៣ ខែ ដើម​ឆ្នាំ​២០២២ កម្ពុជា​នាំ​ចេញ​​​លើ​​វិស័យ​កាត់​ដេរ​ក្នុង​ទំហំ​ទឹកប្រាក់​ជាង ៣ ពាន់​លាន​ដុល្លារ

សង្គម​និង​សេដ្ឋកិច្ច

ក្នុង​ជំនួប​ជាមួយ​រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​កាល​ពី​ម្សិលមិញនេះ លោកឧកញ៉ា គង់ សាង ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជាបានឲ្យ​ដឹង​ថា ក្នុងត្រីមាសទី១ ឆ្នាំ២០២២នេះ កម្ពុជា​បាន​នាំ​ចេញ​​ផលិតផល​លើ​វិស័យ​កាត់​ដេរ​មាន​ចំនួន​ទឹក​ប្រាក់​ជាង ៣ ពាន់​លាន​ដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ា គង់ សាង បាន​លើក​ឡើង​ថា វិស័យកាត់ដេរនៅរក្សាបានកំណើននៃការនាំចេញក្នុងអត្រា ២៥% ជាមួយទឹកប្រាក់ចំនួន ៣ ១៥៥លានដុល្លារ ក្នុងនោះ សម្លៀកបំពាក់មានចំនួន ២ ១៣៧លានដុល្លារ (កំណើន ២០%) ស្បែកជើង ៤២១ លានដុល្លារ (កំណើន ៣៣%) និងផលិតផលធ្វើដំណើរនិងកាបូបមានចំនួន ៤៦៨លានដុល្លារ (កំណើន ៤៦%) ហើយផលិតផលវាយនភណ្ឌផ្សេងៗទៀតមានចំនួន ១២៨លានដុល្លារ (កំណើន ១១%)។

ប្រធាន​សមាគម​រោងចក្រ​កាត់​ដេរ​ ក៏​បង្ហាញ​ការប្តេជ្ញាចិត្ត ក្នុង​ការប្រែក្លាយវិស័យវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង ផលិតផលធ្វើដំណើរនិងកាបូបនៅកម្ពុជា ឱ្យក្លាយទៅជា «មជ្ឈមណ្ឌលឧត្តមភាពនៃឧស្សាហកម្មកាត់ដេរនៅអាស៊ីអាគ្នេយ៍ (Centre of Excellence of Garment Industry in South-East Asia)»។

ជា​ការ​ឆ្លើយតបលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបាន​គូស​បញ្ជាក់​​ថា សមាគម​រោងចក្រ​កាត់​ដេរ​កម្ពុជា​ (GMAC) គឺ​ជាដៃគូដ៏សំខាន់របស់ក្រសួងពាណិជ្ជកម្ម ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ច និងភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង ផលិតផលធ្វើដំណើរនិងកាបូប។

លោក​រដ្ឋមន្រ្តី​បាន​បន្តថា GMAC បានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ដទៃទៀត ក្នុងការចរចាបើកទីផ្សារបន្ថែម ក៏ដូចជាការកសាងយុទ្ធសាស្រ្តអភិវឌ្ឍវិស័យកាត់ដេរ ផលិតស្បែកជើង ផលិតផលធ្វើដំណើរនិងកាបូបកម្ពុជា ឆ្នាំ២០២២-២០២៧ ដើម្បីធានាបាននូវការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងប្រែក្លាយវិស័យនេះ ទៅជាឧស្សាហកម្មដែលមានចីរភាពផ្នែកបរិស្ថាន មានភាពធន់និងតម្លៃបន្ថែមច្រើន ព្រមទាំងមានភាពប្រកួតប្រជែងខ្ពស់ ក្នុងតំបន់ដ៏ដូចជាពិភពលោក។

នា​ឱកាស​នោះ​ដែរ លោក​រដ្ឋមន្រ្តី​បាន​បន្ត​ទៀត​ថា ក្រសួងពាណិជ្ជកម្មបាន​ជួយសម្រួលយ៉ាងច្រើនដល់បរិយាកាស​ធុរកិច្ច​នៅកម្ពុជា តាមរយៈការធ្វើកំណែទម្រង់ការផ្តល់សេវាសាធារណៈ និងការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មក្នុងការផ្តល់វិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ ការចុះបញ្ជីក្រុមហ៊ុន ព្រមទាំងការចុះបញ្ជីម៉ាក ឱ្យកាន់តែមានភាពងាយស្រួល មានតម្លាភាព និងប្រសិទ្ធភាពខ្ពស់។ ព្រមជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្មបានដឹកនាំចរចារបើកទីផ្សារបន្ថែមទៀត រួមមាន៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់ និងដៃគូសេដ្ឋកិច្ច (ATIGA, ASEAN+ និង RCEP ) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កម្ពុជា-ចិន (CCFTA) និងកម្ពុជា-កូរ៉េ (CKFTA) ជាដើម។ ជាងនេះទៅទៀត ក្រសួងបាននិងកំពុងសិក្សាលទ្ធភាពក្នុងការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីៗ បន្ថែមទៀត ជាមួយដៃគូពាណិជ្ជកម្មសំខាន់ៗ ផងដែរ៕