អាគារ FTB Tower តម្លៃ ១១២​លាន​ដុល្លារ បើកគម្រោងសាងសង់ដែលអាច​ឲ្យឧទ្ធម្ភាគចក្រ​ធ្វើការ​ចុះចតបាន

សង្គម​និង​សេដ្ឋកិច្ច អាជីវកម្ម

ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) និងក្រុមហ៊ុន MSNH បានសហការគ្នារៀបចំបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់គម្រោងអគារ FTB TOWER ក្នុងទំហំវិនិយោគ​ ​១១២​ លាន​ដុល្លារ​អាមេរិក ក្រោមវត្តមានលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និងមានការចូលរួមពីភាគទុនិក សមាជិកក្រុមប្រឹក្សាភិបាល គណ:គ្រប់គ្រងប្រតិបត្តិរបស់ធនាគារ FTB ព្រមទាំងដៃគូធុរៈកិច្ចជាតិ និងអន្តរជាតិជាច្រើនរូប នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អគារ FTB Tower នឹងត្រូវ​សាងសង់​លើ​ផ្ទៃដី​សរុប ៧៧ ៥៩៣ ម៉ែត្រការ៉េ​ ស្ថិតនៅលើដីឡូត៍លេខ A សង្កាត់មនោរម្យ ខណ្ឌ៧មករា មហាវិថីសហព័ន្ធរុស្សី ជិតវិមានសន្តិភាព ទីស្តីការគណៈរដ្ឋមន្ត្រី ដែលជាទីតាំងពាណិជ្ជកម្មសំខាន់ៗនៅចំកណ្តាលទីក្រុងភ្នំពេញ។

បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន ការសាងសង់​អគារ “FTB Tower” នេះ បានបង្ហាញ​ពី​ភាពរឹងមាំ និង​និរន្តរភាព​របស់​ធនាគារ​FTB ដែលជា​ធនាគារពាណិជ្ជ​ក្នុងស្រុក​ដំបូង​គេ​ក្នុងប្រទេស​កម្ពុជា​ដែល​បាន​បង្កើតឡើង​ចាប់តាំងពី​ឆ្នាំ ១៩៧៩​។ ខណៈដែលការសាងសងអាគារ FTB Tower នេះមាន​កម្ពស់​សរុប​ចំនួន ២៨​ជាន់ ហើយ​និង​មាន​ជាន់​ក្រោម​ដី​ចំនួន ៤​ជាន់​សម្រាប់​ធ្វើជា​ចំណត ព្រមទាំង​មាន​ទីតាំងនៅ​លើដំបូល​អ​គារ​សម្រាប់​ឧទ្ធម្ភាគចក្រ​ធ្វើការ​ចុះចត​។

សូមជម្រាបជូនថា គម្រោង​សំណង់​អគារ FTB Tower គ្រោង​នឹង​ប្រើ​រយៈពេល​ជិត​ ៣​ឆ្នាំ​ ដើម្បី​បញ្ចប់​ការសាងសង់ ហើយ​អគារ​នេះ​នឹង​ក្លាយជា​ទីស្នាក់ការ​កណ្តាល​ថ្មី​របស់​ធនាគារ​FTB ហើយក៏​នឹង​ក្លាយជា​មជ្ឈមណ្ឌល​សំខាន់​ក្នុងការ​បង្កើត និង​ការពង្រីក​ផលិតផល និង​សេវាកម្ម​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ខ្ពស់​របស់​ធនាគារ​ផងដែរ​៕

148 Shares