សម្តេចតេជោ ហ៊ុន សែន ថា​ឥទ្ធិពលអាក្រក់ចេញពីសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែនគឺធ្វើតម្លៃប្រេង​គ្រប់គ្រងលែងបាន

សង្គម​និង​សេដ្ឋកិច្ច

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា ​ឥទ្ធិពលអាក្រក់​ពីសង្គ្រាម រុស្ស៊ី និងអ៊ុយក្រែន បានធ្វើឱ្យប៉ះ​ពាល់ដល់​​ពិភពលោកជាពិសេស គឺតម្លៃប្រេងដែល​បច្ចុប្បន្ន​គ្រប់​គ្រងលែងបានហើយ។ សម្ដេចតេជោ ហ៊ុន សែន ថ្លែងបញ្ជាក់បែបនេះ នៅ​ក្នុងពិធីសម្ភោធ​ដាក់ឱ្យប្រើប្រាស់ផ្លូវជាតិ​លេខ៥១(ឧត្ដុង្គ – ថ្នល់ទទឹង) ដែលពិធីធ្វើនៅក្នុងខេត្តកំពង់ស្ពឺ នៅថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០​២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្ដេចតេជោ ក៏បានបង្ហាញក្តីបារម្ភ​ប្រសិន​ជាប្រទេសរុស្ស៊ី ដែល​អ្នកផលិតប្រេងធំមួយ​ក្នុង​ពិភពលោកឈប់ ឬផ្អាកផលិតប្រេងលក់ ដែលនាំអោយតម្លៃ​ប្រេងអន្តរជាតិ នឹងគ្រប់​គ្រងលែង​បានធ្វើឱ្យប៉ះពាល់ដល់ជីវភាព​រស់នៅរបស់ពល​រដ្ឋទូ​ទាំង​ពិ​ភពលោក ។

គួររម្លឹកថា នៅក្នុងពិធីប្រគល់-ទទួលជាផ្លូវការនូវ​ជំនួយវ៉ាក់សាំ​ង​កូវីដ-១៩ ពីប្រជាជន និងរដ្ឋា​ភិបាល ហុងគ្រី ជូនប្រជាជន និងរាជរដ្ឋាភិបាល​កម្ពុជា នៅវិមានសន្តិភាព នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន ក៏បានបង្ហើបថា រាជរដ្ឋាភិបាលកំពុងតាមដាន​ករណីរុស្ស៊ី-អ៊ុយក្រែន ដើម្បីរៀបចំគោលនយោបាយ និងដាក់ចេញនូវវិធានការអន្តរាគមន៍​ចាំបាច់ ឱ្យទាន់​ពេលវេលា។

គួរបញ្ជាក់ថា ​សង្គ្រាម​នៅអ៊ុយក្រែន​ដែល​បាន​ចាប់​ផ្ទុះ​ឡើងកាល​ពី​ថ្ងៃទី​២៤កុម្ភៈ ឆ្នាំ២០២២​ កំពុង​បន្ត បណ្តលមានការបាត់ប​ង់ជីវិត និងរបួសជនស៊ីវិល និង​យោធា ​ហើយបច្ចុប្បន្ន ពិភព លោក ​កំពុងតែ​​តាមដាន​មើល​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ជាទីបំផុត​ ។ ជាមួយគ្នា ក្រោយ សង្គ្រាម ផ្ទុះឡើងរវាងរស្ស៊ី និង​អ៊ុយក្រែន ជាង៣សប្ដាហ៍មកនេះ ក៏បានតម្លៃប្រេង នៅលើ ពិភពលោក បានហក់ឡើងកាន់តែខ្ពស់ ដែលកំពុងចោទជាបញ្ហាកាន់ តែច្រើនសេដ្ឋ កិច្ចពិភពលោក។