កសិករនៅសៀមរាប សង្ឃឹមថា ផលិតកម្មបន្លែនឹងកើនឡើងវិញក្រោយចប់វិបត្តិកូវីដ និងព្រលានយន្តហោះថ្មីសាងសង់រួច

សង្គម​និង​សេដ្ឋកិច្ច

បច្ចុប្បន្នការដាំដុះបន្លែបានធ្លាក់ចុះបន្តិច ដោយសារវិបត្តិជំងឺកូវីដ-១៩ តែទោះជាយ៉ាងណាម្ចាស់កសិដ្ឋានដាំបន្លែជម្រុះ នៅឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ជាលក្ខណ: hydroponic សាលាដ ត្រសក់ផ្អែម និងប៉េងប៉ោះ ក្រៅពីនោះដាំលើដី សរុប ៣៨ មុខបន្លែ សម្រាប់ផ្គត់ផ្គង់ឲ្យទីផ្សារក្នុងសៀមរាបទាំងមូល បានសង្ឃឹមថា ផលិតកម្មបន្លែនឹងកើនឡើងវិញក្រោយពេលចប់វិបត្តិនេះ និងជាពិសេសបន្ទាប់ពីព្រលានយន្តហោះខេត្តសៀមរាបថ្មីសាងសង់រួច ដែលអាចទទួលភ្ញៀវទេសចរណ៍បានរាប់លាននាក់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ម្ចាស់កសិដ្ឋានបានឲ្យដឹងថា សំខាន់ជាងនេះ កសិដ្ឋានគ្រោងរៀបចំជាកសិទេសចរណ៍ផងដែរនាពេលអនាគត ដោយសារកសិដ្ឋានមានលក្ខណ:អំណោយផល សំអាងលើដី ទឹក ហេដ្ឋារចនាសម្ព័ន្ធ សួនបន្លែ ដំណាំឈើហូបផ្លែ ផ្ទះសំណាក់ និងទេសភាពជើងភ្នំគូលេន។ លក្ខខណ្ឌដ៏ល្អទាំងអស់នេះ ម្ចាស់កសិដ្ឋានសង្ឃឹមថា នឹងអាចធ្វើការទាក់ទាញ និងស្រូបយកភ្ញៀវទេសចរណ៍ទាំងក្នុង និងក្រៅស្រុកមកទស្សនាកម្សាន្តបានយ៉ាងច្រើន។

រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន ថ្លែងក្នុងពេលចុះពិនិត្យកសិដ្ឋានដាំបន្លែជម្រុះ នៅឃុំត្បែង ស្រុកបន្ទាយស្រី បានសម្តែងនូវការគាំទ្រ និងលើកទឹកចិត្តឲ្យកសិដ្ឋានបន្ត សកម្មភាពផលិតរបស់ខ្លួន បើទោះបីជួបបញ្ហាទីផ្សារ ប៉ុន្តែនិន្នាការនៃការកើនឡើងភ្ញៀវទេសចរណ៍នឹងវិលមករកប្រក្រតីភាពវិញក្នុងពេលឆាប់ៗខាងមុខ។

ដោយឡែក ចំពោះគម្រោង ធ្វើកសិទេសចរាណ៍លោករដ្ឋមន្ត្រីបានឯកភាព និងគាំទ្រទាំងស្រុង ដោយលោកបានបញ្ជាក់ថា តាមស្មារតីនៃកិច្ចប្រជុំអន្តរក្រសួងកាលពីថ្ងៃទី៣១ ខែមីនា នៅទីស្តីការក្រសួងទេសចរណ៍ ស្តីពី “ការគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ លោកបានជំរុញលើកទឹកចិត្តដល់ការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍។

បើតាមលោក វេង សាខុន កសិទេសចរណ៍ ក៏បានបញ្ចូលទៅក្នុងគោលនយោបាយជាតិអភិវឌ្ឍន៍សហគមន៍ទេសចរណ៍នោះផងដែរ។ ហេតុនេះ លោកបានណែនាំឲ្យម្ចាស់កសិដ្ឋានត្រៀមលក្ខណ:សម្បត្តិឲ្យបានគ្រប់គ្រាន់ដើម្បីចូលរួមអភិវឌ្ឍន៍កសិទេសចរណ៍ក្នុងខេត្ត សៀមរាបនាពេលអនាគតដ៏ខ្លី។

ការងារនេះ លោកក៏បានណែនាំឲ្យលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ជួយសហការរៀបចំឯកសារគតិយុត្តមួយចំនួនទាក់ទងការចុះបញ្ជីសហគមន៍កសិកម្ម និងផ្សព្វផ្សាយបច្ចេកទេសទាំងដំណាំ ត្រី និងផ្លែឈើបន្ថែម ដើម្បីរង់ចាំទទួលភ្ញៀវទេសចរណ៍ក្រោយពេលរាជរដ្ឋាភិបាលបើកប្រទេសយើងឡើងវិញ៕