ច្បាស់​ការ ស្ពាន​ឆ្លងទន្លេ​​ទៅ​អរិយក្សត្រ​ សម្រេចយកទីតាំងសាងសង់ចេញពីម្តុំផ្សាររាត្រី

សង្គម​និង​សេដ្ឋកិច្ច

ប្រមុខ​រដ្ឋាភិបាល​បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ផ្លូវ​ជាតិ​លេខ ២១ នៅ​ព្រឹកនេះ ដោយ​បង្ហើប​​​ពី​គម្រោង​សាងសង់​ស្ពាន​ឆ្លង​ទន្លេ​ពី​ភ្នំពេញ​​ភ្ជាប់​ទៅ​តំបន់​អរិយក្សត្រ​ដែល​ជា​គម្រោង​ជំនួយ​របស់​រដ្ឋាភិបាល​កូរ៉េ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា ស្ពានតភ្ជាប់ពីភ្នំពេញទៅកាន់តំបន់អរិយក្សត្រ បានសម្រេចយកទីតាំងសាងសង់ចេញពីម្តុំផ្សាររាត្រីទៅកាន់ជ្រោយចង្វា និងចេញជ្រោយចង្វាទៅអរិយក្សត្រ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រដ្ឋាភិបាល​កូរ៉េខាងត្បូង បានសម្រេចផ្តល់ថវិកាសម្រាប់សាងសង់ស្ពានតភ្ជាប់ភ្នំពេញ ទៅអរិយក្សត្ររួចហើយ ដោយបានដាក់ជម្រើសទីតាំងជាច្រើនកន្លែង។ ក្រោយ​ការ​សិក្សា​គឺ​សម្រេចយកទីតាំងសាងសង់ចេញពីម្តុំផ្សាររាត្រី ទៅកាន់ជ្រោយចង្វា និងចេញជ្រោយចង្វាទៅអរិយក្សត្រ។

បើ​តាម​ប្រមុខ​រដ្ឋាភិបាល សមិទ្ធផលទាំងនេះ គឺកើតចេញពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកូរ៉េខាងត្បូង ដែលសម្តេចបានប្រឹងប្រែងពុះពារ ដើម្បីកសាងទំនាក់ទំនងឡើងកាលពីឆ្នាំ១៩៩៧។

គួរ​បញ្ជាក់​ថា គម្រោង​សាងសង់ស្ពាន​ទៅ​តំបន់​អរិយក្សត្រ​ត្រូវ​បាន​គ្រោង​ជាច្រើន​ឆ្នាំ​មកហើយ។ កម្ពុជា​បាន​ស្នើ​សុំ​រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​លើ​ការ​សាងសង់ស្ពាន​ឆ្លង​កាត់ទន្លេ​​ទៅ​តំបន់​អរិយក្សត្រ​ ខណៈកម្ពុជា​មាន​ស្ពាន​មិត្តភាព​កម្ពុជា-ជប៉ុន ស្ពាន​មិត្តភាពកម្ពុជា​-ចិន និង​ចង់បាន​ស្ពាន​មិត្តភាព​កម្ពុជា​-កូរ៉េ​មួយ​ទៀត។

ដំណឹង​នៃការ​សាងសង់​ស្ពាន​ភ្ជាប់​ទៅ​តំបន់​អរិយក្សត្រ​ បាន​ធ្វើ​ឲ្យ​ហាង​ឆេង​ដីធ្លី​នៅ​តំបន់​​នោះ​​ហើប​ឡើង​​យ៉ាង​ខ្លាំង។ បើ​តាម​​ឈ្មួញ​រកស៊ី​​អចលទ្រព្យ បច្ចុប្បន្ន​ដី​នៅ​អរិយក្សត្រ​តំបន់​ល្អ​ជាប់មាត់​ទន្លេ​ មាន​តម្លៃ​ជា​មធ្យម​ក្នុង​រង្វង់ ១ ០០០ ​ដុល្លារ​ក្នុង​ ១ ​ម៉ែត្រការ៉េ។ ចំណែក​ដីឡូត៍​លំនៅឋាន​មាន​តម្លៃ​ក្នុង​រង្វង់ ១០០-៣០០ ​ដុល្លារ និង​ដី​សម្រាប់​អភិវឌ្ឍន៍​ធំៗមានតម្លៃ​ជា​មធ្យម​ចន្លោះ​ពី​ ១៨០-២៥០ ​ដុល្លារ​៕