ក្នុងមួយឆ្នាំៗ ក្រុមហ៊ុនCP ប្រមូល​ទិញ​​ផលិតផលពី​​កសិករខ្មែរ​​​​ប្រមាណ​៤​សែន​តោន​​​​

សង្គម​និង​សេដ្ឋកិច្ច

ក្រុមហ៊ុនCP បានបញ្ជាទិញផលិតផលពីកសិករខ្មែរប្រមាណចំនួន៤សែនតោន​ក្នុងមួយឆ្នាំៗ សម្រាប់​​យកទៅកែច្នៃជា​ផលិត​ផលរបស់ក្រុមហ៊ុន។ នេះបើតាមការបញ្ជាក់របស់លោក Preeda Chunwong អគ្គនាយករងក្រុមហ៊ុនCP នៅកម្ពុជា ក្នុង​ជំនួបសម្តែង​ការគួរសមជាមួយលោក អ៉ិត សំហេង រដ្ឋមន្ត្រី​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ នៅទីស្តីការ​ក្រសួងការងារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកអគ្គនាយករងក្រុមហ៊ុន បន្តថា ក្រុមហ៊ុនCP មានវត្តមាន​នៅក្នុងប្រទេសកម្ពុជា ចំនួន ២៦ឆ្នាំ​មកហើយ ដំណើរ​ការដ៏ជោគជ័យនេះ ក៏ដោយសារ​បានទទួលការ​ជួយជ្រោម​ជ្រែងពី​រាជរដ្ឋាភិបាល​កម្ពុជា និងក្រសួងការងារ និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ ទើប​ក្រុមហ៊ុនមាន​ដំណើរ​ការអាជីវកម្មរីក​ចម្រើនមកទល់បច្ចុប្បន្ននេះ។ ដើម្បីជាការ​តបស្នង ក្រុមហ៊ុននឹងធ្វើការបណ្តាក់ទុនបន្ថែមទៀត​នៅ កម្ពុជា ដើម្បីចូលរួមចំណែកជួយដល់សេដ្ឋកិច្ច និងប្រជាជនកម្ពុជា​ឲ្យមានការរីកចម្រើនដូចគ្នា​ទៅនឹង​ក្រុមហ៊ុនដែរ។

ជាការឆ្លើយតប លោក អ៉ិត សំហេង រដ្ឋមន្ត្រី​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន​បង្ហាញ​ក្តីរីករាយ​ជាខ្លាំង ដែលខាងក្រុមហ៊ុនបានបញ្ជាទិញកសិផល ពីប្រជាកសិករខ្មែរ ទាំងនេះ​ចាត់ទុកជា​ទីផ្សារ​​​មួយដ៏សំខាន់ ជួយដោះ​ស្រាយជីវភាពរបស់ពួកគាត់បានប្រសើរមួយកម្រិត។

លោករដ្ឋមន្ត្រី ចាត់ទុក​​ ការវិនិយោគរបស់ក្រុមហ៊ុន CP នៅកម្ពុជា ពិតជាបានចូលរួមអភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច បង្កើត​​មុខរបរថ្មី ឱកាសការងារ ជូនដល់ពលរដ្ឋកម្ពុជា និងលើកទឹកចិត្តដល់ក្រុមហ៊ុនគួរ​បង្កើនភាពជាដៃគូ​ដោយធ្វើការបញ្ជា​ទិញកសិផលពី​កសិករខ្មែរឲ្យ​​បានកាន់តែច្រើនបន្ថែមទៀត ព្រោះវាមានន័យណាស់សម្រាប់សេដ្ឋកិច្ច ៕