យុវជន​ម្នាក់ប្រាប់​បទពិសោធន៍​​​ចាប់​ជំនាញ​​តាម​បេះដូង និង​តាម​គ្រួសារ

សង្គម​និង​សេដ្ឋកិច្ច

នៅពេលបញ្ចប់ថ្នាក់ទី១២ សិស្សជាច្រើនបានបន្តការសិក្សានៅសាកលវិទ្យាល័យ ដោយជ្រើសរើសជំនាញដែលខ្លួនស្រឡាញ់និងចូលចិត្តហើយស្របទៅតាមសមត្ថភាពរបស់ខ្លួនផងដែរ។ ប្រសិនបើជ្រើសរើសជំនាញខុសពីអ្វីដែលយើងស្រឡាញ់ ចូលចិត្ត តើនឹងមានរឿងអ្វីកើតឡើង?

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

និស្សិតឆ្នាំទី២នៃសាកលវិទ្យាល័យ NTTI ជំនាញស្ថាបត្យកម្មបានបង្ហើបប្រាប់ឧញ៉ាញូហ៍ថា ការចាប់ជំនាញដែលយើងមិនបានចូលចិត្តរៀនពិតជាលំបាកណាស់។

ឡង់ឌីជានិស្សិតដែលប្រសូត្រចេញពីត្រកូលកសិករម្នាក់ ដែលបានមកបន្តការសិក្សារនៅទីក្រុងភ្នំពេញកាលពីឆ្នាំ២០១៩។

និស្សិតកម្លោះរូបនេះបានចាប់ជំនាញចំនួន ២ ដោយលើកទី១បានសម្រេចចិត្តតាមឪពុកម្ដាយនិងលើក​ទី​២​តាមបេះដូងខ្លួនឯង។ កម្លោះវ័យ​២០ឆ្នាំបានរៀបរាប់ពីទុក្ខលំបាកក្នុងការចាប់រៀនជំនាញទី១នេះថា ការរៀនសូត្រទោះ​ជា​បានព្យាយាមរៀន ព្រមទាំងយកចិត្តទុក្ខដាក់ណាស់ តែជាលទ្ធផលការរៀនជំនាញដែលខ្លួនមិនបានស្រឡាញ់ធ្វើឲ្យគេស្មុកស្មាញយ៉ាងខ្លាំង ដែល​ជាហេតុធ្វើឲ្យការចងចាំទាក់ទងនឹងមេរៀនមិនសូវបានល្អរៀនមុខភ្លេចក្រោយ រៀនក្រោយភ្លេចមុខ។ ការសិក្សានៅពេលនោះនិស្សិតកម្លោះរូបនេះបានស្នាក់នៅវត្ត។

ក្រោយពីរៀនជិតចប់មួយឆ្នាំតែលទ្ធផលមិនបានអ្វីសោះ ឡង់ឌីបានសុំម្ដាយប្ដូរជំនាញ គឺសុំរៀនអ្វីដែលស្រឡាញ់ចូលចិត្តវិញពេលនោះម្ដាយគាត់យល់ព្រម តែចំពោះការចំណាយផ្សេងៗទាក់ទងនឹងការសិក្សារគាត់ត្រូវរកដោយខ្លួនឯង។

ជំនាញស្ថាបត្យកម្មជាជំនាញទី២ ដែលយុវជន​រូប​នេះ​បានជ្រើសរើសរៀនតាម​បេះដូង ចិត្ត និង កាយ។

និស្សិតខេត្តស្វាយរៀងរូបនេះបានលើកឡើងពីការរៀនជំនាញទី២នេះថា វាជាជំនាញដែលត្រូវនឹងសមត្ថភាពនិងចំណង់ចំណូលចិត្ត។

យុវជន​រូប​នេះ​ប្រាប់ពី​ជំនាញ​ស្ថាបត្យកម្ម​ថា ជាជំនាញដែល​អាចបំពេញតម្រូវការរស់នៅនិងការចង់បានរបស់មនុស្សតាមរយ: សោភ័ណ ភាពងាយស្រួល ផាសុខភាព សុវត្ថិភាព ស្ថិរភាព ទៅតាមមុខងាររបស់អាគារ។ វាជាជំនាញដែលមានការទាក់ទង ជាមួយសិល្បៈផង វិទ្យាសាស្ត្រផង រួមទាំងធម្មជាតិផង។

បើ​តាម​ឡង់ដី ស្ថាបត្យកម្ម​ជាជំនាញដែលទាមទារឲ្យមានការស្រមើស្រមៃខ្ពស់ ការច្នៃប្រឌិត ការវិភាគ ស្រាវជ្រាវ និងដឹងច្រើនពីមជ្ឈដ្ឋានជុំវិញខ្លួន បូកផ្សំជាមួយភាពប្រសប់ក្នុងការគូរបង្ហាញធ្វើយ៉ាងណាឲ្យអ្នកសាងសងមើលយល់និងអាចសាងសង់បាន។

ក្រៅពីនេះ ស្ថាបត្យកម្ម​ជា​ជំនាញដែលធ្វើឲ្យប្រទេសមានការអភិវឌ្ឍន៍រីកចម្រើន។ ប្រទេសមួយមានការរីកចម្រើនហើយល្បីល្បាញ គេមើលទៅលើការអភិវឌ្ឍលើវិស័យសំណង់ស្ថាបត្យកម្ម អាគារខ្ពស់ៗប្លែកៗស្អាតៗនេះឯង ។ តួយ៉ាង ប្រទេសខ្មែរគេស្គាល់ដោយសារប្រាសាទអង្គរវត្តដែរជាសំណង់ស្ថាបត្យកម្មដ៏អស្ចារ្យ និងជាអត្តសញ្ញាណនៃទងជាតិខ្មែរ។ ជាមួយ​គ្នា​នេះ​ក៏​ស្របតម្រូវការ​មនុស្ស​សម័យ​ថ្មី ហើយ​មានទីផ្សារខ្ពស់ ។

រីឯផលប្រយោជន៍ក្នុងជំនាញនេះមានច្រើនណាស់សម្រាប់ខ្លួនឯងនិងសង្គមជាតិទាំងមូល

+ ខ្លួនឯង

– អាចឲ្យគាត់បញ្ចេញនូវសមត្ថភាពដែលគាត់មាន បញ្ចេញនូវអ្វីដែលគាត់ចង់ធ្វើនិងចង់បាន

– ផ្ដល់នូវបទពិសោធន៍និងចំណេះដឹងថ្មីៗ

– ផ្ដល់នូវជំនាញដែលធ្វើឲ្យគាត់មានការងារមួយច្បាស់លាស់

– អាចបង្កើតស្នាដៃសម្រាប់ខ្លួនឯង

+ សង្គម

– បំពេញតម្រូវការរបស់មនុស្សគឺធ្វើឲ្យអាគារមួយមានភាពស្រស់ស្អាតនិងងាយស្រួលប្រើប្រាស់

– ធ្វើឱ្យរីកចម្រើនលើវិស័យទេសចរណ៍តាមរយៈសំណង់ស្ថាបត្យកម្ម

– ប្រទេសមានការអភិវឌ្ឍន៍និង ភាពល្បីល្បាញ អាចឲ្យគេស្គាល់អំពីសិល្បៈស្ថាបត្យកម្មបែបខ្មែរយើងជាដើម។

សូមបញ្ជាក់ផងដែរថាឡង់ឌីជាសិស្សឆ្នើមផ្នែកស្ថាបត្យកម្មនៅវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស (NTTI) ក្រោយពីគាត់បានសិក្សាររយៈពេល២ឆ្នាំគាត់ទទួលបានសមិទ្ធផលយ៉ាងច្រើនដែលមានការទទួលស្គាល់គាត់ពីគ្រូដែលបង្រៀនផ្ទាល់។ ​​​

ដើម្បីឆ្លើយតបចំពោះជំនាញដែលឡង់ឌីបានរៀន គាត់មានការតាំងចិត្តយ៉ាងមុតមាំថានៅពេលអនាគតគាត់ចង់ក្លាយជាស្ថាបត្យករមួយរូបដែលមានសមត្ថភាព អាចសិក្សាគម្រោងប្លង់បានល្អ និងផ្តល់ឲ្យអ្នករស់នៅឬអ្នកប្រើប្រាស់ប្រកបដោយ ផាសុកភាព សោភ័ណភាព សុវត្ថិភាព ស្ថិរភាព ដែលរួមបញ្ចូលទាំងសិល្បៈវិទ្យាសាស្ត្រនិងធម្មជាតិ ។

ជាចុងក្រោយនិស្សិតរូបនេះក៏មានសារសម្រាប់ប្អូនៗក្រោយៗដែលមានបំណងមករៀននៅសាកលវិទ្យាល័យថាមុននឹងចាប់រៀនអ្វីមួយត្រូវគិតឲ្យច្បាស់ក្រែងខាតពេលវេលាដូចគាត់៕