លោក យឹម ឆៃលី ស្នើឲ្យខេត្តកំពង់ចាម បង្កលក្ខណៈងាយស្រួលការវិនិយោគកសិផល និងដោះស្រាយវិវាទដីធ្លី

សង្គម​និង​សេដ្ឋកិច្ច

លោក យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារ អភិវឌ្ឍវិស័យកសិកម្ម និងជនបទ ស្នើឲ្យរដ្ឋបាលខេត្តកំពង់ចាម ត្រូវយកចិត្តទុកដាក់គាំទ្រ និងបង្កលក្ខណៈងាយស្រួលដល់សកម្មភាពវិនិយោគកសិផល អាជីវកម្មនានាទូទាំងខេត្ត ជាពិសេសផ្ដល់ការគាំទ្រ និងភាពអនុគ្រោះសម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ដែលជាវិស័យអាទិភាពចម្បងរបស់ខេត្ត ស្របតាមគោលនយោបាយ និងគោលការណ៍ច្បាប់របស់រាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

លោក យឹម ឆៃលី លើកឡើងដូច្នេះធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២។

ថ្លែងក្នុងឱកាសនោះ លោក យឹម ឆៃលី ក៏ស្នើឲ្យពន្លឿនការដោះស្រាយបញ្ហាវិវាទដីធ្លីឲ្យបានឆាប់រហ័ស ជៀសវាងទុកវិវាទឲ្យមានការរាលដាល និងស្មុគស្មាញ ពិបាកដោះស្រាយ។

បន្ថែមទៀតនោះ ក៏ត្រូវខិតខំសម្របសម្រួល និងពង្រឹងការផ្ដល់សេវាអង្គភាពច្រកចេញចូលតែមួយ ដើម្បីបង្កលក្ខណៈងាយស្រួល ជូនប្រជាពលរដ្ឋ មកទទួលសេវា។

ទន្ទឹមនឹងនេះ ត្រូវបន្តពង្រឹងសមត្ថភាពដល់មន្ត្រីផ្ដល់សេវានៅមូលដ្ឋាន ពិសេសមេឃុំ ចៅសង្កាត់ ជំទប់ ចៅសង្កាត់រង ស្មៀនឃុំ-សង្កាត់ មេភូមិ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ ពង្រឹងការទទួលខុសត្រូវក្នុងការបំពេញការងារប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងរួមគ្នាដោះស្រាយសំណើសុំពរបញ្ហាប្រឈមនានានៅមូលដ្ឋានប្រកបដោយតម្លាភាព និង គណនេយ្យភាព៕

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព