David Beckham ត្រៀម​ខ្លួន​ក្លាយជា​ដន្លង​ជាមួយ​មហាសេដ្ឋី​អាមេរិក​ម្នាក់

អន្តរជាតិ

កូនប្រុស​ច្បង​របស់​អតីត​តារា​បាល់ទាត់ David Beckham គឺ Brooklyn Beckham បាន​កំពុង​ត្រៀម​ខ្លួន​រួចរាល់​ក្នុង​ការ​កសាង​គ្រួសារ​ថ្មី​ជាមួយ​នឹង​សង្សារ Nicola ខណៈ​ប្រភព​ព័ត៌មាន​មួយ​ចំនួន​អះអាង​ថា អាពាហ៍ពិពាហ៍​របស់​អ្នក​ទាំង ២ នឹង​ធ្វើឡើង​នៅ​ថ្ងៃទី ០៩ មេសា​នេះ​តែម្ដង ដោយ​មាន​ភ្ញៀវ​ចូលរួម​ប្រមាណ ៥០០ នាក់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អនាគត​កូនប្រសារ​របស់ Beckham គឺ​ជា​កូនស្រី​តែ​មួយ​គ្រាប់​គត់​របស់​មហាសេដ្ឋី Nelson Peltz ខណៈ​បុរស​ម្នាក់​នេះ​គឺជា​អ្នកជំនួញ​អាមេរិក​ដែល​មាន​ទ្រព្យសម្បត្តិ​ហូរហៀរ​ ទទួល​បាន​ងារ​ជា​មហាសេដ្ឋី។

ក្រឡេក​ទៅ​មើល​ប្រវត្តិ​ស្នេហា​របស់​អ្នកទាំង ២ វិញ គឺ​បាន​ទាក់ទង​គ្នា​តាំងពី​ឆ្នាំ ២០១៩ និង​បាន​ប្រកាស​ពី​ទំនាក់ទំនង​ឲ្យ​គ្រួសារ​ទាំងសងខាង​ស្គាល់គ្នា​នៅ​ខែកក្កដា ២០២០ និង​រំលង​បាន​ ១ ឆ្នាំ​ពួកគេ​បាន​សម្រេច​រស់នៅ​ផ្ទះ​ជាមួយ​គ្នា​នៅ Beverly Hills ដែល​មាន​តម្លៃ​ជាង ១០ លាន​ដុល្លារ។

ក្រៅពី​កើត​មក​លើ​គំនរ​ទ្រព្យសម្បត្តិ​ស្ដុកស្ដម្ភ​ក្ដី តែ Nicola Peltz ក៏​មាន​កេរ្តិ៍ឈ្មោះ​ល្បី​ផង​ដែរ លើ​វិស័យ​សិល្បៈ ដោយ​នាង​បាន​ដើរ​តួ​សំខាន់ៗ​ក្នុង​រឿង​ដូចជា Transformers: Age of Extiction ជាដើម។

បញ្ជាក់​ដែរ​ថា ​អាពាហ៍ពិពាហ៍​របស់​គ្រួសារ​ដ៏​មាន​ឥទ្ធិពល​ទាំង​សងខាង​នេះ នឹង​ធ្វើឡើង​នៅ Palm Beach, Miami រដ្ឋ​ Florida ដែល​មាន​ឌីជេ​ល្បីឈ្មោះ Snoop Dog ជា​អ្នក​ចាក់ចម្រៀង​នៅក្នុង​កម្ម​វិធី​មួយ​នោះ​ផងដែរ៕

ប្រភព: Bolnews