សម្តេច ហ៊ុន សែន៖ ខ្ញុំបញ្ជាឱ្យអាកាសយានិកហោះឧទ្ធម្ភាគចក្រហោះឆ្វែលមួយជុំជាការគោរពលាទាំងអាល័យ

សង្គម​និង​សេដ្ឋកិច្ច

ប៉ុន្មានម៉ោងបន្ទាប់ពីបញ្ចុះសពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង ជាបងប្រុសបង្កើតទី១ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសារអមជាមួយរូបភាពពិធីសាសនា តាមរយៈទំព័រហ្វេសប៊ុកយ៉ាងដូច្នេះថា៖ ឈាមពិតជាខាប់ជាងទឹក បើទោះបីជាទឹកអាចធ្វើអោយឈាមរលាយជាទឹកបានក៏ដោយ។ ខ្ញុំចង់និយាយដល់មនោសញ្ចេតនាបងប្អូនដែលប្រសូត្រពីផ្ទៃម្តាយតែមួយ ដែលករណីជាក់ស្តែងគឺមរណៈភាពបងប្រុសខ្ញុំដែលទើបធ្វើបុណ្យបញ្ចុះនៅព្រឹកមុិញនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចថ្លែងបន្តថា ទោះបីខ្ញុំបានបំពេញភារកិច្ចជាប្អូនប្រុស ជាប្អូនថ្លៃ ជាឪពុកមារអស់រយៈពេល៥ថ្ងៃរួចមកហើយក្តី តែខ្ញុំហាក់នៅមិនទាន់បានសម្រេចរួចនូវកិច្ចការដែលខ្ញុំត្រូវធ្វើនៅឡើយ នោះគឺខួប៧ថ្ងៃនៃថ្ងៃមរណៈភាពរបស់បងប្រុសខ្ញុំ។

យ៉ាងណាសម្តេចតេជោ បានបញ្ជាក់ថា ទោះបីភរិយាខ្ញុំ កូនខ្ញុំបន្តស្ថិតនៅជាមួយបងថ្លៃ ក្មួយៗនិងចៅៗខ្ញុំក៏ដោយ ក៏ខ្ញុំពិតជាពិបាកឈានជើងចេញនៅពេលក្រឡេកឃើញមុខបងថ្លៃ ក្មួយៗដែលហៅខ្ញុំថាពុក ចៅៗដែលហៅខ្ញុំថាតាមានទឹកមុខក្រៀមក្រំលាយឡំដោយទឹកភ្នែក។

ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរពីភារកិច្ចប្រទេសជាតិតម្រូវអោយសម្តេចចាកចេញដោយខានមិនបាននោះគឺដឹកនាំប្រតិភូទៅចូលរួមប្រជុំអាស៊ាន-អាមេរិកនៅវ៉ាស៊ីនតោន។

សម្តេចថ្លែងបញ្ជាក់បន្ថែមថា៖ កាលពីឆ្នាំ២០១៩ ខ្ញុំអាក់ខានទៅប្រជុំអាស៊ាន-កូរ៉េ និង មេគង្គ-កូរ៉េ ម្តងរួចហើយ ដោយសារពេលនោះម្តាយក្មេកខ្ញុំកំពុងសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ។ លើកនេះមិនអាចអាក់ខានបានទេ ដោយខ្ញុំមានតួនាទីជាប្រធានអាស៊ានដែលត្រូវមានមុខគ្រប់អង្គប្រជុំដែលរៀបចំឡើងដោយប្រទេសម្ចាស់ផ្ទះ។

សម្តេចថ្លែងថា៖ ខ្ញុំមិនអាចចាត់តាំងតំណាងអោយចូលរួមប្រជុំដូចកាលមិនទាន់ធ្វើជាប្រធានអាស៊ានបានឡើយ។ ដោយមិនអស់អាល័យនិងនឹកដល់បងប្រុស ខ្ញុំបញ្ជាអោយអាកាសយានិកហោះឧទ្ធម្ភាគចក្រហោះឆ្វែលមួយជុំជាការគោរពលាទាំងអាល័យ។ ខ្ញុំធ្លាប់បាត់បង់កូនបង្កើត ឪពុកម្តាយបង្កើត ពេលនេះបាត់បងបង្កើត រស់ជាតិនៃការឈឺចាប់គឺដូចគ្នា។ នោះហើយដែលខ្ញុំចង់និយាយថាឈាមខាប់ជាងទឹក។

សូមជម្រាបថា សម្តេចឧត្តមទេពញាណ ហ៊ុន ណេង បានទទួលមរណភាព គឺនៅថ្ងៃព្រហស្បតិ៍ ទី៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៨:២៥ នាទី ក្នុងជន្មាយុ៧២ឆ្នាំ ដោយជំងឺបេះដូង ស្ថិតក្នុងភូមិគ្រឹះនាខេត្តកំពង់ចាម៕