សម្ដេចតេជោ ហ៊ុន សែន ជួបពិភាក្សាជាមួយក្រុមហ៊ុនជប៉ុននាំចូលរថយន្តមកកាន់កម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជួបពិភាក្សាការងារជាមួយលោក Yogo KANDA អ្នកចាត់ការទូទៅនៃក្រុមហ៊ុន មីតស៊ូប៊ីស៊ីនៅភ្នំពេញ និងជាប្រធានសមាគមធុរកិច្ចជប៉ុនប្រចាំកម្ពុជា នៅរសៀលថ្ងៃទី២៣ ខែមេសានេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងជំនួបនេះលោក Yogo KANDA បានលើកឡើងអំពីសកម្មភាពរបស់ក្រុមហ៊ុនរបស់លោកនៅក្នុងប្រទេសកម្ពុជា ជាពិសេសលោកមានក្រុមហ៊ុនចំនួន៣ ដែលបំបែកចេញពីក្រុមហ៊ុនធំរបស់គាត់ ដែលទីមួយគឺក្រុមហ៊ុន​MITSUBISHI Corporation ដែលជាក្រុមហ៊ុនមួយគ្រប់គ្រងការផលិត និងដឹកជញ្ជូន ផលិតផលកាត់ដេរ ពីប្រទេសកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ និងទី២ គឺក្រុមហ៊ុន ដែលនាំចូលនូវរថយន្តមកកាន់ទីផ្សារកម្ពុជា និងទី៣ ជាក្រុមហ៊ុនលក់តំឡើង និងជួសជុល ថែទាំជណ្ដើរយន្ត។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុនសែន ពិតជារីករាយដែលបានជួបជាមួយនឹងក្រុមហ៊ុនរបស់ប្រទេសជប៉ុន ។ សម្ដេចតេជោបានចាត់ទុកថា ការិយាល័យរបស់ក្រុមហ៊ុនមីតស៊ុប៊ីស៊ីដែលបានបើកនៅប្រទេសកម្ពុជាក្នុងឆ្នាំ១៩៩៧ ដែលពេលនេះមានរយៈពេល២៥ ឆ្នាំហើយ ដែលមានភាពចាស់ទុំ ហើយអ្វីដែលសំខាន់គឺមានការផ្លាស់ប្ដូរកាន់តែប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

សម្ដេចតេជោ មានប្រសាសន៍ថា អ្វីដែលទីផ្សារកម្ពុជាត្រូវការក៏មានដូចជារថយន្ត ដូចជាជណ្តើរយន្តនេះផងដែរ ដែលក្រុមហ៊ុនកំពុងតែវិនិយោគសព្វថ្ងៃ។

ជាមួយគ្នានោះសម្តេចតេជោក៏ចង់ឃើញពីការនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិផងដែរ ជាពិសេសដូចជាផលិតផលកាត់ដេរជាដើមនោះ។

ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ពិតជារីករាយដែលសមាគមធុរកិច្ចជប៉ុនប្រចាំនៅកម្ពុជា មានកិច្ចប្រជុំជាទៀងទាត់ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ក្នុងមួយឆ្នាំ២ដង។

ទន្ទឹមនឹងនោះ សម្ដេចតេជោ ហ៊ុន សែន បានជំរុញបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបន្ថែមទៀត ជាពិសេសធ្វើយ៉ាងណាជំរុញការនាំចេញវិស័យកាត់ដេរឲ្យបានកាន់តែច្រើនទៅទីផ្សារអន្តរជាតិ ជាពិសេសទីផ្សាររបស់ប្រទេសជប៉ុននោះ៕