សម្តេចតេជោ ហ៊ុន សែន៖ ដោយសារសកម្មភាពរបស់មនុស្សធ្វើឱ្យប៉ះពាល់ជាអវិជ្ជមានដល់ប្រភព និងគុណភាពទឹក

សង្គម​និង​សេដ្ឋកិច្ច

កម្ពុជា បានបង្ហាញនូវភាពប្រឈមមួយចំនួន ដែលបង្កវិនាសកម្មដល់ធនធានទឹក។ ក្នុងន័យនេះសម្តេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា ធនធាននេះពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែកម្រទៅៗ ដោយសារសកម្មភាពរបស់មនុស្សធ្វើឱ្យប៉ះពាល់ជាអវិជ្ជមានដល់ប្រភព និងគុណភាពទឹក, ការប្រែប្រួលអាកាសធាតុ, គ្រោះទឹកជំនន់ និងភាពរាំងស្ងួត, ការកើនឡើងចំនួនប្រជាជន និងការបន្តរីកចម្រើនយ៉ាងឆាប់រហ័ស ដែលបាននិងកំពុងបន្តដាក់សម្ពាធដល់ធនធានទឹក និងប្រព័ន្ធអេកូឡូស៊ីដែលទ្រទ្រង់ប្រភពទឹក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងកិច្ចប្រជុំកំពូលលើកទី៤ ស្តីពីបញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលធ្វើឡើងនៅទីក្រុងខឹម៉ាមុតុ ប្រទេសជប៉ុន នៅព្រឹកថ្ងៃសៅរ៍ ទី២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ទឹក គឺជាធនធានដ៏មានសារសំខាន់សម្រាប់ការអភិវឌ្ឍ និងការរស់នៅប្រកបដោយគុណភាព។

សម្តេចតេជោ ថ្លែងថា កម្ពុជា ចាត់ទុកទឹកជា «មាស-ស» ដែលជាកម្លាំងចលករជំរុញការអភិវឌ្ឍ និងវឌ្ឍនភាពសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព និងបរិយាបន្ន។ មិនតែប៉ុណ្ណោះរាជរដ្ឋាភិបាលកម្ពុជា តែងទទួលស្គាល់អំពីសារសំខាន់ជាយុទ្ធសាស្ត្រ និងផ្តល់អាទិភាពខ្ពស់ចំពោះវិស័យធនធានទឹក សំដៅជំរុញការគ្រប់គ្រងធនធានទឹកឱ្យកាន់តែប្រសើរធានាបាននូវសន្តិសុខទឹកក្នុងក្របខណ្ឌទូទាំងប្រទេស។

ជុំវិញបញ្ហាទឹកនេះ ប្រមុខរដ្ឋរដ្ឋាភិបាលក៏បានបង្ហាញនូវជំហររបស់កម្ពុជាក្នុងកិច្ចប្រជុំនោះដែរថា កម្ពុជា នឹងបន្តកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធក្រោមយន្តការតំបន់ និងសកល ដើម្បីពង្រឹង និងលើកកម្ពស់អភិបាលកិច្ច និងការគ្រប់គ្រងធនធានទឹកនិងអាងទន្លេឆ្លងដែន ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ក្នុងការឈានទៅសម្រេចគោលដៅ «ទឹកដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព»។

បញ្ហាដដែលនេះ សម្តេចនាយករដ្ឋមន្ត្រី បានចែករំលែកទស្សនទានចំនួន៤ ដើម្បីដោះស្រាយបញ្ហាប្រឈមនាំដល់វិនាសសកម្មធនធានទឹក និងដើម្បីគ្រប់គ្រងឱ្យបានប្រកបដោយចីរភាពសម្រាប់បច្ចុប្បន្ន និងទៅអនាគត។

១៖ បន្តជំរុញការអភិវឌ្ឍនិងសមាហរណកម្ម បណ្ដាញហេដ្ឋារចនាសម្ព័ន្ធ សំដៅគាំទ្រដល់ការគ្រប់គ្រងធនធានទឹក ទាំងក្នុងប្រទេស តំបន់ និងសកលលោក។
២៖ បន្តជំរុញការអភិវឌ្ឍសកម្មភាពសង្គម-សេដ្ឋកិច្ច ប្រកបដោយការទទួលខុសត្រូវ និងការគាំទ្រដល់ការអភិវឌ្ឍបៃតង,ជាពិសេស សម្រាប់វិស័យកសិកម្មដែលជាវិស័យប្រើប្រាស់ទឹកច្រើន។
៣៖ ជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើផ្នែកឌីជីថលរបស់យើង ដើម្បីចាប់យកវឌ្ឍន-ភាពនៃការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល ក្នុងការប្រើប្រាស់ និងការគ្រប់គ្រងទឹក ប្រកបដោយប្រសិទ្ធ-ភាព និងប្រសិទ្ធផល។
៤៖ ការបន្តគាំទ្រដល់កម្មវិធី គំនិតផ្ដួចផ្តើម និងសកម្មភាពនានា គាំទ្រដល់ការលើកកម្ពស់ចីរភាពសង្គមក្នុងការប្រើប្រាស់ និងការគ្រប់គ្រងទឹក សំដៅធានាឱ្យបានថា ប្រជាជនសកលលោកគ្រប់រូបទទួលបានទឹកមកប្រើប្រាស់ តាមតម្រូវការ៕