ករណីរឿងឧកញ៉ា ហេង សៀ ជាមួយនិស្សិត មាន ពេជ្ររីតា មានឧកញ៉ា ៥រូបសុំអន្តរាគមន៍ពីសម្តេចតេជោ

ជុំវិញ​ឧកញ៉ា

«បើខ្ញុំមិនអន្តរាគមន៍ ពេលនេះម៉ោងនេះ ចៅស្រីនោះកំពុងស្ថិតនៅក្នុងគុកនៅឡើយទេ សូមកុំច្រឡំ មានឧកញ៉ា ៥រូប បានចូលរួមព្រឹត្តិការណ៍នេះ ខ្ញុំមិនតិរច្ឆានដូចអ្នក អ្នកកុំអញ្ជើញខ្ញុំទៅធ្វើតិរច្ឆាន ខ្ញុំមិនទៅទេ ខ្ញុំដឹងរឿងខុស រឿងត្រូវ»។ នេះជាប្រសាសន៍ដើមទាំងស្រុងរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A ទូទាំងប្រទេសក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២១ នាព្រឹកថ្ងៃអង្គារនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការលើកឡើងរំលឹករបស់សម្តេចតេជោ ហ៊ុន សែន សំដៅដល់ករណីឧកញ៉ា ហេង សៀ ដែលរំលោភបំពានលើរូបរាងកាយ កញ្ញា មាន ពេជ្ររីតា អតីតពិធីការិនីទូរទស្សន៍ MYTV និងជានិស្សិតម្នាក់។ សម្តេចអះអាងថា ករណីនេះក្មេងស្រីនឹងទទួលរងភាពអយុត្តិធម៌ និងជាប់ពន្ធនាគារដល់ពេលនេះ ប្រសិនបើគ្មានការអន្តរាគមន៍ទាន់ពេលវេលារបស់សម្តេចទេនោះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ប្រសិនបើបញ្ហានេះ គ្រាន់តែ”ស្រីញីប្រុសឈ្មោល” ខ្ញុំគ្មានការចាំបាច់ដើម្បីធ្វើអន្តរាគមន៍ទេ ប៉ុន្តែបញ្ហាវាស្ថិតនៅលើអំពើអយុត្តិធម៌ ក្មេងស្រីជានិស្សិត(ពេលនោះ)កំពុងជាប់នៅក្នុងមន្ទីរឃុំឃាំង ក្រោមអន្តរាគមន៍របស់ឧកញ៉ា៤-៥នាក់ឯនោះ តើខ្ញុំឱ្យខ្ញុំនៅស្ងៀមទេរឿងនេះ ខ្ញុំមិនមែនតិរច្ឆានទេ បើអ្នកជាតិរច្ឆានធ្វើតិរច្ឆានខ្លួនឯងចុះ ប៉ុន្តែក្នុងឋានៈជានាយករដ្ឋមន្រ្តី ខ្ញុំត្រូវតែមានការទទួលខុសត្រូវ ដើម្បីយុត្តិធម៌សម្រាប់ពលរដ្ឋរបស់ខ្លួន ដែលត្រូវគេបំពាន»។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ករណីនេះ សម្តេចបានបញ្ជាឱ្យមេធាវីរបស់សម្តេច ស្រាវជ្រាវ ជាបន្ទាន់រហូតដឹងថា ក្មេងស្រីរងគ្រោះស្ថិតនៅក្នុងមន្ទីរឃុំឃាំង ដោយសារការប្តឹងរបស់ឧកញ៉ា ដែលថា ចាក់ចំពោះខ្លួន។

គួររំលឹកថា ករណីរំលោភបំពានរបស់ ឧកញ៉ា ហេង សៀ លើកញ្ញាមាន ពេជ្ររីតា បានកើតឡើង កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ នៅក្បែរផ្សារគីឡូលេខ៤ ជិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប។ ក្នុងហេតុការណ៍នោះបានកើតឡើងក្នុងរថយន្តមួយគ្រឿងដោយ កញ្ញា មាន ពេជ្ររីតា បានចោទថា លោកឧកញ៉ា ហេង សៀ បានប៉ុនប៉ងរំលោភសេពសន្ថវៈមកលើរូបនាងក្នុងរថយន្តតែម្តង។ ចំណែកឧកញ៉ា ហេង សៀ បានចោទប្រកាន់តារារូបនេះថា បានចាក់រូបលោក២កំបិត និងលួចយកទូរស័ព្ទ iPhone ស៊េរីខ្ពស់មួយគ្រឿង បន្ទាប់ពីប្រវាយប្រតប់គ្នា។ ក្រោយកើតហេតុនេះចំនួន៤ថ្ងៃ ពោលគឺថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ កញ្ញា មាន ពេជ្ររីតា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនតាមពាក្យបណ្តឹងរបស់ ឧកញ៉ា ហេង សៀ៕