គណៈរដ្ឋមន្រ្តី​អនុម័ត​ច្បាប់​វិសោធនកម្ម​ថ្មី បង្កើន​ចំនួនគណៈអភិបាលរាជធានី-ខេត្ត​ដល់ ១១ រូប

សង្គម​និង​សេដ្ឋកិច្ច

តាម​​កិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃសុក្រនេះ បានសម្រេចអនុម័តទាំងស្រុងលើ «សេចក្ដីព្រាងច្បាប់ ស្ដីពីវិសោធនកម្មមាត្រា១៤០ នៃច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ» ដែល​នឹង​បើកផ្លូវឱ្យបង្កើនចំនួនសមាសភាពគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ ច្រើនជាងមុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងមាត្រា១៤០ចាស់ ដែល​ប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ បានកំណត់ចំនួនសមាសភាពគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌដូចខាងក្រោម៖

* គណៈអភិបាលរាជធានីភ្នំពេញមានចំនួនយ៉ាងច្រើន៧រូប។
* គណៈអភិបាលខេត្តមានចំនួនពី ៣រូប ទៅ ៧រូប។
* គណៈអភិបាលក្រុង ស្រុក ខណ្ឌមានចំនួនពី ៣រូប ទៅ ៥រូប។
* ចំនួនជាក់ស្តែងនៃគណៈអភិបាល សម្រាប់ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវកំណត់ដោយអនុក្រឹត្យតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ដោយឡែកមាត្រា១៤០ថ្មី ដែលបានធ្វើវិសោធនកម្ម ហើយត្រូវបានគណៈរដ្ឋមន្ត្រីអនុម័តនាព្រឹកនេះ បានកំណត់ចំនួនសមាសភាពគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌដូចខាងក្រោម៖

* គណៈអភិបាលរាជធានីភ្នំពេញមានចំនួនយ៉ាងច្រើន ១១រូប។
* គណៈអភិបាលខេត្តមានចំនួនពី ៧រូប ទៅ១១រូប។
* គណៈអភិបាលក្រុង ស្រុក ខណ្ឌ មានចំនួនពី ៥រូប ទៅ ៧រូប។ ចំនួនជាក់ស្តែងនៃគណៈអភិបាលសម្រាប់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវកំណត់ដោយអនុក្រឹត្យតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា១៤០នេះ ក៏បានចែងដែរថា ចំនួនគណៈអភិបាលសម្រាប់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌនីមួយៗ នឹងត្រូវបានសិក្សា និងពិនិត្យឡើងវិញ ដោយធ្វើការគិតគូរផ្អែកលើកត្តាមួយចំនួនដែលរួមមាន ចំនួនសមាជិកក្រុមប្រឹក្សានៃរាជធានី ខេត្ត ក្រុង ស្រុកខណ្ឌនីមួយៗ កត្តាភូមិសាស្ត្រ និងកត្តាប្រជាសាស្ត្រនៃរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌនីមួយៗ ដើម្បីជាមូលដ្ឋានក្នុងការសម្រេចដាក់ចេញនូវអនុក្រឹត្យស្តីពីការកំណត់ចំនួនគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បន្ទាប់ពីច្បាប់ស្តីពីវិសោធនកម្មមាត្រា១៤០នេះ ចូលជាធរមាន៕