ជំនួប​នាយករដ្ឋមន្រ្តី​កម្ពុជា​ឡាវ​នៅ​ជប៉ុន បានលើក​​ពី​ផែនការ​សាងសង់ស្ពាន​ឆ្លង​កាត់ទន្លេ

សង្គម​និង​សេដ្ឋកិច្ច

ប្រមុខ​ដឹកនាំ​ប្រទេស​កម្ពុជា​និង​ឡាវបាន​ជួបពិភាក្សា​គ្នា​ មុនកិច្ចប្រជុំកំពូលស្ដីអំពីបញ្ហាទឹកតំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី៤ នៅទីក្រុងកូម៉ាម៉ូតូ ប្រទេសជប៉ុន​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុង​ជំនួប​នោះ​ នាយករដ្ឋមន្ត្រីឡាវ លោក ផនខាំ វីផាវ៉ាន់ បានលើក​ស្នើ​ពី​គម្រោង​សាងសង់ស្ពានតភ្ជាប់រវាងប្រទេស​​ទាំងពីរ ដែល​នឹង​បង្កើត​ទំនាក់ទំនង ផ្តល់ប្រយោជន៍​គ្នា​ទៅវិញ​ទៅ​មក​។ បើ​តាម​ប្រមុខ​ថ្នាក់​ដឹកនាំ​ឡាវ ទាក់ទងនឹងគម្រោង​សាងសង់ស្ពាននេះក៏​នឹង​រង់ចាំការពិភាក្សាជាមួយ​រដ្ឋមន្ត្រីក្រសួងសាធារណការឡាវ មុន​ឈាន​នឹង​សម្រេច​ជាមួយ​ភាគី​កម្ពុជា​ក្នុង​ការ​ស្ថាបនា​ស្ពាន​នេះ​ឡើង​។

សម្ដេចតេជោ ហ៊ុន សែន​ នាយក​រដ្ឋមន្រ្តី​កម្ពុជា​មានប្រសាសន៍ថា វាជារឿងដ៏ល្អបំផុត​តាម​រយៈ​មាន​ស្ពាន​ត​ភ្ជាប់​គ្នា ដើម្បី​ផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែមានភាពល្អប្រសើរឡើង។

ទាក់ទងគម្រោង​សាងសង់ស្ពាន​នេះដែរ​ កន្លងទៅ​​អភិ​​បាល​ខេត្តព្រះវិហារ​និង​​អភិបាលខេត្ត​ចំប៉ា​សាក់​របស់​ឡាវ បាន​ចុះទៅពិនិត្យ​ទីតាំង​សង់ស្ពាន​ឆ្លងទន្លេ​ល្ពៅ។ បើ​តាម​ប្រភព​ពី​អាជ្ញាធរ​ខេត្តព្រះវិហារ គម្រោងសាងសង់​​ស្ពានឆ្លងប្រទេសនេះ មានទីតាំង​ស្ថិតក្នុងឃុំកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ ជាប់ព្រំប្រទល់ ខេត្តចំប៉ាសាក់ ប្រទេស​ឡាវ។ ​

ស្ពាន​ដែល​គ្រោងសាងសង់នេះមានប្រវែងជាង ១០០ ម៉ែត្រ ទទឹងជាង ១០ ម៉ែត្រ៕