ភ្នំពេញ និងខេត្តកំពង់ស្ពឺ ត្រៀមស្វាគមន៍​គម្រោង​វិនិយោគ​ថ្មីតម្លៃជិត ២០ លានដុល្លារ ឆាប់ៗនេះ

សង្គម​និង​សេដ្ឋកិច្ច

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជី ដល់ក្រុមហ៊ុនឯកជន ៣ ឱ្យវិនិយោគសរុប ១៨,៨ លានដុល្លារអាមេរិក បង្កើតរោងចក្រ ៣ កន្លែង នៅរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ ក្រុមហ៊ុនទាំង៣ រួមមាន៖

ក្រុមហ៊ុនទី១. ORIENT HONGYE (CAMBODIA) KNITTING CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវណតប្រ៊ីត ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣លានដុល្លារអាមេរិក។

ក្រុមហ៊ុនទី២. KYLIN (CAMBODIA) SPORTS CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ២ ភូមិកណ្តោល សង្កាត់រលួស ខណ្ឌដង្កោ រាជធានី មានទុនវិនិយោគប្រមាណ ៥,៣លានដុល្លារអាមេរិក។

ក្រុមហ៊ុនទី៣. SPEARHEAD COMMODITIES (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិរោងគោ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគចំនួន ១០,៥ លានដុល្លារអាមេរិក។

ក្រុមហ៊ុនទាំង៣ ដែលវិនិយោគបង្កើតរោងចក្រ ក្នុងទំហំទុនវិនិយោគសរុប ១៨,៨ លានដុល្លារអាមេរិក នឹងអាចបង្កើតការងារជូនប្រជាពលរដ្ឋកម្ពុជា បានរហូតដល់១៩២៨កន្លែង។

នៅក្នុងរយៈពេល១ខែដំបូង ដើមឆ្នាំ២០២២ នេះ ក្រុមប្រឹក្សាអភិវឌ្ឈន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុបយ៉ាងហោច ២៥ គម្រោង ឬស្មើនឹងទំហំទឹកប្រាក់ជាង ២,៥ ពាន់លានដុល្លារ ក្នុងនោះគម្រោងពាក់ព័ន្ធក្នុងវិស័យសំណង់ ហេដ្ឋារចនាសម្ព័ន្ធ និងអចលនទ្រព្យមានរហូតដល់ទៅ ១,៤ ពាន់លានដុល្លារផងដែរ៕

អត្ថបទ៖រង្សី