ខេត្តកណ្តាល​ រៀបចំ​វេទិកា​បបញ្រ្ជាប​ការ​យល់​ដឹង​ពី​សុវត្ថិភាព​ចំណីអាហារ

សង្គម​និង​សេដ្ឋកិច្ច

អាជ្ញាធរ​ខេត្ត​កណ្តាល​ បាន​រៀបចំវេទិកា​ដើម្បី​ផ្សព្វផ្សាយ​ដល់​យុវជន​យល់ដឹង​ពី​សុវត្ថិភាពចំណីអាហារ​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក តាំង ម៉េងលាន អភិបាលរងខេត្តកណ្ដាលបាន​ឲ្យ​ដឹង​ថា ការរៀបចំវេទិកានេះគឺមានគោលបំណងបង្កើនការយល់ដឹងដល់​យុវជន​ពី​មូលដ្ឋានលើទិដ្ឋភាពទូទៅពី​សុវត្ថិភាពចំណីអាហារ។

លោក​អភិបាល​រង​ខេត្ត​បាន​ឲ្យ​ដឹង​ថា តាម​រយៈ​ការ​ចូលរួម​ផ្សព្វផ្សាយ​នេះ​នឹង​ជួយ​ឲ្យប្រជាពលរដ្ឋទូទៅផ្លាស់ប្ដូរឥរិយាបថមកទទួលទានអាហារ ដែលមានសុវត្ថិភាពនិងអាហារដែលមានសារជាតិចិញ្ចឹមគ្រប់គ្រាន់និងចម្រុះមុខដូចជា បន្លែ ផ្លែឈើស្រស់ ត្រី សាច់ និងស៊ុតដើម្បីឱ្យរាងកាយលូតលាស់បានល្អមានសុខភាពល្អនិងបង្កើនប្រសិទ្ធភាពការងារផងដែរ។

លោក សុខ ស៊ីឡូ អគ្គលេខាធិការនៃក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍កសិកម្មនិងជនបទមានប្រសាសន៍ថា អាហារគ្មានសុវត្ថិភាពបានបង្កការគំរាមកំហែងដល់សុខភាពជាសកល ហើយបង្កគ្រោះថ្នាក់ដល់មនុស្សគ្រប់គ្នាផងដែរ។ ទារក កុមារតូចៗ ស្ត្រីមានផ្ទៃពោះ មនុស្សចាស់និងមនុស្សដែលមានជំងឺប្រចាំកាយគឺងាយរងគ្រោះជាមួយនឹងបញ្ហាសុវត្ថិភាពចំណីអាហារនេះ ។

អង្គការសុខភាពពិភពលោក ក៏បានក្រើនរំលឹកផងដែរថាជារៀងរាល់ឆ្នាំមានកុមារជាង 220 លាននាក់កើតជំងឺរាគរូសហើយកុមារជាង 96 ពាន់នាក់បានស្លាប់ដោយសារបញ្ហាសុវត្ថិភាពចំណីអាហារ។

លោក សុខ ស៊ីឡូ បាន​លើក​ពី​គ្រោះថ្នាក់​នៃ​ចំណីអាហារគ្មានសុវត្ថិភាព បានបង្កើតវដ្តដ៏កាចសាហាវនៃជំងឺរាគរូសនិងបញ្ហាកង្វះអាហារូបត្ថម្ភដែលគំរាមកំហែងដោយស្ថានភាពរបស់ជនងាយរងគ្រោះបំផុត៕