ចំណតកំពង់ផែស្វយ័ត​ខេត្តព្រះសីហនុចាយ​ថវិកា​ជាង​ ២០០ លាន​ដុល្លារ​ គូសប្លង់រួចរាល់ ​ចាប់ផ្តើមសាងសង់នៅឆ្នាំនេះ

សង្គម​និង​សេដ្ឋកិច្ច

គម្រោងអភិវឌ្ឍន៍កំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ ដែល​ទទួលបានប្រាក់កម្ចីជាង ២០០លានដុល្លារពីរដ្ឋាភិបាល​ជប៉ុន នឹងចាប់ផ្តើមដំណើរការសាងសង់នៅឆ្នាំ២០២២ និងបញ្ចប់នៅដើមឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បច្ចុប្បន្ន​នេះ​ ការ​អភិវឌ្ឍ​ចំណតកំពង់ផែស្វយ័តក្រុងព្រះសីហនុក្នុងជំហានទី១ ដែលមានប្រវែង ៣៥០ម៉ែត្រ និងជម្រៅទឹក ១៤.៥ម៉ែត្រ សម្រេចបានការគូសប្លង់រួចរាល់ហើយ និងកំពុងដំណើរការដេញថ្លៃ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក គីស៊ីដា ហ្វឺមីអូ នាយករដ្ឋមន្រ្តីជប៉ុន ដែល​កំពុង​ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​បានឯកភាពគ្នាសហការយ៉ាងពេញទំហឹង ដើម្បីធ្វើឱ្យកំពង់ផែក្រុងព្រះសីហនុ​ក្លាយជាកំពង់ផែដ៏សំខាន់ចម្បងមួយ ដែលមិនមែនសម្រាប់តែកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់តំបន់មេគង្គ និងពិភពលោក។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ ត្រូវបានរ៉ាប់រង និងទទួលខុសត្រូវ និងការជួយទំនុកបម្រុងពីរដ្ឋាភិបាលជប៉ុន។

បច្ចុប្បន្នកំពង់ផែស្វយ័តក្រុងព្រះសីហនុ អាចអនុញ្ញាតឲ្យនាវាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិច ចូលបានតែប្រមាណ ១៨%ប៉ុណ្ណោះ មានន័យថា ក្នុងចំណោម ១០០កប៉ាល់ អាចចូលចតបានតែ១៨ ឬ ១៩កប៉ាល់ និងអនុញ្ញាតឱ្យនាវាដែលផ្តុកកុងតឺន័រ បានតែ ១៥០០ប៉ុណ្ណោះ។

នៅពេលដែលកំពង់ផែទឹកជ្រៅនេះ សាងសង់រួចរាល់នៅឆ្នាំ២០២៥ នឹងអាចអនុញ្ញាតឲ្យកប៉ាល់ដែលសមត្ថភាពផ្ទុក កុងតឺន័ររហូតដល់ជាង ៤ពាន់កុងតឺន័រ អាចចូលចតដែលពេលនោះកប៉ាល់ប្រមាណ ៩៣% នៃកប៉ាល់ក្នុងតំបន់អាស៊ី ចូលចតនៅកម្ពុជាបាន ដែលនឹងធ្វើឱ្យតម្លៃដឹកជញ្ជូនទាបជាងមុន៕