ពាណិជ្ជករ​កម្ពុជា​និង​ជប៉ុន​ជាង ៥០ ក្រុមហ៊ុន ​ជួប​គ្នា​ដើម្បី​ស្វែង​រក​ឱកាស​វិនិយោគ

សង្គម​និង​សេដ្ឋកិច្ច

ពាណិជ្ជករ​កម្ពុជា​និង​ជប៉ុន​ដែល​សរុប​មាន​ជាង ៥០ ក្រុមហ៊ុន​បាន​ជួបប្រជុំ​​គ្នា ដើម្បីស្វែង​រក​ឱកាស​វិនិយោគទៅវិញទៅមក។ វេទិការ​ជួបជុំ​គ្នានេះ​រៀបចំ​ឡើង​ដោយ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ដោយ​សហការជាមួយសមាគមជប៉ុនកម្ពុជា (JCA)។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកអ៉ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដាភីអិលស៊ី មានប្រសាសន៍ថា​ ខាងសមាគម​ជប៉ុន​កម្ពុជា ​ដែលមាន​លោក​តាកាហាស៊ី​ ដែលជា​អតីត​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​ជា​ប្រធាន​ បាន​នាំ​ក្រុមហ៊ុន​ចំនួន​ ២៤​ មក​ស្វែងរក​ដៃគូ​ធ្វើ​ពាណិជ្ជកម្ម​ជា​ដែលមាន​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅឋាន ផ្នែក​សុខាភិបាល ការនាំចេញ​នាំចូល សេវាកម្ម វិស័យ​កាត់ដេរ បច្ចេកវិទ្យា​និង​កសិកម្ម​។​

​ចំណែក​ធនាគារ​អេ​ស៊ី​ដា​ បាន​ណែនាំ​ក្រុមហ៊ុន​ចំនួន​ ២៩ ​ដែល​វិនិយោគ​ប្រហាក់ប្រហែល​ទៅនឹង​ខាង​ក្រុមហ៊ុន​ជប៉ុន​ដែរ​ ដើម្បី​ងាយស្រួល​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម​ជាមួយគ្នា​។

​លោ​ក​ អ៊ិន ចាន់នី​បាន​បន្តទៀតថា ​វេទិកា​នេះ​មាន​សារៈសំខាន់​ណាស់ ​ដោយសារ​​រាជរដ្ឋាភិបាល​កម្ពុជា​បាន​គ្រប់គ្រង​ជំងឺ​កូ​វីដ​១៩ ​បានល្អ​ ដែល​ធ្វើ​ឲ្យ​​អ្នក​​វិនិយោគិន​ជប៉ុន​ជ្រើសរើស​វេលា​នៅក្នុង​ខែមេសា​ធ្វើដំណើរ​​មក​កម្ពុជា​ដើម្បី​ស្វែងរក​ដៃគូ​ពាណិជ្ជកម្ម​​។

​លោក​ក៏​ស្វាគមន៍​សមាគម​ក​ពី​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​ ដែលមាន​ការចាប់អារម្មណ៍​ហើយ​ធនាគារ​នឹង​ជួយ​រៀបចំ​វេទិកា​ដើម្បីឱ្យ​វិនិយោគិន​ប្រទេស​ទាំងសងខាង​បាន​ជួបជុំគ្នា ​បង្ហាញ​ឱកាស​វិនិយោគ​ខណៈ​កន្លងមក​ធនាគារ​ធ្លាប់​បានធ្វើ​ជាមួយ​កូរ៉េខាងត្បូង​ផងដែរ​។

គួរ​បញ្ជាក់ថានេះ​ជា​លើក​ទីពីរ​ដែល​ធនាគារ​អេស៊ីលីដា​ភីអិលស៊ី​ បាន​រៀបចំ​វេទិកា​រវាង​ពាណិជ្ជករ​ជប៉ុន​និង​កម្ពុជា ជួប​គ្នា​ដើម្បី​ស្វែង​រក​ឱកាស​វិនិយោគ។ កាលពី​ឆ្នាំ​២០១៩ ជំនួប​​ពាណិជ្ជករ​ភាគ​ទុនិក​ជប៉ុន​ជាង​១០០​ នាក់ ដើម្បី​ស្វែងរក​វិធីសាស្ត្រ​ថ្មីៗ​បន្ថែម​ទាក់ទិន​នឹង​ការធ្វើ​ប្រតិបត្តិការ​ និង​ផ្តល់​សេវាកម្ម​ផ្សេងៗ​របស់​ធនាគារ​ជួន​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​៕​