សម្ដេចក្រឡាហោម ស ខេង ៖ គ្មានប្រព័ន្ធគ្រប់គ្រងរដ្ឋ​​បាល​សាធារណៈណាមួយ មានភាពល្អឥត​ខ្ចោះនោះឡើយ

សង្គម​និង​សេដ្ឋកិច្ច

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈ​កម្មាធិការ​ជាតិសម្រាប់ការ​អភិវឌ្ឍ​តាមបែបប្រជាធិបតេយ្យ (គ.ជ.អ.ប) បានលើកឡើងថា គ្មានប្រព័ន្ធ​គ្រប់គ្រង​រដ្ឋបាលសាធារណៈណាមួយ មាន​ភាព​ល្អឥតខ្ចោះនោះឡើយ គឺតែងតែមានគុណសម្បត្តិ និងគុណវិបត្តិ ប៉ុន្តែបើពិចារណាទៅលើមធ្យោបាយ​ក្នុងការ​លើក​កម្ពស់គុណភាព នៃការផ្តល់សេវា​សាធារណៈ គឺធ្វើឡើង​ដើម្បីឆ្លើយតបទៅនឹងតម្រូវការផ្សេងៗរបស់ប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការលើកឡើងរបស់ សម្ដេចក្រឡាហោម ស ខេង ដូចនេះធ្វើឡើងនៅក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់អនុវត្តជាផ្លូវការ កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (២០២១-២០៣០) នៅព្រឹក​ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ។

សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ជាទូទៅវិមជ្ឈការ និងវិសហមជ្ឈការ ត្រូវបានគេចាត់​ទុក​ថា គឺជាយុទ្ធសាស្ដ្រ ឬជាគោលនយោបាយសាធារណៈមួយដ៏មានប្រជាប្រិយភាព និងមានប្រសិទ្ធ​ភាព​ខ្ពស់ក្នុងការលើកកម្ពស់ប្រជាធិតេយ្យ និងអភិបាលកិច្ច ក្នុងការគ្រប់គ្រង ការផ្ដល់សេវាសាធារ​ណៈ។

សម្ដេចក្រឡាហោម បានបញ្ជាក់បន្តថា ជារួមមានការកត់សម្គាល់ថា គ្មានប្រព័ន្ធគ្រប់គ្រងរដ្ឋបាល​សាធារណៈណាមួយ​ដែលមានភាពល្អឥតខ្ចោះនោះឡើយ គឺតែងតែមានគុណសម្បត្តិ និងគុណវិបត្តិ ក៏ប៉ុន្តែ បើពិចារណា​ទៅ​លើ​​មធ្យោបាយ​ក្នុងការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់​សេវា​សាធារណៈ ដើម្បីឆ្លើយ​តបទៅ​នឹងតម្រូវការផ្សេងៗគ្នា​របស់ប្រជាពលរដ្ឋ និងការឆ្លើយតបបាន​យ៉ាង​ឆាប់​រហ័សចំពោះតម្រូវការ​ជាអាទិភាពនានា​របស់មូលដ្ឋាននីមួយៗនោះ ប្រព័ន្ធគ្រប់គ្រងតាមបែប​វិមជ្ឈការ​ពិតជាមានគុណសម្បត្តិ​ល្អប្រសើរច្រើន ដោយសារប្រព័ន្ធនេះ បានផ្តល់ការទទួល​ខុសត្រូវ និងភាព​ជាម្ចាស់ទៅឱ្យរដ្ឋបាលថ្នា​ក់​ក្រោមជាតិ ដែលស្ថិតនៅកៀកប្រជាពលរដ្ឋធ្វើសេចក្តី​សម្រេចចិត្ត​ក្នុងការ​ផ្តល់​សេវាសាធារណៈ​ចាំបាច់នានាដោយផ្ទាល់ជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

សម្ដេចក្រឡាហោម បន្ថែមថា និយាយដោយសាមញ្ញ គឺរដ្ឋបាលដែលនៅកៀកជិតប្រជាពលរដ្ឋ អាច​ដឹង​សុខទុក្ខ និងតម្រូវ​ការពិតប្រាកដរបស់ប្រជាពលរដ្ឋបានយ៉ាងច្បាស់ និងត្រឹមត្រូវជាងរដ្ឋបាល ដែល​នៅឆ្ងាយពីប្រជាពលរដ្ឋ ហើយរដ្ឋបាល​ថ្នាក់ក្រោមជាតិទាំងនេះ ក៏អាចរៀបចំផែនការ អាចមាន​មធ្យោ​បាយដោះស្រាយប្រឈមនានា និងអាច​ធ្វើសេចក្ដីសម្រេចចិត្តដ៏ត្រឹមត្រូវក្នុងការឆ្លើយតបទៅនឹងសំណើ សំណូមពរ និងតម្រូវការនានារបស់ប្រជាពលរដ្ឋ​បានយ៉ាងសមស្រប ឆាប់រហ័ស និងមានប្រសិទ្ធ​ភាពខ្ពស់​ស្របតាមស្ថានភាពជាក់ស្ដែង ដែលមា​នលក្ខណៈខុសគ្នាៗ នៃមូលដ្ឋាននីមួយៗ៕