ផ្លូវ​ជាតិ​លេខ ៦ ចូល​ក្រុង​សៀមរាប​នឹង​ពង្រីក​ពី ២ ​គន្លង​ទៅ ៤ គន្លង

សង្គម​និង​សេដ្ឋកិច្ច

ថ្លែង​ក្នុង​ពេល​ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់​ព្រលាន​យន្តហោះ​ថ្មី​ខេត្ត​សៀមរាប សម្តេច​តេជោ ហ៊ុន សែន​​បាន​លើក​ឡើង​ពី​គម្រោង​ពង្រីក​ផ្លូវ​ជាតិ​លេខ ៦ ពី ២ គន្លងទៅ ៤ គន្លង​សម្រាប់​សម្រួល​ការធ្វើ​ដំណើរ​រនៅ​ពេល​ព្រលាន​យន្តហោះ​ថ្មី​​ខេត្តសៀមរាបដាក់​ឲ្យ​ប្រើប្រាស់​ ដែល​នឹង​រុញ​កំណើន​ការ​ធ្វើ​ដំណើរ​របស់​ភ្ញៀវ​ទេសចរ​​មានការ​កើន​ឡើង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ត្រូវបន្តរួមគ្នា​ជំរុញការអភិវឌ្ឍ​នៅតំបន់សាងសង់​ព្រលាន​យន្តហោះថ្មីក្នុង​ខេត្តសៀមរាប ដូចជា​តភ្ជាប់បណ្តាញអគ្គិសនី ផ្គត់ផ្គង់​ទឹកស្អាត និង​សាងសង់​ផ្លូវ​ ដែល​មាន​ផ្លូវល្បឿនលឿន​ចេញពី​ព្រលាន និង​ត្រូវពង្រីកផ្លូវជាតិលេខ៦ ជា៤គន្លងសម្រាប់ចូលទៅក្រុងសៀមរាប។

គម្រោងសាងសង់អាកាសយានដ្ឋាន​អន្តរជាតិ សៀមរាប-អង្គរ បច្ចុប្បន្នសម្រេច​បាន​ប្រមាណ ២២​ភាគរយ នៃផែនការសរុប។ អាកាសយានដ្ឋានអន្តរជាតិ ដែលស្ថិតនៅក្នុងឃុំពពេល និងឃុំតាយ៉ែក ស្រុក​សូទ្រនិគម ខេត្តសៀមរាប ចាប់ផ្តើមសាងសង់នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ហើយ​គ្រោងប្រើរយៈ​ពេលសាងសង់​សរុបចំនួន ៣៦ខែ ឬ ៣ឆ្នាំ ដោយ​បានប្រើប្រាស់កម្មករ​ប្រមាណជាង ១,០០០នាក់ ក្នុងនោះ ៧០ភាគរយជាពលករខ្មែរ។ 

អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គ្រោងចំណាយទុនវិនិយោគប្រមាណ ៨៨០​លានដុល្លារ​អាមេរិក។ តាម​គម្រោងអាកាសយានដ្ឋាននេះ គ្រោងនឹងបញ្ចប់ការសាងសង់នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ​២០២៣ និង​ដំណើរការសាកល្បង ជាលើកដំបូង​នៅខែតុលា ឆ្នាំ២០២៣។

ជាមួយ​គម្រោង​ព្រលាន​យន្តហោះ​ថ្មី​ខេត្ត​សៀមរាប​ដែល​កំពុង​ដំណើរការ​សាងសង់​ រដ្ឋាភិបាល​ក៏​គ្រោង​សាងសង់​​ផ្លូវ​ល្បឿនលឿន និង​ហេដ្ឋារចនាសម្ព័ន្ធ​​ត​ភ្ជាប់​ពី​ព្រលាន​យន្តហោះ​ថ្មី​​ដែល​មាន​ចម្ងាយ​ជាង ៤០ គីឡូម៉ែត្រពី​ក្រុង​សៀមរាប។ សម្តេចតេជោ ហ៊ុន សែន បាន​ណែនាំឱ្យទេសរដ្ឋមន្ត្រី លោក ស៊ុន ចាន់ថុល ខ្ចីថវិកាចិនសម្រាប់ការសាងសង់ផ្លូវចូលទៅក្រុងសៀមរាប៕