ក្រដាសប្រាក់១៥០០០រៀល ទទួលបានពានរង្វាន់ធន​បត្រថ្មី​ឆ្នើម​ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក​ប្រចាំឆ្នាំ២០១៩

សង្គម​និង​សេដ្ឋកិច្ច

ធនបត្រអនុស្សាវរីយ៍ប្រភេទ ១៥០០០រៀល ទទួលបានពានរង្វាន់ធនបត្រថ្មីឆ្នើម​ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិកប្រចាំឆ្នាំ២០១៩ ពីស្ថាប័នអន្តរជាតិ Reconnaisance ក្នុងសន្និសីទការបោះពុម្ភធនបត្រប្រកបដោយសុវត្ថិភាពខ្ពស់នៅអាស៊ី (High Security Printing Asia) លើកទី១៨ នៅទីក្រុង Yokohama ប្រទេសជប៉ុន។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា តាម​រយៈលិខិតចុះថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ រាយការណ៍ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ធនបត្រអនុស្សាវរីយ៍ប្រភេទ១៥០០០រៀលនេះ ត្រូវបានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាល​ឱ្យធនាគារជាតិនៃកម្ពុជាបោះពុម្ភ ដើម្បីចូលរួមអបអរសាទខួបអនុស្សាវរីយ៍គម្រប់១៥ឆ្នាំ នៃការ​គ្រងព្រះបរមរាជសម្បត្តិរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា។

តាមរយៈលិខិតដដែលឯកឧត្តម ជា ចាន់តូ បានបញ្ជាក់ថា ការសម្រេចផ្តល់ពានរង្វាន់ធនបត្រថ្មី​ឆ្នើមនេះ គឺដោយសារបច្ចេកទេសនៃការផលិតក្នុងស្រុករបស់ធនាគារជាតិនៃកម្ពុជា មាន​លក្ខណៈទំនើបកម្រិតខ្ពស់ និងសុវត្ថិភាព ដោយមានការរួមបញ្ចូលនូវសិល្បៈនៃការរចនា និងបច្ចេកវិទ្យា ដែលបានឆ្លុះបញ្ចាំងពីបេតិកភណ្ឌវប្បធម៌ក្នុងប្រទេស តាមរយៈការរចនារំលេចនូវនិមិត្តសញ្ញាលើធនបត្រចំពោះជាតិ ពិសេសមានបច្ចេកវិទ្យាខ្ពស់ក្នុងការកាពារការក្លែងបន្លំ។

ពានរង្វាន់ប្រភេទនេះ មិនត្រូវបានធ្វើជារៀងរាល់ឆ្នាំទេ គឺធ្វើឡើងនៅពេលដែលមានវត្តមានធនបត្រដែលមានលក្ខណៈសម្បត្តិស័ក្តិសម ប្រកបដោយគុណភាព និងបច្ចេកទេសតែប៉ុណ្ណោះ។

សូមជម្រាបជូនថា ស្ថាប័នអន្តរជាតិ Reconnaisance បង្កើតឡើងតាំងពីឆ្នាំ១៩៨៨ និងត្រូវបានទទួលស្គាល់ថាជាស្ថាប័នផ្សព្វផ្សាយព័ត៌មានរូបិយបណ្ណដ៏មានឥទ្ធិពលនៅក្នុងឧស្សាហកម្មធនបត្រសកល ហើយក៏ជាប្រភពនៃព័ត៌មានអន្តរជាតិឈានមុខអំពីបច្ចេកវិទ្យាថ្មីៗនៃការផលិតធនបត្រ សុវត្ថិភាពបែបអុបទិក និងឌីជីថល និងប្រព័ន្ធផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃអត្តសញ្ញាណធនបត្រនីមួយៗផងដែរ៕