អ្នកឧកញ៉ា លាង ម៉េង៖ នៅពេលដែលធ្វើអាជីវកម្ម យើងបានដឹងអំពីតម្រូវការរបស់អតិថិជន

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុន ជីប ម៉ុង គ្រុប គឺជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យអភិវឌ្ឍលំនៅឋាន, បេតុងលាយស្រេច, ធនាគារ, សណ្ឋាគារ និងបដិសណ្ឋារកិច្ច, ការចែកចាយ និងផលិតស៊ីម៉ងត៍, ការចែកចាយផលិតផលបរិភោគ, ការផលិតស្រាបៀរ និងភេសជ្ជៈធំមួយនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីពេលថ្មីៗកន្លងទៅ ក្រុមហ៊ុន​​ ជីប ម៉ុង​ ក៏បាន​​បញ្ជា​ទិញឧទ្ធម្ភាគចក្រ​ម៉ូដែល​ Bell 429 ពី​ Textron Inc. ដែលជាក្រុម​ហ៊ុន​​ផលិត​ឧទ្ធម្ភាគចក្រ​ដ៏ធំមួយ មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក ដើម្បីបម្រើសេចក្តីត្រូវការនៃពាណិជ្ជកម្មរបស់ខ្លួន។

សហស្ថាបនិក និងប្រធានក្រុមអគ្គនាយក ជីប ម៉ុង អ្នកឧកញ៉ា លាង ម៉េង គូសបញ្ជាក់ថា ការកាន់តែរីកចម្រើនរបស់ក្រុមហ៊ុន ជីប ម៉ុង មិនមែនដោយចៃដន្យនោះទេ ដោយសារប្រទេសកម្ពុជា ជាប្រទេសដែលមានសុខសន្ដិភាព។ ការបញ្ជាក់យ៉ាងដូច្នេះ របស់អ្នកឧកញ៉ា លាង ម៉េង ធ្វើឡើងក្នុងពិធី បើកដំណើរការជាផ្លូវការទីតាំងថ្មី ធនាគារ ជីប ម៉ុង សាខាណូរ៉ូ ម៉ល ពេលកន្លងទៅ។

សម្រាប់វិស័យធនាគារវិញ ក្រុមហ៊ុន ជីប ម៉ុង ទើបតែបោះជំហានមកប្រឡូកក្នុងទីផ្សារកម្ពុជានៅប៉ុន្មានឆ្នាំចុងក្រោយប៉ុណ្ណោះ ប៉ុន្តែក្លាយជាធនាគារដ៏ពេញនិយមមួយនាពេលបច្ចុប្បន្ន។ ការណ៍នេះ ត្រូវបានអ្នកឧកញ៉ា លាង ម៉េង បង្ហើបថា៖ « ការធ្វើឲ្យធនាគារ ជីប ម៉ុង មានការរីកចម្រើន ដោយសារតែយើងមាន ក្រុមហ៊ុន ជីប ម៉ុង គ្រុប ដែលជាក្រុមហ៊ុនមួយដ៏រឹងមាំ ដែលបានប្រកបអាជីវកម្ម នៅក្នុងប្រទេសកម្ពុជាជិត៤០ឆ្នាំ និងបានយល់ពីតម្រូវការរបស់អតិថិជន»។

ធនាគារ ជីប ម៉ុង ខមមើសលប៊ែង ម.ក កាលពីពេលថ្មីៗនេះ ទើបតែទទួលបានការអនុម័តយល់ព្រមពីធនាគារជាតិ នៃកម្ពុជា ក្នុងការដាក់ស្នើដើមទុនចុះបញ្ជីចំនួន ១០លានដុល្លារអាមេរិកបន្ថែមទៀត ដែលធ្វើឱ្យដើមទុនចុះបញ្ជីកើនរហូតដល់ ១១៥លានដុល្លារអាមេរិក ក្នុងប្រតិបត្តិការរយៈពេល ៣ឆ្នាំ។

ប្រធានក្រុមអគ្គនាយក ជីប ម៉ុង រូបនេះបានសង្កត់ធ្ងន់ថា នៅពេលដែលធ្វើអាជីវកម្ម យើងបានដឹងអំពីតម្រូវការរបស់អតិថិជន វានឹងធ្វើឲ្យការសម្រេចចិត្ដរបស់យើង មានការសម្រេចចិត្ដត្រូវ។បើតាមអ្នកឧកញ៉ា លាង ម៉េង ធនាគារ ជីប ម៉ុង បានលើកកម្ពស់សេដ្ឋកិច្ច និងចូលរួមចំណែកក្នុងសង្គមច្រើន ខណៈបច្ចុប្បន្ន ធនាគារ ជីប ម៉ុង កំពុងព្យាយាមឲ្យប្រជាជន និងប្រទេសកម្ពុជា ទទួលបាននូវបទពិសោធន៍ថ្មីផងដែរ។

ជាមួយគ្នានេះ ធនាគារ ជីប ម៉ុង ក៏ទើបតែទទួលពានរង្វាន់ពីស្ថាប័នពិភពលោក The Global Economics ចំនួន២ធំៗ រួមមាន ធនាគារឌីជីថលដែលថ្មី និងល្អបំផុតប្រចាំឆ្នាំ២០២០ និងពានរង្វាន់កម្មវិធីទូរស័ព្ទដៃធនាគារ ដែលមានភាពច្នៃប្រឌិតបំផុត ប្រចាំឆ្នាំ២០២០។

អ្នកឧកញ៉ា លាង ម៉េង បញ្ជាក់ថា ភាពជោគជ័យនេះ គឺជាសមិទ្ធិផលនៃកិច្ចខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រង និងសហការីទាំងអស់ ហើយជាពិសេស ការគាំទ្រពីសំណាក់អតិថិជន របស់ធនាគារ ជីប ម៉ុង ផ្ទាល់តែម្តង។

គូសបញ្ជាក់ថា ក្រុមហ៊ុន ជីប ម៉ុង ជាក្រុមហ៊ុនក្នុងស្រុកមួយ ដែលកំពុងជួយដល់សេដ្ឋកិច្ចជាតិ ដោយកំពុងរកស៊ី ក្នុងវិស័យជាច្រើននៅកម្ពុជា រួមមាន៖ វិស័យសណ្ឋាគារ វិស័យសំណង់ និងអភិវឌ្ឍលំនៅឋាន វិស័យម្ហូបអាហារ វិស័យធនាគារ និងវិស័យទេសចរណ៍ជាដើម៕