ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី​ក្រសួង​សាធារណការ​ សាក​ថ្ម​មួយ​ពេញ​ប្រើ​ពេល​ត្រឹម ១៥ នាទី​

សង្គម​និង​សេដ្ឋកិច្ច

ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​បាន​ដាក់​សម្ពោធ​ជា​ផ្លូវការ​ស្ថានីយ​បញ្ចូល​ថាមពល​អគ្គិសនី​ទី​ពីរ​ដែល​មាន​ទីតាំង​នៅ​ផ្សារ​ទំនើប ហ្វូរី ថាម សឃ្វែរ ម៉ល ខេត្តព្រះសីហនុ។ បើ​តាម​មន្រ្តី​នៃ​អគ្គនាយក​ដ្ឋាន​ដឹក​ជញ្ជូន​នៃ​ក្រសួង​សាធារណការ ស្ថានីយ​បញ្ចូល​ថាមពលយានយន្តអគ្គិសនី​នេះ មាន​សមត្ថភាព​ខ្ពស់ សាក​មួយ​ពេញ​ប្រើ​ពេល​ត្រឹម ១៥ នាទី ទៅ ៣០ នាទី​ប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ឈួន វ៉ន់ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ដឹក​ជញ្ជូន​ផ្លូវ​គោកបាន​ឲ្យ​ដឹង​ថា ស្ថានីយ​បញ្ចូល​ថាមពល​អគ្គិសនី​នៅផ្សារទំនើប ហ្វូរី ថាម សឃ្វែរ ម៉ល ខេត្តព្រះសីហនុ ជា​ស្ថានីយ​ទី​ពីរ​បន្ទាប់​ពី​ស្ថានីយ​ទី​មួយ​ដែល​បាន​សម្ពោធ​នៅ​ក្រសួង​សាធារណការ​។

ស្ថានីយ​ដែល​ក្រសួង​សម្ពោធ​ឲ្យ​ប្រើប្រាស់​នេះ​ បំពាក់​កម្លាំង​ថាមពល ១៥០ អំពែ ដែល​អាច​សាក​ថ្ម​មួយ​ពេញ​ចំណាយ​ពេល​ត្រឹម ១៥ នាទី ទៅ កន្លះ​ម៉ោង​ប៉ុណ្ណោះ។

រដ្ឋមន្រ្តី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ កំពុង​ជំរុញ​ការ​ប្រើប្រាស់​រថយន្ត​ប្រើប្រាស់​អគ្គិសនី និង​ដោយ​មានការ​គាំទ្រ​ពី UNDP លើ​ការ​បំពាក់​ស្ថានីយ​អគ្គិសនី​ដើម្បី​សម្រួល​ការ​ប្រើប្រាស់​រថយន្ត​អគ្គិសនី​នៅ​​កម្ពុជា។ លោក​រដ្ឋមន្រ្តី ស៊ុន ចាន់ថុល បាន​បង្ហាញជំនឿយ៉ាងមុតមាំថា ការប្រើប្រាស់យានយន្ដ ម៉ូតូ និង​ម៉ូតូកង់បី​ដើរដោយ​ថាមពល​អគ្គិសនី នឹង​មានការកើនឡើងច្រើន​នៅក្នុងពេលអនាគត នៅពេល​ដែលហេដ្ឋារចនាសម្ព័ន្ធ​បញ្ចូលថាមពលអគ្គិសនី​ត្រូវបានដំឡើង​យ៉ាងទូលំទូលាយនៅទូទាំងប្រទេស ហើយ​ប្រជាពលរដ្ឋ​កម្ពុជា​មានការយល់ដឹងច្រើន​អំពីអត្ថប្រយោជន៍​ផ្ទាល់ខ្លួនលើការ​ប្រើប្រាស់យានយន្ដអគ្គិសនី។

បើតាម​លោក​រដ្ឋមន្រ្តី ដើម្បីជំរុញឱ្យមានការ​ប្រើប្រាស់យានយន្តអគ្គិសនីបន្ថែមទៀត ក្រសួងបានធ្វើការជាមួយក្រុមហ៊ុន Energy Lab និង​ក្រុមហ៊ុនGIZ ដើម្បីដាក់តាំងបង្ហាញយានយន្ត និងម៉ូតូអគ្គិសនីនៅចំណតយានយន្តទីស្ដីការក្រសួង និង​បាន​បើកសម្ពោធ​ឱ្យប្រើប្រាស់ស្ថានីយសាកថ្មយានយន្តអគ្គិសនីលើកដំបូង ដែល​ផ្ដល់ដោយអង្គការ UNDP នៅទីស្តីការក្រសួងនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ និង​បាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ស្ថានីយសាកថ្មយានយន្តអគ្គិសនីលើកទី ២ ដែលផ្ដល់ដោយអង្គការ UNDP នៅក្នុងក្រុងព្រះសីហនុ​នៅព្រឹកនេះ៕