សហគ្រាស​​ផលិត​ទឹក​សុទ្ធ​ធំ​ពីរ​កន្លែង​​ មាន​ប្រភព​ពី​ស្រុក​បន្ទាយ​ស្រី កំពុង​សាងកេរ្តិ៍ឈ្មោះ​

សង្គម​និង​សេដ្ឋកិច្ច

ស្រុក​បន្ទាយស្រី​នៃ​ខេត្ត​សៀមរាប ក្រៅ​ពី​ជា​តំបន់​ទេសចរណ៍​​សំបូរ​សំណង់ប្រាសាទ​អាយុ​រាប់​ពាន់​ឆ្នាំ​ ស្រុក​ដែល​មាន​ចម្ងាយ​ជាង ២០គីឡូម៉ែត្រ​ពី​ក្រុង​សៀមរាប​នេះ ក៏​មាន​សហគ្រាស​ផលិត​ទឹក​សុទ្ធ​ធំ​ៗចំនួន​ពីរ​កន្លែង​ ដែល​កំពុង​ធ្វើ​អាជីវកម្ម​ផលិត​ទឹក​សុទ្ធ​ពី​រ៉ែ​ធម្មជាតិ​ មាន​ការ​ទទួល​ស្គាល់​លើ​ទីផ្សារ​ ហើយ​​មាន​ការ​ចែកចាយ​ទូទាំងប្រទេស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សហគ្រាសផលិតទឹកបរិសុទ្ធទាំង ២នោះរួមមាន៖

១/ ក្រុមហ៊ុន​ផលិត​ទឹក​រ៉ែ​ធម្មជាតិ អ៊ីលែន

រោងចក្រ​ផលិត​ទឹក​បរិសុទ្ធអ៊ីលែន​ក្បែរ​ជើង​ភ្នំគូលែន​ក្នុង​ស្រុក​បន្ទាយស្រី

ក្រុមហ៊ុន​ផលិត​ទឹក​សុទ្ធ​នេះ​មាន​ទីតាំង​ស្ថិត​នៅ​ជើង​ភ្នំ​គូលែន ក្នុង​ស្រុក​បន្ទាយស្រី​ខេត្ត​សៀមរាប។ ក្រោយ​ចំណាយ​ពេល​សិក្សា​រាប់សិប​ឆ្នាំ ក្រុមហ៊ុន​ផលិតទឹក​សុទ្ធ​អ៊ីលែន​ ​បាន​រក​ឃើញ​ប្រភព​ទឹក​ដែល​មាន​កម្រិត Ph រហូត​ដល់​ ៨.២ ពីភ្នំគូលេន ដើម្បី​ផលិត​ទឹកសុទ្ធ​ដែល​មាន​គុណភាព​ខ្ពស់​ចែកចាយ​នៅ​លើ​ទីផ្សារ។

​ទឹក​បរិសុទ្ធអ៊ីលែន ក៏​មានផ្ទុក​សារធាតុ​​កាល់ស្យូម, ភ្លុយអរ, ប៉ូតាស្យូម និង​ម៉ាញ៉េ​ស្យូម ដែល​ធ្វើ​ឲ្យ​អ្នក​ពិសា​ទទួល​បាន​សុខភាព​ល្អ ការ​អភិវឌ្ឍន៍​ឆ្អឹង ធ្មេញ​រឹងមាំ និង​ជួយ​សម្រួល​ដល់​សម្ពាធ​ឈាម​ឲ្យ​ដើរ​បាន​ស្រួល​ផង​ដែរ។

ទឺកអូគូលែន

២/សហគ្រាស អូគូលែន

សហគ្រាស​ផលិត​ទឹក​សុទ្ធ​ អូគូលែន ដែលមានទីតាំង​នៅស្រុក​បន្ទាយស្រី​ដែរ​នោះ ក៏​កំពុង​សាង​ស្លាក​យីហោ​យ៉ាង​ល្បីល្បាយ​ក្លាយ​ជា​ម៉ាក​ពេញនិយម​បំផុត​នៅ​ក្នុង​ស្រុក​ ជាពិសេស​ស្រទាប់​ពលរដ្ឋ​មានជីវភាព​កម្រិត​ខ្ពស់។

ទឹក​បរិសុទ្ធ​អូគូឡែន មាន​គុណភាព​មិនចាញ់​ទឹកបរិសុទ្ធនាំចូលម៉ាក​​ថ្លៃៗ​​នោះ​ទេ។ អូគូលែន ផលិតឡើង​ពី​ទឹករ៉ែធម្មជាតិសុទ្ធសាធ ដែលបានយកចេញពីក្រោមថ្មយ៉ាងជ្រៅ ជម្រៅ​យ៉ាង​ហោច​ណាស់​៨០ម៉ែត្រនៃជើងភ្នំគូលែន។

ទឹក​បរិសុទ្ធ​អូគូលែន​ក៏​ជា​ផលិតផល​ ជា​ទី​មោទនភាព​មួយ​របស់​ស្រុក​បន្ទាយស្រី ដែល​ត្រូវ​បាន​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន Kulara Water មាន​ទីតាំង​ផលិត​នៅ​ភូមិ​ត្បែង​កើត ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្ត​សៀមរាប៕