាណិជ្ជកម្ម​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែង​ក្នុង​ពេល​ចូលរួម​កម្មវិធី លោក​រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម​បាន​​ឲ្យ​ដឹង​ថា សៀវភៅមគ្គុទេសក៍ស្តីពីការចរចាពាណិជ្ជកម្មសម្រាប់កម្ពុជា គោលបំណងផ្តល់ជាមគ្គុទេសក៍ណែនាំលើការរៀបចំយុទ្ធសាស្រ្ត និងយុទ្ធវិធីចរចាពាណិជ្ជកម្មប្រកបដោយប្រសិទ្ធិភាព ដោយផ្អែកលើគោលនយោបាយពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា ជាពិសេសយុទ្ធសាស្រ្តចតុកោណដំណាក់កាល​ទី៤ និងយុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្មកម្ពុជា សម្រាប់អ្នកចរចាពាណិជ្ជកម្ម និងមន្រ្តីជំនាញ​គោល​នយោបាយពាណិជ្ជកម្ម។

លោក​រដ្ឋមន្រ្តី​បាន​បន្ត​ថា កម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើកិច្ចខំប្រឹងប្រែងក្នុងការធ្វើសមារណកម្មពាណិជ្ជកម្ម និងពិពិធកម្មទីផ្សារនាំចេញ តាមរយៈការចូលរួមការចរចាក្នុងក្របខ័ណ្ឌទ្វេភាគី តំបន់ និងពិភពលោក ព្រមទាំងកិច្ចចរចាពាណិជ្ជកម្មសេរីនានា។

ជាក់ស្តែង ថ្មីៗនេះកម្ពុជាបានបញ្ចប់ និងអនុម័តលើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន (CCFTA) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជាកូរ៉េ (CKFTA) ហើយកម្ពុជាក៏បាននិងកំពុងចូលរួមការចរចាបន្ថែមទៀតក្នុងក្របខ័ណ្ឌអង្គការ WTO ព្រមទាំងកំពុងសិក្សាលទ្ធភាពក្នុងការចរចាពាណិជ្ជកម្មសេរីជាមួយដៃគូពាណិជ្ជកម្មសំខាន់ៗផ្សេងទៀតផងដែរ។

បើតាម​លោក​រដ្ឋមន្រ្តី ការពង្រឹងសមត្ថភាពលើជំនាញចរចាពាណិជ្ជកម្ម ពិតជាមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់អ្នកចរចា ហេតុនេះសៀវភៅមគ្គុទេសក៍នេះគឺជាឯកសារដ៏សំខាន់មួយ សម្រាប់ជួយពង្រឹងសមត្ថភាពបន្ថែមដល់អ្នកចរចាកម្ពុជា ក្នុងការត្រៀមខ្លួនចូលរួមកិច្ចចរចាព្រមព្រៀងពាណិជ្ជកម្មនានា ក្នុងពេលបច្ចុប្បន្ន និងអនាគត។

សៀវភៅមគ្គុទេសក៍នេះ ក៏​នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្ស ជាពិសេសជួយពង្រឹងសមត្ថភាពរបស់អ្នកចរចាពាណិជ្ជកម្មកម្ពុជា ក្នុងការការពារផលប្រយោជន៍កម្ពុជាក្នុងវិស័យពាណិជ្ជកម្ម ហើយសៀវភៅមគ្គុទេសក៍នេះនឹងក្លាយជាឯកសារយោងសម្រាប់និស្សិត និងអ្នកសិក្សាស្រាវជ្រាវក្នុងផ្នែកនេះផងដែរ៕