សម្តេច ហ៊ុន សែន៖ ទោះកូវីដធូរស្រាលក្តី ក៏កម្ពុជានៅតែពន្លឿនសាងសង់មន្ទីពេទ្យសម្រាប់អ្នកជំងឺកូវីដដដែល

សង្គម​និង​សេដ្ឋកិច្ច

ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានលើកឡើងថា ទោះជាបច្ចុប្បន្នសា្ថនភាពជំងឺកូវីដ-១៩ នៅកម្ពុជាបានធូរស្រាលក្តី ក៏កម្ពុជានៅតែពិនិត្យនឹងតាមដានពិនិត្យ ពិសេសនៅតែពន្លឿនសាងសង់មន្ទីពេទ្យសម្រាប់អ្នកជំងឺកូវីដ-១៩ដដែល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការលើកឡើងនេះ ត្រូវបានបង្ហាញឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក នៃមនី្ទរពេទ្យព្រះអង្គឌួង កាលថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២២។

នាឪកាសនោះ សម្តេច បញ្ជាក់ថា ពេលនេះស្ថានភាពកម្ពុជាបានធូរស្រាល ដោយសារយើងអាចគ្រប់គ្រងជំងឺកូវីដ-១៩បាន ឱ្យស្ថិតនៅកម្រិតមួយ ហើយក៏ជាចូលរួមចំណែកដ៏ធំធេងមិនអាចបំភ្លេចបាន នូវវិរៈភាពរបស់ក្រុមគ្រូពេទ្យកម្ពុជាទាំងអស់ ដែលប្រឹងប្រែងអស់កម្លាំងកាយចិត្តដើម្បីប្រជាពលរដ្ឋកម្ពុជា។

សម្តេច បន្តថា កម្ពុជាបានប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩ក្នុងកម្រិតខ្ពស់ ដែលធ្វើឱ្យសហគមន៍កម្ពុជាមានភាពស៊ាំប្រឆាំងកូវីដ-១៩ ទោះជាករណីឆ្លងកើតឡើង ក៏ដោយ ក៏មិនបណ្តាលឱ្យក្លាយជាករណីធ្ងន់ធ្ងរ ឬស្លាប់ឡើយ។

យ៉ាងណា ទោះពេលនេះស្ថានភាពកម្ពុជាបានធូរស្រាលក្តី ក៏សម្តេច នៅតែប្រកាសបន្តការសាងសង់មន្ទីរពេទ្យឯកទេសសម្រាប់ព្យាបាលជំងឹកូវីដ-១៩ ដែលអាចដាក់អ្នកជំងឺកូវីដ-១៩បានចំនួន១ម៉ឺននាក់ សាងសង់ដោយរាជរដ្ឋាភិបាលកម្ពុជាដដែល។ ហើយ ទោះពេលសាងសង់រួច ជំងឺកូវីដ-១៩បានធូរស្រាលយ៉ាងណាក៏ដោយ យើងក៏អាចនៅតែប្រែក្លាយមន្ទីរពេទ្យនោះទៅជាកន្លែងព្យាបាលជំងឺទូទៅតាមជាក់ស្តែង។

គួរបញ្ជាក់ថា កម្ពុជា បានបើកការដ្ឋានសាងសង់មន្ទីពេទ្យព្យាបាលជំងឺកូវីដ១៩ ខ្នាតធំមួយកន្លែង លើផ្ទៃដី ៧ហិកតា នៅភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ក្រោមការចង្អុរបង្ហាញរបស់សម្តេច ហ៊ុន សែន។

ការដ្ឋានសាងសង់មន្ទីពេទ្យនេះ បានធ្វើឡើងកាលថ្ងៃទី ១៤ ខែកុម្ភៈ ក្រោមវត្តមានរបស់ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

មន្ទីពេទ្យនេះ អាចព្យាបាលទាំងអ្នជំងឺកម្រិតធ្ងន់ និងកម្រិតស្រាល ខណៈការសាងសង់ត្រូវបានកំណត់ឱ្យបានរួចរាល់ ក្នុងរយៈពេល ១ ឆ្នាំផងដែរ៕

អត្ថបទ៖ រង្សី