លោក ហ៊ុន ម៉ាណែត ៖ ​​ប្រជាជនទូទាំងប្រទេស​​ប្រារព្ធពិធីបុណ្យចូលឆ្នាំបានយ៉ាងអធិក​អធម​ ដោយ​ទំនុក​ចិត្តខ្ពស់​ខុសពីឆ្នាំ២០២១

សង្គម​និង​សេដ្ឋកិច្ច

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជា​ការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជា​ការកង​ទ័ពជើងគោក បានលើកឡើងថា ​ប្រជាជន​ទូទាំង​ប្រទេស​​ បានកម្សាន្ត​សប្បាយ​ក្នុង​​ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលត្រូវបាន​ប្រារព្ធ​ទ្បើងយ៉ាងអាធិក​អធម​ដោយ​​ទំនុក​ចិត្តខ្ពស់ និងមិនមានការភ័យខ្លាច ដោយខុសកាល​ពីខែ​មេសា ឆ្នាំ២០២១ ដែល​ក្នុងកាលៈ​ទេសៈ នោះប្រជាពលរដ្ឋកម្ពុជា ក៏ដូចជានៅ​ទូទាំងពិភព​លោក កំពុងជាប់​មមាញឹក​ក្នុងកា​រប្រយុទ្ធប្រឆាំង នឹងការរីករាលដាលគួរឱ្យព្រួយ​បារម្ភនៃ​ជំងឺកូវីដ-១៩។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការលើកឡើងរបស់​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដូចនេះ ធ្វើឡើងនៅក្នុងពិធី​សម្ពោធ​អគារសិក្សា និងសមិទ្ ធផលនានា ក្នុងវិទ្យាល័យ សុខ អាន ដូងខ្ពស់បូរីជលសារ ក្នុងខេត្តតាកែវ នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងទៀតថា ការគ្រប់​គ្រង​ស្ថានការណ៍ប្រកប​ដោយ​ជោគ​ជ័យលើជំងឺកូវីដ១៩ មិនបានកើតទ្បើង​ដោយ​ចៃដន្យ​នោះ​ទេ ជាក់ស្តែងដោយសារ កិច្ចខិតខំប្រឹងប្រែងរបស់ សម្តេចតេជា ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏ដូច​ជាមន្ត្រីរាជការ កងទ័ព​អាវស និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមជាមួយ​នឹ​ងប្រជា​ពលរដ្ឋនៅទូទាំងប្រទេស ដោយរួមសាមគ្គីប្រយុទ្ធក្នុងសង្គ្រាមមេរោគ​រាតត្បាត​ មួយនេះ រហូត​នាំកម្ពុជាឱ្យឈរចំណាត់​ថ្នាក់​ខ្ពស់ក្នុង ពិភពលោក ក្នុងនាមជាប្រទេសដែលមាន សមត្ថភាព​ស្តារ​​ខ្លួនងើបចេញ​ពីជំងឺកូវីដ១៩។

គួររម្លឹកថា កម្ពុជាប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កាលពីថ្ងៃទី១៤ ១៥ និង១៦ ខែមេសា កន្លងទៅថ្មីៗនេះ ដែលតាមបណ្តាខេត្ត រាជធានី មានការរៀបចំកម្មវីធីសង្រ្កាន្ត ដោយមានប្រជាជនជួបជុំគ្នាសប្បាយយ៉ាងកុះករ ក្រោយខកខាន២ឆ្នាំដោយសារការឆ្លង​រាលដាល​ជំងឺកូវីដ១៩ ។  

តាមរបាយការណ៍របស់ក្រសួងទេសចរណ៍ រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំខ្មែរ កម្ពុជា​ទទួលបានទេសចរជាតិ-អន្តរជាតិ សរុបជិត ៤,៦លាននាក់ ។ ក្នុងនោះ ខេត្តបាត់ដំបង កំពង់​ចាម និងសៀមរាប មានទេសចរទៅកម្សាន្តច្រើនជាងគេ៕