កម្ពុជា-ថៃ បើកច្រកព្រំដែនអន្តរជាតិជាំ ក្នុងស្រុកអន្លង់វែង ជាផ្លូវការវិញហើយ

សង្គម​និង​សេដ្ឋកិច្ច

ច្រកទ្វារអន្តរជាតិជាំ ស្ថិតក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ត្រូវបានបើកដំណើរការឱ្យប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់ឡើងវិញហើយ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២នេះ បន្ទាប់ពីច្រកមួយនេះបានបិទជាបណ្តោះអាសន្នដោយភាគីថៃអស់រយៈពេលជាង២ឆ្នាំ ដោយសារការរីករាលដាលជាសកលនៃមេរោគកូវីដ-១៩។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីបើកច្រកទ្វារអន្តរជាតិជាំជាផ្លូវការឡើងវិញនាពេលនេះ ធ្វើឡើងក្រោមវត្តមានឯកឧត្ដម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យនៃប្រទេសកម្ពុជា និងឯកឧត្ដម វ៉ាត់ថៈណា វុតធិឆាត អភិបាលខេត្តស៊ីសាកេតនៃប្រទេសថៃ និងមន្ត្រីពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងពីជាច្រើនរូបទៀត។

មុននឹងឈានដល់ការបើកដំណើរការច្រកទ្វារអន្តរជាតិជាំឡើងវិញនៅព្រឹកថ្ងៃអង្គារ៍នេះ ភាគីកម្ពុជា-ភាគីថៃ ដែលដឹកនាំដោយអភិបាលខេត្តនៃប្រទេសទាំងពីរ បានជួបពិភាក្សាគ្នា ដោយបានដាក់ចេញនូវគោលការណ៍ និងលក្ខខណ្ឌមួយចំនួនស្របតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំង២។

ដោយឡែកចំពោះគោលការណ៍ និងលក្ខខណ្ឌដែលភាគីថៃបានដាក់ចេញសម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលមានបំណងចូលក្នុងប្រទេសថៃនោះ ឯកឧត្តម ប៉ែន កុសល្យ ក៏បានសំណូមពរដល់ភាគីថៃជួយបន្ថូរបន្ថយ និងបន្ថែមនូវចំណុចខ្លះ គឺករណីបណ្ណធានារ៉ាប់រងសុខភាព ចំពោះអ្នកកាន់លិខិតឆ្លងដែន (ប៉ាស្ព័រ) ចំណែកការសំណូមពរឱ្យភាគីថៃជួយបន្ថែមនោះ គឺចំពោះអ្នកកាន់បណ្ណព្រំដែន (Border Pass) ចូលប្រទេសថៃ ដែលភាគីថៃកំណត់រយៈពេល៣ថ្ងៃ ឱ្យមានសុពលភាព៧ថ្ងៃដូចកាលពីលើកមុន។

ភាគីកម្ពុជា-ថៃ បានឲ្យថា ការបើកដំណើរការច្រកទ្វារព្រំដែនអន្តរជាតិនាថ្ងៃនេះ កម្ពុជា-ថៃ បានកំណត់ថាជាការបើកសាកល្បងបណ្តោះអាសន្ន បើសិនជាដំណើរការបើកច្រកនេះប្រព្រឹត្របានទៅដោយរលូនមិនមានបញ្ហានោះ ភាគីថៃ នឹងលុបចោលលក្ខខណមួយចំនួនទៀត ដើម្បីឱ្យការចេញចូលរបស់ប្រជាពលរដ្ឋនៃប្រទេសទាំង២ បានដំណើរការដូចធម្មតាឡើងវិញ ដូចមុនពេលមានវិបត្តិជំងឺកូវីដ-១៩។

សូមរម្លឹកដែរថា កាលថ្ងៃទី១ ខែឧសភាកន្លងទៅនេះ កម្ពុជា-ថៃ ក៏បានបើកដំណើរការឡើងវិញ នូវច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ខណៈច្រកអន្តរជាតិអូរស្មាច់ ក្នុងខេត្តឧត្តរមានជ័យក៏បានបើកដំណើរការកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២កន្លងទៅនេះផងដែរ៕