សម្ដេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យមានការជំរុញ​រៀបចំបើកស្ថានទូ​ត​រវាងកម្ពុជា និងហុងគ្រី​ ជាថ្មីឡើងវិញ ​

សង្គម​និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញឱ្យរៀបចំបើកស្ថានទូតរវាងកម្ពុជា និងហុង​គ្រីជាថ្មីឡើងវិញ ដែលជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយសំដៅជំរុញទំនាក់ទំនង​ការ​ទូត​កម្ពុជា-ហុងគ្រី ឱ្យកាន់តែស៊ីជម្រៅ​​និងពេញ​លេញ​ថែមទៀត ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចតេជោ ហ៊ុន សែន បានជំរុញបែបដូចនេះ នៅក្នុងពិធីប្រគល់-ទទួលជាផ្លូវការនូវ​ជំនួយវ៉ាក់សាំ​ង​កូវីដ-១៩ ប្រភេទ AstraZeneca ពីប្រជាជន និងរដ្ឋាភិបាលហុងគ្រី ជូនប្រជាជន និងរាជរដ្ឋាភិបាល​កម្ពុជា នៅវិមានសន្តិភាព នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២នេះ។

សម្តេចតេជោ បានលើកឡើងបន្តថា កម្ពុជាជឿជាក់យ៉ាងមុតមាំថា ចំណងមិត្តភាពរវាងកម្ពុជា និងហុង​គ្រី នឹងកាន់តែរឹង មាំថែមទៀត ហើយកម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការបន្តពង្រឹង និងពង្រីកកិច្ច​សហប្រតិបត្តិការយ៉ាងជិត ស្និទ្ធនាពេល អនាគត ។

ជាមួយគ្នានេះ ឯកឧត្ដម Istvan BAKOS ភារធារីស្ដីទីនៃស្ថានទូតហុងគ្រីប្រចាំកម្ពុជា បានលើក​ឡើង​ដែរថា ក្នុងនាម​ប្រទេស​ជាមិត្តប្រពៃណី និងជាសម្ព័ន្ធមិត្តរបស់កម្ពុជា ហុងគ្រី មាន​សេចក្តី​សោមនស្ស រីករាយក្នុងការគាំទ្រ កម្ពុជាក្នុងកិច្ចខិតខំប្រឹង​ប្រែងរបស់ខ្លួនក្នុង​ការប្រយុទ្ធ​​ប្រឆាំងនឹង​​ជំងឺកូវីដ-១៩ និងកាត់បន្ថយផលប៉ះពាល់អវិជ្ជមានមកលើជីវភាព​រស់នៅរបស់​ប្រជាជនកម្ពុជា។

ឯកឧត្ដម បន្ដថា ប្រទេសហុងគ្រីមានមោទនភាពដែលបន្ថែមពីលើការផ្តល់អាហារូបករណ៍ ដល់យុវជន​​កម្ពុជា​ដែល​​មានទេពកោសល្យ និងសម្រាប់ថ្នាក់បណ្ឌិត ការជួយកម្ពុជា​ក្នុងការបោសសម្អាតមីន និងសំណល់ពី​សង្រ្គាម ក៏ដូចជាការ​ផ្តល់ឱកាសពាណិជ្ជកម្ម និងវិនិយោគ និងកិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍ទាំងក្នុង ក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ហុងគ្រី​​ក៏អាច ចូលរួមចំណែកក្នុងការប្រយុទ្ធ​ប្រឆាំងនឹងជំងឺកូវីដ-១៩ ឱ្យវិលមករកប្រក្រតីភាពឡើងវិញនៅក្នុង​ប្រទេសកម្ពុជា និងទូទាំងពិភព​​លោក។