អង្គការសង្គមស៊ីវិលរួមគ្នារៀបចំប្រកាសយុទ្ធនាការហ៊ានិយាយដើម្បីសុវត្ថិភាពកម្មករនិយោជិត

សង្គម​និង​សេដ្ឋកិច្ច

អង្គការសង្គមសុីវិលរួមគ្នារៀបចំសន្និសីទសារព័ត៌មាន ប្រកាសផ្តើមអនុវត្ត “យុទ្ធនាការហ៊ាននិយាយ” ដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិត កាលពីថ្ងៃព្រហស្បតិ៍ ទី៥ ខែឧសភាម្សិលមិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

“យុទ្ធនាការហ៊ាននិយាយ ដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិត” រៀបចំឡើងរយៈពេលពេញមួយព្រឹក ដែលមានអ្នកចូលរួមពីជនបង្គោលសុវត្ថិភាពចរាចរណ៍ (Speak Up Champion) នៅតាមរោងចក្រគោលដៅរបស់កម្មវិធី, អ្នកមានឥទ្ធិពលក្នុងប្រព័ន្ធផ្សព្វផ្សាយ (Influencer)– ឌីជេ ណាណា , លោក គឹម បញ្ញា នាយកអង្គការមូលនិធិ​បង្ការរបួសអាស៊ី​ប្រចាំ​កម្ពុជា , លោក William Conklin នាយកម្មវិធីប្រចាំប្រទេសកម្ពុជានៃ​មជ្ឈមណ្ឌលសាមគ្គីភាព។

វិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងរបស់ប្រទេសកម្ពុជាក្នុងអំឡុងទសវត្សរ៍ចុងក្រោយនេះមានកំណើនគួរឱ្យកត់សម្គាល់ ប៉ុន្តែសុវត្ថិភាពរបស់កម្មករនិយោជិតនៅតែជាបញ្ហាប្រឈម។

សន្និសីទសារព័ត៌មាន បានគូសបញ្ជាក់ថា ជារៀងរាល់ថ្ងៃ នៅកម្ពុជាមានកម្មករនិយោជិតក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងប្រមាណជាង ៧០០.០០​០នាក់ ដែលប្រថុយប្រថាន​អាយុជីវិតខ្លួននឹងហានិភ័យក្នុងការធ្វើដំណើរ​ទៅមកកន្លែងការងារ​នៅលើផ្លូវដែល​មានចរាចរណ៍កកស្ទះ និងប្រឈមនឹងគ្រោះថ្នាក់​​ដើម្បីស្វែង​រក​ចំណូល​ផ្គត់ផ្គង់ដល់គ្រួសារខ្លួន។

ទន្ទឹមនឹងនោះក៏មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ប្រមាណជិត ២០%គឺជាកម្មករនិយោជិត (គ្រប់វិស័យ និងការធ្វើដំណើរទាំងទៅមកបំពេញការងារ និងដំណើរឯកជនផ្ទាល់ខ្លួន) ហើយក្នុងនោះមួយភាគធំគឺជា ស្រ្តី។

គួរជម្រាបជូនថា កម្មវិធី ”លើកកម្ពស់​សុវត្ថិភាព​ចរាចរណ៍​សម្រាប់​​កម្មករ​និយោ​ជិត​​កម្ពុជា”​ មានគោលបំណងលើកកម្ពស់ការយល់ដឹង និងផ្លាស់ប្តូរឥរិយាបទរបស់កម្មករនិយោជិតក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង និងអ្នកបើកបររថយន្តដឹកកម្មករ តាមរយៈសកម្មភាពនានា ដូចជា ការផ្សព្វផ្សាយផ្តល់ព័ត៌មាននៅកម្រិតរោងចក្រ (factory based-information sessions) កិច្ចសន្ទនា និងការបង្កើត និងអនុវត្តគោលនយោបាយសុវត្ថិភាពចរាចរណ៍នៅកម្រិតរោងចក្រ។

លើសពីនេះ យុទ្ធនាការតាមរយៈប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គមក៏នឹងជួយពង្រឹង និងពង្រីកតម្រូវការសម្រាប់ ការផ្លាស់ប្តូរនេះ ចំពោះកម្មករនិយោជិតដែលមានហានិភ័យខ្ពស់ផងដែរ៕