នេះ​ជា​គម្រោង​ធំ​ៗ​ ដែល​ត្រូវ​សាងសង់​នៅក្នុង​កំពង់ផែ​​ទឹកជ្រៅ​តម្លៃ ១៥០០ លាន​ដុល្លារ​នៅ​ខេត្ត​កំពត

សង្គម​និង​សេដ្ឋកិច្ច

គម្រោងវិនិយោគកំពង់ផែទឹកជ្រៅ​ខេត្ត​កំពត បានបើកការដ្ឋាន​សាងសង់នៅថ្ងៃនេះ ជាមួយនឹងដើម​ទុន​វិនិយោគ​សរុបប្រមាណ ១៥០០ លានដុល្លារអាមេរិក។ ការវិនិយោគ​ដែល​ចាយ​កញ្ចប់​​លុយ​ដ៏ធំនេះ អនុវត្តជា៣ដំណាក់កាល ដែលនៅក្នុងផែនការដំណាក់កាលទី១ គឺមាន​ចំនួនប្រមាណ ២០០ លានដុល្លារអាមេរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការអភិវឌ្ឍ​កំពង់ផែ​ទឹកជ្រៅ​ដ៏​ធំនេះ មាន​ការ​សាងសង់​សំណង់​ហេដ្ឋារចនាសម្ព័ន្ធ​នានារួមមាន៖ ទីលានកុងតឺន័រ តំបន់សេដ្ឋកិច្ចពិសេស តំបន់ពាណិជ្ជកម្មសេរី មជ្ឍមណ្ឌលភស្តុភារកម្ម ឃ្លាំងស្តុកទំនិញគ្រប់ប្រភេទ ឃ្លាំងភណ្ឌាគារគយ រោងចក្រផលិតនិងចែកចាយ រោងចក្រចម្រាញ់ប្រេងឥន្ធនៈ និងមជ្ឈមណ្ឌលប្រេងឥន្ធនៈ តំបន់លំនៅឋាន និងចំណតនាវាដឹកអ្នកដំណើរទេសចរណ៍ ព្រមទាំងចំណតនាវាប្រភេទជាសាឡង់ ដែល​ភ្ជាប់ការ​ដឹកជញ្ជូន​ជាមួយកំពង់ផែស្វយ័តភ្នំពេញ ក្នុងករណីរាជរដ្ឋាភិបាលអភិវឌ្ឍគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់។

ទីតាំងកំពង់ផែពហុបំណងមានជម្រៅទឹកប្រមាណ១៥ម៉ែត្រ អាចឱ្យនាវាចំណុះ​១០០.០០០ តោន ចូលចតបាន និងមានសមត្ថភាពខ្ពស់ក្នុងការលើកដាក់ទំនិញចេញ-ចូល បានចំនួនប្រមាណ ៣០០.០០០ TEU នៅក្នុងឆ្នាំ២០២៥ និងប្រមាណ ៦០០.០០០ TEU នៅក្នុងឆ្នាំ២០៣០៕

ក្រោយ​បញ្ចប់​វា​នឹងក្លាយ​ជាកំពង់ផែ​ទឹកជ្រៅ និងធំមួយទៀតនៅកម្ពុជា និងដ៏ទំនើបលំដាប់អន្តរជាតិនៅក្នុងតំបន់អាស៊ាន ដែល​នឹងជួយបំពេញបន្ថែមទៅលើកំពង់ផែដែលមានស្រាប់ដូចជា៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ និងជួយជំរុញអនុវត្ត​ឱ្យបានជោគជ័យ​នូវផែនការមេ​ដើម្បីអភិវឌ្ឍខេត្ដព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលបានដាក់ចុះក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥។

ជាងនេះទៅទៀត គម្រោងនេះនឹងចូលរួមចំណែកផងដែរ​ក្នុងការជួយអនុវត្តឱ្យ​សម្រេចជោគជ័យនូវផែនការមេ​ស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយនិង ភស្តុភារកម្ម និងជួយបំពេញនូវគោលដៅអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រនៃគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជាផងដែរ៕