ការពាក់ម៉ាស់ធ្វើឲ្យពលរដ្ឋកម្ពុជាចំណាយប្រមាណ ៣ម៉ឺនដុល្លារ ក្នុង១ថ្ងៃ

សង្គម​និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន មានប្រសាន៍ថា នៅថ្ងៃខាងមុខ យើងនឹងដកចេញនូវវិធានការពាក់ម៉ាស់ នៅតាមទីសាធារណៈ ប៉ុន្តែរក្សាគម្លាត និងលាងដៃ ដែលសម្តេចបានព្យាករណ៍ថា ការពាក់ម៉ាស់ធ្វើឱ្យពលរដ្ឋកម្ពុជាចំណាយប្រមាណ៣ម៉ឺនដុល្លារ ក្នុង១ថ្ងៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងក្នុងពិធីទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអ៉ីតាលីជាង ១លានដូស នាព្រឹកថ្ងៃចន្ទ ទី២៥ ខែមេសានេះ មានប្រសាសន៍ថា៖ “យើងមិនត្រូវមើលឃើញតែបញ្ហាសុខភាពមួយមុខនោះទេ ប៉ុន្តែមើលឱ្យឃើញផងដែរនូវសេដ្ឋកិច្ចសង្គម។ ការពាក់ម៉ាស់គឺជាការតម្រូវឱ្យពលរដ្ឋយើងចំណាយយ៉ាងធំ”

ទន្ទឹមនឹងនោះ សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានណែនាំឱ្យឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធ មុនីរ័ត្ន និងរដ្ឋមន្រ្តីក្រសួងសុខាភិបាល ម៉ម ប៊ុនហេង ដឹកនាំកិច្ចប្រជុំ លើការដកចេញនូវកាតព្វកិច្ចពាក់ម៉ាស់ នៅតាមទីធ្លាសាធារណៈ ក៏ប៉ុន្តែតម្រូវឱ្យពាក់ម៉ាស់នៅតាមទីកន្លែងដែលបិទជិត។

សម្តេចតេជោ បានគូសបញ្ជ​ាក់ថា ការដកវិធានការពាក់ម៉ាស់នៅទីសាធារណៈ នឹងត្រូវរង់ចាំកិច្ចប្រជុំពិសេសនៅថ្ងៃនេះសិន ដែលដឹកនាំដោយឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន និងរដ្ឋមន្រ្តីក្រសួងសុខាភិបាល ដើម្បីដកចេញកាតព្វកិច្ចសុខាភិបាលក្នុងខេត្ត ឬតំបន់មួយចំនួន ប៉ុន្តែការដកចេញនេះ នឹងទុកឱ្យពលរដ្ឋជាអ្នកជ្រើសរើសថាត្រូវពាក់ម៉ាស់ ឬមិនពាក់ម៉ាស់។

បើតាមសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃនេះកម្ពុជាមានអត្រាឆ្លងត្រឹមតែ១២ករណីតែប៉ុណ្ណោះ ដែលអត្រាឆ្លងនេះមានកម្រិតទាបណាស់ ចាប់តាំងពីក្រោយបុណ្យចូលឆ្នាំគឺនៅក្រោម២០នាក់រហូតមក៕