កំពង់ផែទេសចរណ៍តម្លៃ​ជាង​ ១០ លាន​ដុល្លារខេត្ត​កំពត សម្រេចសាងសង់បាន​ជាង ៩៣ភាគរយ

សង្គម​និង​សេដ្ឋកិច្ច

គម្រោងសាងសង់កំពង់ផែទេសចរណ៍ខេត្តកំពត សម្រេចវឌ្ឍនភាពការងារសាងសង់បាន ៩៣,៤១ % ហើយគិតត្រឹមថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ គ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ខាងមុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើ​តាម​ការ​បញ្ជាក់​របស់​លោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារ បច្ចេកទេសពាក់ព័ន្ធរបស់ក្រសួង អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់កំពង់ផែទេសចរណ៍ អន្តរជាតិប្រចាំខេត្តកំពត។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានក្នុងឱកាសចុះពិនិត្យនេះ លោក​រដ្ឋមន្រ្តី​បាន​ឲ្យ​ដឹង​ថា គម្រោងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិប្រចាំខេត្តកំពតដែលមានទីតាំងស្ថិតនៅស្រុកទឹកឈូ កំពុងសាងសង់នៅលើផ្ទៃដីទំហំ៤ហិកតាមានជម្រៅ៤,៥ម៉ែត្រ ជាហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ប្រមាណជិត១០លានដុល្លារអាមេរិក។

បើ​តាម​លោក​រដ្ឋមន្រ្តី​គម្រោង​កំពង់ផែ​​សាងសង់​យឺតយ៉ាវ​បន្តិច​ ហើយ​​ក្រសួង​បន្ត​ជំរុញឲ្យ​​ក្រុមហ៊ុន​ម៉ៅខិតខំ​បញ្ចប់​គម្រោង​ ដើម្បី​ដាក់​​ឲ្យប្រើប្រាស់បម្រើ​ដល់​ការ​ដឹក​ជញ្ជូន​អ្នក​ដំណើរ​ និង​បម្រើ​ដល់​វិស័យ​​ទេសចរណ៍​។

កំពង់ផែអន្តររជាតិខេត្ត​កំពត​មានបណ្តោយ៣០០ម៉ែត្រ និងមានសមត្ថភាពអាចផ្ទុកនាវាដឹកអ្នកដំណើរបានពី៣០០ ទៅ៤០០នាក់។ គិតត្រឹមថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ វឌ្ឍនភាពការងារសាងសង់ សម្រេចបាន៩៣,៤១ %ហើយគ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២២ខាងមុខនេះ។

ក្រោយពីបញ្ចប់ការសាងសង់ជាស្ថាពរ កំពង់ផែទេសចរណ៍អន្តរជាតិនេះនឹងក្លាយជាច្រកទ្វារដ៏សំខាន់ សម្រាប់ទទួលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិធ្វើដំណើរកម្សាន្តតាមផ្លូវទឹក ជាពិសេសទេសចរណ៍មកពីប្រទេសថៃ និង​វៀតណាម​ចូលមកកាន់កម្ពុជា ដែល​ជាកំពង់ផែសម្រាប់អ្នកដំណើរមិនមែនជាកំពង់ផែទំនិញឡើយ។

ជាងនេះទៅទៀត កំពង់ផែនេះចូលរួមចំណែកអភិវឌ្ឍន៍វិស័យទេសចរណ៍នៅខេត្តកំពត ជួយបង្កើតឱកាសការងារ បង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ កំពង់ផែនេះជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាបន្នក្នុងមហាអនុតំបន់មេគង្គ។

ការសាងសង់កំពង់ផែនេះស្ថិតក្រោមការគ្រប់គ្រងដោយអង្គភាពអនុវត្តអនុគម្រោងរបស់ក្រសួងសាធារណការ និងដឹកជញ្ចូន។ បន្ថែមពីលើនេះ កំពង់ផែនេះជាច្រកទ្វារអន្តរជាតិផ្លូវសមុទ្រយ៉ាងសំខាន់ តភ្ជាប់ការដឹកជញ្ជូនភ្ញៀវទេស ចរទៅកាន់បណ្តាកោះនានានៅភាគខាងត្បូង និងតភ្ជាប់ខេត្តកំពតនៃប្រទេសកម្ពុជាទៅកាន់ពិភព លោក។ តាមរយៈកំពង់ផែនេះនឹងជួយជំរុញបន្ថែមការអភិវឌ្ឍទេសចរណ៍ និងផ្នែកពាក់ព័ន្ធនានានៅខេត្តកំពត រមណីយដ្ឋានភ្នំបូកគោ និងគោលដៅទេសចរណ៍តំបន់ឆ្នេរសមុទ្ររបស់កម្ពុជាផងដែរ៕