រដ្ឋមន្ត្រីកសិកម្ម៖ ការនាំចេញផ្លែស្វាយ​របស់កម្ពុជា ៣ខែដើមឆ្នាំនេះថយចុះ ដោយសារឧបសគ្គការដឹកជញ្ជូន និងការប្រកួតប្រជែងតម្លៃ

សង្គម​និង​សេដ្ឋកិច្ច

រយៈពេល៣ខែដើមឆ្នាំ២០២២ ការនាំចេញផ្លែស្វាយស្រស់របស់កម្ពុជាមានចំនួន ៨១ ៤១៨​,០៧តោន ថយចុះចំនួន ២០,៧៣ភាគរយ ។ ​ក្នុងនោះការនាំចេញទៅប្រទេស វៀត​ណាម​ចំនួន ៤០ ៨៤៩,៧២តោន ប្រទេសចិនចំនួន២២ ២៤៤,៦៨តោន ប្រទេសថៃចំនួន ១៨ ១៨១,១២តោន និងប្រទេសកូរ៉េចំនួន ១៤២,៥៥តោន ។ នេះបើតាមបញ្ជាក់របស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក វេង សាខុន បានអោយដឹងថា ការនាំចេញផ្លែស្វាយស្រស់របស់កម្ពុជាមានចំនួន​ថយរយៈពេល​៣ខែដើមឆ្នាំ២០២២នេះ ដោយសារហេតុផល២យ៉ាង។ ក្នុងនោះទី១ ​ ដោយសារ​ជួបឧបសគ្គ ការដឹកជញ្ជូនផលិតផលកសិកម្ម ឆ្លងដែនរវាងប្រទេសវៀតណាម និងចិន ដោយសារការរីករាលដាលជាសកលនៃជម្អឺកូវិដ ១៩ មានការត្រួតពិនិត្​យតឹងតែង និងទី២) ការប្រកួតប្រជែងតម្លៃ នៅលើទីផ្សារប្រទេសចិន ដោយវិស័យឯកជនពិនិត្យឃើញថា​មិនទទួលបានប្រាក់ចំណេញ ទាក់ទងទៅនឹងតម្លៃនៃការធ្វើប្រព្រឹត្តកម្ម វេចខ្ចប់ និងដឹកជញ្ជូន នៅកម្ពុជាមានតម្លៃខ្ពស់ រួមជាមួយនឹងតម្លៃដឹកជញ្ជូនចេញពីកម្ពុជា ទៅកាន់កំពុងផែនៃ​ប្រទេសចិន ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានអោយដឹងទៀតថា ការនាំចេញដំណាប់ស្វាយមានចំនួន ៥ ១៣៦,២៧តោន ក៏មានការថយចុះចំនួន១៣,៤៣ភាគរយដែរ។ ក្នុងនោះ​ការនាំចេញ​ទៅ​ប្រទេស​​​ចិនចំនួន ៤ ៤១៤,១១តោន ប្រទេសថៃចំនួន ២៨៨,៤៤តោន ប្រទេសវៀត​ណាម​ចំនួន ២០០តោន ប្រទេសហ្វីលីពីនចំនួន ១៩២,៥៥តោន ប្រទេសជប៉ុនចំនួន ២៥តោន ចក្រភព​អង់គ្លេសចំនួន ៩,៧៨តោន ប្រទេសកូរ៉េចំនួន ៣,៨៧តោន និងប្រទេសអ៊ីតាលីចំនួន ២,៥២តោន។

ដោយឡែក ការនាំចេញទឹកស៊ីរ៉ូស្វាយមានចំនួន ៤០៣,៤២តោន ថយចុះចំនួន ៧៥,៦៧​ភាគរយ​ក្នុងនោះនាំចេញទៅប្រទេសចិនចំនួន ២៤៦តោន និងប្រទេសហ្វីលីពីនចំនួន ១៥៧,៤២តោន ៕ អត្ថបទ៖ ពុធិកា