គម្រោងវិនិយោគ​ក្រុមហ៊ុន​កូរ៉េចំនួន ២១៩ គម្រោង មាន​ទុន​ប្រមាណ ៥ ប៊ីលានដុល្លារអាមេរិក​ បាន​ចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

​ក្នុង​ជំនួបជាមួយ​លោក​ យូ យុនចូល រដ្ឋមន្ត្រីទទួលបន្ទុកសម្របសម្រួលគោលនយោបាយរដ្ឋាភិបាល នៃ សាធារណរដ្ឋកូរ៉េ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និង​ជា​អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​បាន​​ឲ្យ​ដឹង​ថា គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុះបញ្ជីគម្រោង​វិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់របស់កូរ៉េចំនួន ២១៩គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ៥ប៊ីលានដុល្លារអាមេរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក សុខ ចិន្តាសោភា បាន​ឲ្យ​ដឹង​ថា ក្រោយ​ការ​ភ្ជាប់​ទំនាក់ទំនងការទូតឡើងវិញរបស់​កម្ពុជា​និង​សាធារណរដ្ឋ​កូរ៉េ​នៅ​ឆ្នាំ១៩៩៧ ការវិនិយោគផ្ទាល់ពីកូរ៉េមិនត្រឹមតែនាំមកនូវដើមទុន និងបច្ចេកវិទ្យាប៉ុណ្ណោះទេ ថែមទាំងនាំមកនូវស្មារតីតស៊ូមិនលះបង់ផងដែរ។

ក្នុង​ឱកាស​នោះ លោក​រដ្ឋមន្រ្តី​ក៏​បានលើក​ពី​ច្បាប់វិនិយោគថ្មីដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ឲ្យដំណើរការ​កាល​ពី​ចុងឆ្នាំ២០២១ ដែល​ច្បាប់វិនិយោគថ្មីនេះនឹងជួយ​ទាក់ទាញការវិនិយោគពីកូរ៉េមកកម្ពុជា ជាពិសេស ក្នុងវិស័យឌីជីថល ដែលសាធារណរដ្ឋកូរ៉េបានបោះជំហាននាំមុខគេលើសាកលលោក និងក្នុងវិស័យកែច្នៃចំណីអាហារដែលជាវិស័យមានសក្តានុពលខ្ពស់នៅកម្ពុជា។

គួរ​បញ្ជាក់​ថា កម្ពុជា​បាន​ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរជាមួយ​សាធារណរដ្ឋកូរ៉េកាលពីចុងខែតុលា ឆ្នាំ២០២១ ដែល​នឹងចូលជាធរមាននាពេលឆាប់ៗខាងមុខ។ តាម​រយៈ​ច្បាប់​ពាណិជ្ជកម្ម​ថ្មី​នេះ នឹង​ជួយត្រួសត្រាយផ្លូវក្នុងការបង្កើនសកម្មភាពពាណិជ្ជកម្ម និង​ជំរុញឱ្យមានការវិនិយោគពីកូរ៉េមកកម្ពុជាបន្ថែមទៀត៕