ប្រមុខ​រដ្ឋាភិបាល​សម្តេច​តេជោ សរសើរ​​លោក​គង់​ វិបុល​បង្កើត​​កំណត់ត្រាប្រវត្តិសាស្រ្តប្រមូលចំណូលពន្ធ​ចូល​រដ្ឋ

សង្គម​និង​សេដ្ឋកិច្ច

សម្តេច​តេជោ ហ៊ុន សែន បាន​កោត​សរសើរ​​និង​វាយ​តម្លៃ​ខ្ពស់​​ដល់​លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល​ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារនិង​ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រី រាជការទាំងអស់នៃអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានខិតខំអស់ពីកម្លាំងកាយចិត្តក្នុងការបំពេញ បេសកកម្មយ៉ាងជោគជ័យដោយបានប្រមូលចំណូលពន្ធដារផ្ទៃក្នុងជូនរដ្ឋបានលើសផែនការដែលកំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ចំនួន ១២៤,០២ ភាគរយ នៃផែនការប្រចាំឆ្នាំ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ

ការសម្រេចបានលទ្ធផលដ៏ល្អប្រសើរនេះ ជាកំណត់ត្រាប្រវត្តិសាស្រ្តនៃការប្រមូលចំណូលពន្ធ ដែលអគ្គនាយកដ្ឋានពន្ធដារសម្រេចបានលើសផែនការរហូតដល់ ២៤,០២ ភាគរយ ស្មើនឹង ២ ១៨២,៣៧ ប៊ីលានរៀល ប្រមាណជា ៥៣៨,៨៥ លានដុល្លារ។

សម្តេច​តេជោ​បាន​បន្ត​ថា សមិទ្ធផលដ៏ប្រពៃនេះ គឺផ្តើមចេញពីការប្រកាន់យកជំហរប្រសិទ្ធភាពនៃការដឹកនាំប្រកាន់យកនូវគោលការណ៍ អភិបាលកិច្ចល្អនិងរដ្ឋបាលកិច្ចល្អ ព្រមទាំងការខិតខំប្រឹងប្រែងប្តេជ្ញាចិត្តខ្ពស់ ប្រកបដោយឆន្ទៈមោះមុត និងស្មារតីបុរេសកម្ម របស់​លោក​គង់ វិបុល ក្នុងឋានៈជាអ្នកដឹកនាំអគ្គនាយកដ្ឋានពន្ធដារ។

ប្រមុខ​រដ្ឋាភិបាល​បាន​បញ្ជាក់​ថា ចំណូលពន្ធដារផ្ទៃក្នុងដែលអគ្គនាយកដ្ឋានពន្ធដារ បានប្រមូលលើសផែនការខាងលើពិតជាឆ្លុះបញ្ចាំងពីភាពខ្លាំងក្លានៃសេដ្ឋកិច្ចជាតិ បើទោះជាស្ថិតក្នុងកាលៈទេសៈដ៏លំបាកដែលកម្ពុជាបានកំពុងជួបប្រទះនូវវិបត្តិនៃការរីករាលដាលនៃជំងឺកូវីដ-១៩ក្តី ព្រមទាំងសបញ្ជាក់យ៉ាងច្បាស់ពីភាពរឹងមាំនៃឯករាជ្យភាព និងអធិបតេយ្យភាពជាតិរបស់កម្ពុជា។

ជាមួយគ្នានេះ សម្តេច​ក៏​គាំទ្រចំពោះវិធានការនានាដែលអគ្គនាយកដ្ឋានពន្ធដារបានដាក់ចេញ ដើម្បីបង្កើនប្រសិទ្ធភាពនិងតម្លាភាពនៃការប្រមូលចំណូលពង្រឹងគុណភាពសេវាអ្នកជាប់ពន្ធ និងបន្តធ្វើទំនើបកម្មរដ្ឋបាល សារពើពន្ធឱ្យកាន់តែមានភាពប្រសើរឡើងជាលំដាប់៕