សម្ដេចតេជោ ហ៊ុន សែន លើកទឹកចិត្តឲ្យកងទ័ពកម្ពុជា ជប៉ុន រួមគ្នាទប់ស្កាត់អំពើភេរវកម្ម

សង្គម​និង​សេដ្ឋកិច្ច

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យកងទ័ពកម្ពុជា និងជប៉ុន បន្តកិច្ចសហប្រតិបត្តិការយកចិត្តទុកដាក់ជាពិសេសលើការហ្វឹកហ្វឺនរួមគ្នា ក្នុងការសង្គ្រោះបន្ទាន់ពីគ្រោះមហន្តរាយ និងទប់ស្កាត់អំពើភេរវកម្ម។ សម្តេចលើកឡើងយ៉ាងដូច្នេះ ក្នុងពេលជួបពិភាក្សាការងារជាមួយអគ្គសេនាធិការចម្រុះកងទ័ពស្វ័យការពារជប៉ុន លោក យ៉ាម៉ាហ្សាគី កូជី (Yamazaki Koji) នៅព្រឹកថ្ងៃទី២៩ ខែមេសានេះ នាវិមានសន្តិភាព។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន សំដែងនូវការគាំទ្រចំពោះកិច្ចពិភាក្សារបស់លោក យ៉ាម៉ាហ្សាគឺ កូជី ជាមួយលោក វង្ស ពិសេន និងលោក ហ៊ុន ម៉ាណែត និងចំពោះអ្វីដែលបានលើកឡើងក្នុងកិច្ចជំនួបនោះ។

លោក យ៉ាម៉ាហ្សាគី កូជី (Yamazaki Koji) អគ្គសេនាធិការចម្រុះកងទ័ពស្វ័យការពារនៃប្រទេសជប៉ុន បានលើកឡើងកោតសរសើរកម្ពុជាដែលបានបញ្ជូនកងរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ទៅទូទាំងពិភពលោក។ លោកប្រាប់សម្តេចតេជោថា ដំណើរទស្សនកិច្ចរបស់លោកមកកាន់កម្ពុជានាពេលនេះ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យការពារជាតិស្របទៅតាមសេចក្តីប្រកាសរួមរបស់ថ្នាក់ដឹកនាំកំពូលទាំងពីរកន្លងមក។

សូមជម្រាបជូនថា ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា រយៈពេល ២ថ្ងៃលោក យ៉ាម៉ាហ្សាគី បានជួបពិភាក្សាការងារជាមួយលោក វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងលោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ដោយបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរយៈពេលវែងលើវិស័យការពារជាតិ ផ្ដោតការយកចិត្តទុកដាក់លើការហ្វឹកហ្វឺនសមយុទ្ធសម្រាប់ជំនួយមនុស្សធម៌ សង្គ្រោះបន្ទាន់ពីគ្រោះមហន្តរាយ និងទប់ស្កាត់អំពីអំពើភេរវកម្មផង និងឈានឆ្ពោះទៅទទួលបានឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហផងដែរ៕