សម្ដេច ស ខេង ណែនាំ​មន្ត្រីពាក់ព័ន្ធឱ្យបង្កើន​កិច្ចសហ​ការ​បង្ក្រាបការជួញគ្រឿងញៀន និងការនាំចូល​សារធាតុគីមី​ផ្សំ​ដើម្បីផលិត​ជា​គ្រឿងញៀន

សង្គម​និង​សេដ្ឋកិច្ច

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំ​ដល់​មន្ត្រីពាក់ព័ន្ធទាំងអស់​ឱ្យបង្កើន​កិច្ចសហប្រតិបត្តិការអន្តរជាតិ ទាំងទ្វេភាគី ពហុភាគី និង​ការផ្លាស់ប្ដូរព័ត៌មាន ដើម្បី​ត្រួតពិនិត្យ តាមដាន សើបអង្កេត ស្រាវជ្រាវ មុខសញ្ញាចរាចរណ៍​ជួញដូរគ្រឿងញៀន និងសារធាតុផ្សុំ​ខុស​ច្បាប់ឆ្លងកាត់តំបន់ព្រំដែន និងសហការរួមគ្នា​បង្ក្រាបឱ្យបានទាន់ពេលវេលា និងចំ​គោលដៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការណែនាំរបស់សម្តេចក្រឡាហោមដូចនេះ បានធ្វើឡើង​ក្នុងពិធីបិទសន្និបាតបូកសរុប​លទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០២១ និងលើកទិសដៅការងារសម្រាប់​ឆ្នាំ២០២២ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រារព្ធនៅសណ្ឋាគារ រ៉េងស៊ីដង់ សុខាភ្នំពេញ នារសៀលថ្ងៃទី៣០ ខែមិនា ឆ្នាំ២០២២។

សម្ដេចក្រឡាហោម ស ខេង

សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា សមត្ថកិច្ចកម្ពុជា​បានបង្ក្រាបបាន​​សាធាតុគីមីផ្សុំ ​ដើម្បី​ផលិតជា​គ្រឿងញៀន រហូតដល់ជាង៣០០តោន ហើយនៅពេលនេះ​ស្ថាប័នជំនាញ​ពាក់ព័ន្ធទាំ​​ង​អស់ កំពុងតែរួមគ្នាគិតគូររកវិធីដើម្បីបន្សាបនូវ​សាធាតុគីមីផ្សុំទាំងអស់នោះ មុន​យកទៅ​កម្ទេច​ចោល។

សម្ដេចក្រឡាហោម ស ខេង បានបន្តថា ​សាធាតុគីមីផ្សំទាំងអស់នោះ ត្រូវបាន​ក្រុមឧក្រិដ្ឋជន នាំចូលទាំងស្របច្បាប់ និងមិនស្របច្បាប់​ដើម្បីផលិតគ្រឿងញៀន។​​ ​ការនាំចូលដោយ​ស្រប​ច្បាប់​មានន័យថា មានអាជ្ញាប័ណ្ណនាំចូលត្រឹមត្រូវ ប៉ុន្ដែស្ថាប័នជំនាញ​មិនបានតាមដាន​ពិនិត្យ​ច្បាស់លាស់ នៅពេលយកទៅប្រើប្រាស់ឲ្យដល់គោលដៅ ហើយ​ភាគច្រើន​មានអាជ្ញា​ប័ណ្ណ​ជាវត្ថុធាតុដើម ដើម្បីធ្វើជាជីកសិកម្មជាដើម។ រីឯការនាំចូលដោយមិនស្របច្បាប់ ត្រូវបាន​សង្ស័យថា អាចលួចបន្លំជាមួយទំនិញដែលស្របច្បាប់ ដែលសមត្ថកិច្ចឆែកមិនទាន់ដល់កម្រិត ឬអាចនាំចូលតាមច្រករបៀងផ្សេងៗជាដើម។

សម្ដេចក្រឡាហោម បន្តទៀតថា ការផលិតនេះ អាចចែកចាយទាំងនៅកម្ពុជា និងនាំទៅ​ប្រទេស​​ទី៣ និងគោល​ដៅ​ផ្សេងៗ ហើយកិច្ចប្រជុំខាងមុខនេះ នឹងមានការពិនិត្យឡើងវិញ​នូវវិធានការ និង​គោលការណ៍ដើ​ម្បីធានាគ្រប់គ្រងការនាំចូលសារធាតុទាំងឡាយណា​ដែលបំរើ​ឱ្យការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម និងទប់ស្កាត់ឱ្យបានការនាំសាធាតុទាំងនោះ​មកផលិត​គ្រឿង​ញៀន។

ឯកឧត្តម កែ កឹមយ៉ាន

ជាមួយគ្នានេះ ឯកឧត្តម កែ កឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិ​ប្រយុទ្ធ​ប្រឆាំងគ្រឿងញៀន ក៏បានឱ្យដឹងដែរថា ទោះបីពិភពលោកមានការរាតត្បាត​ដោយជំងឺកូវីដ-១៩ ក៏ដោយ ក៏ស្ថានភាពគ្រឿងញៀនមិនមានធូរស្បើយដែរ ហើយ​ក្រុមឧក្រិដ្ឋ​ជនបានប្រើវិធី​សាស្រ្តថ្មីៗ និងប្លែកៗកាន់តែមានភាពស្មុគស្មាញ ក្នុងការលួចលាក់ផលិតគ្រឿងញៀន​ខុស​ច្បាប់ ធ្វើឱ្យសមត្ថកិច្ចជួបការលំបាក ជាក់ស្ដែងបទល្មើសគ្រឿងធំៗត្រូវបានបង្ក្រាបបាន​ជាបន្តបន្ទាប់។

ឯកឧត្តម ក៏បានគូសបញ្ជាក់បន្ថែមនូវក្រុមគោលដៅប្រឈមដែលត្រូវយកចិត្តទុកដាក់ ដូចជា​ក្រុមកម្មករចល័ត កម្មករកម្មការនីរោងចក្រ សិប្បកម្ម ជនអានាថា យុវជនគ្មានការងារធ្វើ សិស្ស​គេចសាលា អ្នកបើកបររថយន្តដឹកជញ្ជូន និងអ្នកបំរើការងារតាមគោលដៅប្រឈម ដូចជា​សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួល កន្លែងកំសាន្តសប្បាយ សិប្បកម្ម ការដ្ឋាន និងសំណង់ ដោយ​សារក្រុមទាំងនេះនៅតែជាក្រុមដែលពិបាកជួប និងផ្ដល់ការអប់រំ។

គួរបញ្ជាក់ថា ក្នុងរយៈពេលពេញមួយឆ្នាំ២០២១ ពោលគឺចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ សមត្ថកិច្ចកម្ពុជាបង្ក្រាបបទល្មើសគ្រឿងញៀនបានសរុប​ចំនួនជាង៦ពាន់​ករណី។ ក្នុងចំណោមករណីបង្ក្រាបបាន គឺឃាត់ខ្លួនជនសង្ស័យសរុបជាង១ម៉ឺននាក់ មានជនបរទេសចំនួន៣៦៥នាក់ ៕ អត្ថបទ៖ ពុធិកា