លោក ហ៊ុន ម៉ាណែត៖ កម្មករ កម្មការិនី ជាកម្លាំងស្នូល​និង​ជា​គ្រោងឆ្អឹងខ្នងដ៏រឹងមាំនៃសេដ្ឋកិច្ចជាតិ

សង្គម​និង​សេដ្ឋកិច្ច

លោក ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធាន​គ​ណៈ​​​​​ចលនាមហាជន បានលើកឡើងថា កម្មករ-កម្មការិនីជាកម្លាំងស្នូល និង​ជា​គ្រោង​ឆ្អឹង​ខ្នងដ៏រឹងមាំនៃសេដ្ឋកិច្ចជាតិ ព្រម​ទាំង​​ជាកម្លាំងចលករដ៏សំខាន់នៃសង្វាក់ផលិតកម្ម ដោយបា​ន​​​​​ចូលរួមចំណែកយ៉ាងធំធេងក្នុងការទ្រទ្រង់ដំណើរ​​ទៅមុខ​របស់​សង្គមជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត បានធ្វើឡើងនៅក្នុងពិធីសំណេះសំណាលជាមួយថ្នាក់​ដឹកនាំ​សហជីព ក្នុងឱកាស​ខួបលើកទី១៣៦ ទិវាពលកម្មអន្តរជាតិ ១ ឧសភា កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០​២២។

ជាមួយគ្នានេះ លោក ហ៊ុន ម៉ាណែត ក៏បានចាត់ទុក កម្មករ-កម្មការិនីជាកម្លាំងដ៏រឹងមាំមួយដែរ ក្នុងការ​ថែរក្សា​សន្តិភាព និង​ស្ថិរភាព តាមរយៈការចូលរួមទប់ស្កាត់​នូវរាល់ការញុះញង់​នានាដែលអាចនាំ​ឱ្យប៉ះពាល់ដល់ភាពសុខសាន្តរបស់ជាតិ និង​សេចក្តីសុខសុភមង្គលរបស់ប្រជាជន។ ក្នុងន័យនេះលោក ហ៊ុន ម៉ាណែត ថា​គណបក្សប្រជាជនកម្ពុជាបានផ្សារ​សាច់ផ្សារ​ឈាមភ្ជាប់ជាមួយកម្មករនិយោជិត​តាំងពី​ឆ្នាំ១៩៧៩ មកម៉្លេះ ហើយក៏នឹងបន្តពង្រឹង និងពង្រីកបន្ថែម​នូវគោលនយោ​បាយ​លើកស្ទួយ​ជីវភាព​ប្រជាពលរដ្ឋ ជាពិសេសកម្មករ កម្មការិនីឱ្យកាន់តែមានភាពចម្រុងចម្រើនខ្លាំងឡើងបន្ថែមទៀត។

ក្នុងឳកាសខួបលើកទី១៣៦ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រោមប្រធានបទ “សន្តិភាព សុខភាព និង សន្តិសុខការងារ” លោក ហ៊ុន ម៉ាណែត ក៏បានចូលរួមអបអរសាទរ និងបានបង្ហាញទស្សនថា ក្រោមប្រធានបទ​ខាងលើនេះ ពិតជាមាន​អត្ថ​ន័យយ៉ាងជ្រាលជ្រៅសម្រាប់កម្ពុជា ដែលធ្លាប់​ទទួលរង​ការញាំញីដោយសារសង្គ្រាមរាប់សតវត្សរ៍មកហើយ ពី​ព្រោះ​មានតែការរក្សាបាននូវ​សន្តិភាពទេ ទើបមានការអភិវឌ្ឍ, ការបង្កើតការងារ, ស្ថិរភាពការងារ និងសុវត្ថិភាពការងារ។

ជាពិសេសក្នុងបរិបទដែលកម្ពុជា ក៏ដូចជាពិភពលោកទាំងមូលបានទទួលរងគ្រោះ​ដោយសារ​ការរាត​ត្បាតនៃ ជំងឺកូវីដ-១៩ ដែលបង្កផលប៉ះពាល់ខ្លាំងដល់ផ្នែកសុខភាពសាធារណៈ និងផ្នែកសង្គម-សេដ្ឋ​កិច្ច។ យ៉ាងណាក៏ដោយ កម្ពុជាបាន​ខិតខំ​ដោះ​​ស្រាយ និងជម្នះបញ្ហារហូតសម្រេចបានជោគ​ជ័យ​ដ៏ធំធេងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយ​មាន​ការដឹកនាំ​ដ៏​មោះ​មុតអង់អាចក្លាហាន និងប្រកបដោយការទទួលខុសត្រូវខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី រួមជាមួយនឹងធ្លុង​មហាសាមគ្គីភាពជាតិតាមរយៈការចូលរួមប្រកបដោយទំនុកចិត្ត និងភាពជឿជាក់ពីសំណាក់​មន្រ្តីរាជការគ្រប់លំ​ដាប់ថ្នាក់ កងកម្លាំងគ្រប់ ប្រភេទ កងទ័ពអាវស និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន រួមទាំងកម្មករ-កម្មការិនីនៅទូទាំងប្រទេសផងដែរ។