សម្តេចនាយករដ្ឋមន្រ្តីទូលថ្វាយព្រះករុណា ត្រាស់បង្គាប់ផ្តល់គោរមងារ«កិត្តិឧទ្ទេសបណ្ឌិត» ជូនលោក ព្រហ្ម ម៉ាញ

កម្សាន្ត

នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២នេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជាជូនលោក ព្រហ្ម ម៉ាញ ជា «កិត្តិឧទ្ទេសបណ្ឌិត» តាមសេចក្តីក្រាបបង្គំទូលថ្វាយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ព្រហ្ម ម៉ាញ គឺជាសិល្បករអាយ៉ៃជើងចាស់មួយរូប ដែលមានឈ្មោះបោះសំឡេង។ ជានិច្ចកាល លោកតែងតែចាប់ដៃគូចម្រៀងអាយ៉ៃដ៏ស័ក្តិសមជាមួយអ្នកស្រី​ នួន សារី ហៅ យាយយ៉យ ។

លោក ព្រហ្ម ម៉ាញ មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ ហើយចាប់ផ្តើមចូលវិស័យសិល្បៈតាំងពីឆ្នាំ ១៩៧០ មកម្ល៉េះ ដោយកាលណោះលោកទើបតែមានអាយុ ២០ ឆ្នាំប៉ុណ្ណោះ ដែលគិតមកដល់ឆ្នាំ ២០២២ នេះ លោក ព្រហ្មម៉ាញ បានប្រឡូកក្នុងសិល្បៈប្រមាណជា ៥២ឆ្នាំមកហើយ ។

 លោកមានបងប្អូនសរុប ៤ នាក់ (ប្រុសទាំងអស់) ហើយបងប្អូនរបស់លោកគឺមានមុខរបរខុសគ្នាទាំងអស់ ដោយបងប្រុសទី ១ មានជំនាញខាងគូរ រចនា ចម្លាក់ ឯបងប្រុសទី ២ គឺជាគ្រូបង្រៀន ហើយរូបលោកផ្ទាល់គឺជាអ្នកសិល្បៈ និង ប្អូនពៅរបស់លោកគឺជាកីឡាករប្រដាល់ ។

ប្រឡូកក្នុងវិស័យនេះអស់ជាច្រើន និង ទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញនោះ លោក ព្រហ្មម៉ាញ ក៏ធ្លាប់បានចេញទៅសម្តែងនៅក្រៅប្រទេសផងដែរ ដូចជាចេញទៅសម្តែងនៅប្រទេសបារាំង អូស្ត្រាលី និង អាមេរិក ជាដើម។ យ៉ាងណា មួយរយៈចុងក្រោយនេះ លោកត្រូវបានរោគាព្យាធិយាយីដោយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ។

បច្ចុប្បន្ននេះលោក ព្រហ្ម ម៉ាញ មានវ័យ ៦២ ឆ្នាំហើយ ប៉ុន្តែលោកនៅតែបន្តចាប់អាជីពជាអ្នកចម្រៀងអាយ៉ៃដដែល ដោយទេពកោសល្យ និង ជំនាញកំប្លែងស្ងួតរបស់លោកនៅតែត្រូវបានទទួលស្គាល់ ពេញចិត្ត និង គាំទ្រលើសលប់ពីសំណាក់មហាជន មិនថាក្មេងចាស់ ប្រុសឬស្រីឡើយ។