កិច្ចប្រជុំដឹកនាំដោយលោក ហ៊ុន ម៉ានី រយៈពេល៣ថ្ងៃត្រូវបានបិទបញ្ចប់ហើយ

សង្គម​និង​សេដ្ឋកិច្ច

កិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា រយៈពេល ៣ថ្ងៃមកនេះ ត្រូវបានបិទបញ្ចប់ នាសណ្ឋាគារសុខា ទីក្រុងសៀមរាប នៅថ្ងៃទី២០ ខែមីនានេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លើកឡើងក្នុពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា លោក ហ៊ុន ម៉ានី បានកោតសរសើរសមាជិក សមាជិកាគ្រប់រូប ដែលខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ លះបង់កម្លាំងកាយ ចិត្ត ពេលវេលា និងមធ្យោបាយសម្ភារក្នុងសកម្មភាពរបស់ ស.ស.យ.ក. ក្នុងរយៈកាលកន្លងមក។

លោកបន្តថា “បេសកកម្ម បុព្វហេតុ និងសមិទ្ធផលរបស់សហភាពសហព័ន្ធយុវជនកម្ពុជា រយៈពេលកន្លងមកនេះ ក្នុងការរួបរួមយុវជនដោយមិនប្រកាន់និន្នាការ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងសង្គមជាតិ បានបង្កើតឱ្យមានការទទួលស្គាល់មួយក្នុងមជ្ឈដ្ឋានយុវជន និងមហាជននៃព្រះរាជាណាចក្រកម្ពុជា។”

បន្ថែមពីលើនេះ លោកក៏បានលើកឡើងអំពីសមិទ្ធផលដែលនាំឱ្យ ស.ស.យ.ក. ពង្រីកវិសាលភាពរបស់ខ្លួន ក៏ដូចជាបង្កើនកិច្ចសហប្រតិបត្តិការជាមួយដៃគូទាំងក្នុង និងក្រៅស្រុកបានកាន់តែច្រើន។

ជាមួយគ្នានេះ អនុលោមតាមប្រការ១៦ ជំពូកទី៤នៃលក្ខន្តិកៈរបស់ខ្លួន ​គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា បានបោះឆ្នោតអនុម័តសមាសភាពបំពេញបន្ថែមសមាជិកគណៈកម្មាធិការកណ្តាលចំនួន ៩ រូប ដែលក្នុងនោះ ៣ រូប ត្រូវជ្រើសតាំងជាសមាជិកអចិន្រ្តៃយ៍។

សូមបញ្ជាក់ថា លោក ជា សុមេធី លោក កែវ ពិសិដ្ឋ និងលោក កែ សួនសុភាព ត្រូវបានជ្រើសតាំងជាសមាជិកអចិន្រ្តៃយ៍ផងដែរ។

ទន្ទឹមនឹងនេះ លោក ហ៊ុន ម៉ានី បានលើកទឹកចិត្ត និងក្រើនរំលឹកដល់សមាជិក សមជិកាគ្រប់រូបថា «ពេលដែលដោះឯកសណ្ឋានស.ស.យ.ក. មានតួនាទីខុសៗគ្នា តែពេលយើងពាក់ឯកសណ្ឋានមួយនេះ យើងគឺជាស.ស.យ.ក. យើងមានចក្ខុវិស័យជារួម, ក្នុងបុព្វហេតុតែមួយ, ក្នុងគោលបំណងតែមួយ គឺការបំផុះចលនាយុវជនកម្ពុជាឲ្យកាន់តែផុលផុសតាមរយៈការអនុវត្តកិច្ចការងារដោយចងចាំជាក់ និងបន្តស្មារតី២ធ្នូទៅពេលអនាគត ដែលជាការលះបង់នូវសេចក្តីសុខ និងផលប្រយោជន៍ផ្ទាល់ខ្លួន ហើយមករួមគ្នាដើម្បីដាក់បុព្វហេតុរួមជាធំមួយសម្រាប់ជាតិ និងមាតុភូមិ៕»