ក្រសួងសាធារណការ រកឃើញផ្នែកខ្លះនៃផ្លូវជាតិលេខ២ និង២២ មិនមានគុណភាព

សង្គម​និង​សេដ្ឋកិច្ច

ក្រសួងសាធារណការ និងដឹកជញ្ជូន រកឃើញផ្នែកខ្លះនៃផ្លូវជាតិលេខ២ និង២២ មិនមានគុណភាពស្របតាមស្តង់ដារបច្ចេកទេសនោះទេ។ ក្រសួងបានដាក់កំហិតឱ្យក្រុមហ៊ុនសាងសង់ពិនិត្យ និងកែតម្រូវឡើងវិញឱ្យបានត្រឹមត្រូវតាមសៀវភៅកិច្ចសន្យា ទើបក្រសួងអាចទទួលយកបាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននាឱកាសដឹកនាំក្រុមការងារបច្ចេកទេសក្រសួងចុះពិនិត្យវឌ្ឍនភាពការងារគម្រោងសាងសង់ពង្រីក និងលើកកម្ពស់គុណភាពផ្លូវជាតិលេខ២ និង២២ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន គូសបញ្ជាក់ថា៖ ក្រុមហ៊ុនសាងសង់មិនមានគ្រឿងចក្រនិងកម្លាំងពលកម្មគ្រប់គ្រាន់ ជាមូលហេតុដែលនាំឱ្យការសាងសង់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ មិនអាចបញ្ចប់តាមកិច្ចសន្យាកំណត់ មិនមែនបណ្តាលមកពីបញ្ហាជំងឺកូវីដ-១៩ ដូចការអះអាងរបស់ក្រុមហ៊ុននោះទេ និងបានបញ្ជាក់ពីគោលជំហរក្នុងការពង្រឹងការគ្រប់គ្រងលើការសាងសង់ឱ្យបានម៉ឺងម៉ាត ដើម្បីធានាគុណភាពផ្លូវនេះជាប់បានយូរ។

ក្រោយធ្វើតេស្តរកឃើញភាពមិនប្រក្រតី លោកទេសរដ្ឋមន្ត្រី បានពន្យារពេលពេលវេលាឱ្យក្រុមហ៊ុនសាងសង់រហូតដល់ខែសីហា ឆ្នាំ២០២២ ដើម្បីបញ្ចប់ការងាររបស់ខ្លួនជាស្ថាពរ និងបានជំរុញឱ្យក្រុមការងារបច្ចេកទេសពាក់ព័ន្ធធ្វើតេស្តគុណភាពឱ្យបានច្រើនកន្លែងថែមទៀតចាប់ពីដើមទីរហូតដល់ចប់ ដើម្បីបញ្ជាក់ឱ្យដឹងថាផ្លូវនេះគ្មានគុណភាពតាមអ្វីដែលក្រសួងចង់បាន។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី ក៏បានស្នើឱ្យបងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរនៅតាមដងផ្លូវនេះ មានការអធ្យបាស្រ័យចំពោះការអូសបន្លាយ ពេលយូរចំពោះការសាងសង់ផ្លូវនេះផងដែរ។

យោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន វឌ្ឍនភាពការងារនៃគម្រោងសាងសង់ពង្រីក និងលើកកម្ពស់គុណភាពផ្លូវជាតិលេខ២ និង ២២ គិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ សម្រេចលទ្ធផលការងារបាន៧៦,២០%។

សូមជម្រាបជូនថា គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២នេះ បានបើកការដ្ឋានសាងសង់ កាលពីខែកុម្ភៈ ឆ្នាំ២០២០ មានប្រវែងសរុប ៧២,១៧ គីឡូម៉ែត្រ ដែលក្នុងនោះកំណាត់ផ្លូវជាតិលេខ២ ចាប់ពីរង្វង់មូលតាខ្មៅដល់អូរចំបក់ មានប្រវែង ៦២,៥៦ គីឡូម៉ែត្រ និងផ្លូវជាតិលេខ២២ ពីអូរចំបក់ ដល់អង្គតាសោម មានប្រវែង ៩,៦១គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្តខេត្តតាកែវ។

គម្រោងនេះគ្រោងចំណាយថវិកា ៥៦,១ លានដុល្លាសហរដ្ឋអាមេរិក ដែលជាហិរញ្ញប្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សាងសង់ដោយក្រុមហ៊ុនHasan Engineering & Constructions Co., Ltd និងត្រួតពិនិត្យបច្ចេកទេសដោយសម្ព័ន្ធក្រុមហ៊ុន Dasan Constructions Co., Ltd, Dong II Engineering Consultants Co., Ltd និង Seoyoung Engineering Co., Ltd Join Venture គ្រោងចំណាយពេលសាងសង់ ៣០ខែ គិតចាប់ពីចុងឆ្នាំ២០១៩។

ក្រោយបញ្ចប់គម្រោងជាស្ថាពរ ក្រសួងសាធារណការរំពឹងថា ផ្លូវនេះនឹងជួយលើកកម្ពស់ប្រសិទ្ធភាពនៃការធ្វើដំណើរ និងប្រព័ន្ធ ភស្តុភារកម្មរបស់កម្ពុជា សម្រួលដល់ការដឹកជញ្ជូនផលិតផល ដំណាំកសិផល និងកសិ-ឧស្សាហកម្ម របស់ក្រុមហ៊ុនវិនិយោគ និងបងប្អូនប្រជាពលរដ្ឋ មកពីគ្រប់តំបន់នៅទូទាំងប្រទេសទៅកាន់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ៕