ឧកញ៉ា សុខ ស្រស់ ផ្តល់កន្លែងធ្វើបុណ្យតម្លៃប្រមាណ ៨ម៉ឺនដុល្លារជូនប្រជាពលរដ្ឋខេត្តត្បូងឃ្មុំ

សង្គម​និង​សេដ្ឋកិច្ច

កាលពីពេលថ្មីៗនេះ ឧកញ៉ា សុខ ស្រស់ ប្រធានសភាពាណិជ្ជកម្មមណ្ឌល កណ្ដាល-កំពង់ឆ្នាំង និងក្រុមគ្រួសារ បានប្រគល់សាលាឆទានមួយកន្លែង មានទំហំដី១៥ គុណ៤០ម៉ែត្រ ទំហំសាលា៩ គុណ៨ម៉ែត្រ ដែលសរុបចំណាយថវិកាទាំងអស់ចំនួន ៧៩,០០០ដុល្លារអាមេរិក ស្ថិតនៅឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា សុខ ស្រស់ បានបង្ហើបឲ្យដឹងថា ស្របពេលប្រទេសកម្ពុជាមានសុខសន្តិភាព ក្រោមការដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសកម្ពុជា មានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ ហើយដោយសារពាក្យ «សន្តិភាព» ទើបយើងមានឱកាស និងថវិកាសាងសង់សាលាឆទានមួយនេះ។

ជាមួយគ្នានេះ វិស័យព្រះពុទ្ធសាសនា ក៏បានរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ ដោយមានការស្ថាបនាទីអារាមគ្រប់តំបន់ នៅតាមបណ្តា រាជធានី-ខេត្ត ទូទាំងប្រទេស សម្រាប់ទុកជូនបងប្អូនប្រជាពលរដ្ឋធ្វើពិធីផ្សេងៗទៅតាមបែប ផែនរបស់ អ្នកកាន់ សាសនាព្រះពុទ្ធ ដើម្បីទទួលបានស្ងប់កាយ ស្ងប់ចិត្ត និងទទួលបានក្តីសុខរៀងៗខ្លួន។

លោកឧកញ៉ាបន្តថា ឈរលើកត្តាខាងលើនេះ និងដោយសារកន្លងមក លោកបានសង្កេតឃើញ លោកតា លោកយាយ នៅក្នុងឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំនេះ បានធ្វើដំណើរទៅសមាទានសីល នៅទីអារាមជារៀងរាល់ថ្ងៃសីល ដែលមានចម្ងាយឆ្ងាយពីលំនៅដ្ឋានរបស់ពួកគាត់។

ហេតុដូច្នេះហើយ ទើបលោក និងភរិយា ព្រមទាំងក្រុមគ្រួសារ បានពិភាក្សា និងមូលមតិគ្នាកសាងសាលាឆទាននេះ ដែលគិតជាប្រាក់ អស់ប្រមាណជា៨ម៉ឺនដុល្លារ ទុកសម្រាប់លោកតា លោកយាយ មកស្នាក់អាស្រ័យសមាទានសីល គ្រប់ៗគ្នានៅក្នុងតំបន់នេះ រហូតតែម្តង៕