លោក ហឿន សំនៀង ស្នើសុំសម្តេចតេជោមាន MoU ជាមួយអាមេរិកដើម្បីនិស្សិតខ្មែរមិនបាច់បង់ពន្ធលើការសិក្សា

សង្គម​និង​សេដ្ឋកិច្ច

អតីតនិស្សិតសាកលវិទ្យាល័យ Harvard នៃសហរដ្ឋអាមេរិក លោក ហឿន សំនៀង បានស្នើទៅប្រមុខរាជរដ្ឋាភិបាលពិនិត្យលទ្ធភាពចុះអនុស្សរណៈយោគយល់ ឬទម្រង់កិច្ចសហកាណាមួយ ជាមួយសហរដ្ឋអាមេរិក លើការសិក្សារបស់និស្សិតខ្មែរនៅអាមេរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការស្នើរបស់លោក ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន ធ្វើឡើងតាមរយៈចូលខម្មិន (comment) ក្នុងទំព័រហ្វេសបុកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅព្រឹកថ្ងៃអង្គារ៍ ទី១០​ ខែឧសភា​នេះ ខណៈសម្តេចតេជោ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក នៅទីក្រុងវ៉ាស៊ីនតោន ចាប់ពីថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២ ។

បើតាមសម្តេចតេជោ ហ៊ុន សែន ក្រៅពីធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក ស្ថិតនៅទឹកដីសហរដ្ឋអាមេរិក​ សម្តេចនឹងជួបជាមួយមេដឹកនាំសំខាន់ៗមួយចំនួនព្រមទាំងបងប្អូនខ្មែរអាមេរិកាំងដែលរស់នៅទីនោះកំពុងរងចាំទទួល។

ទន្ទឹមនឹងនោះ លោក ហឿន សំនៀង ស្ថាបនិក និងជាអតីតនាយកប្រតិបត្តិសមាគមជីវិត និងក្តីសង្ឃឹម មានទីតាំងនៅវត្តដំណាក់ ខេត្តសៀមរាប បានថ្លែងក្នុងន័យដើមយ៉ាងដូច្នេះថា៖ «ខ្ញុំបាទមានសំណូមពរមួយ ដែលអាចនឹងជួយច្រើនដល់និស្សិតខ្មែរដែលកំពុងសិក្សានៅសហរដ្ឋអាមេរិក គឺគោរពស្នើសុំឲ្យកម្ពុជាមានអនុស្សរណ: ឬទម្រង់កិច្ចសហកាណាមួយ ជាមួយសហរដ្ឋអាមេរិក លើការសិក្សារបស់និស្សិតខ្មែរនៅអាមេរិក»

លោកគូសបញ្ជាក់ថា តាមរយ:ទម្រង់កិច្ចសហការនេះ និស្សិតខ្មែរនឹងមិនបាច់បង់ពន្ធ ឬមិនបាច់កាត់ប្រាក់អាហារូបរកណ៍របស់និស្សិតចូលពន្ធរបស់អាមេរិកទេ។ ប្រទេសជិតខាងយើងគេមាន និងនិស្សិតគេទទួលបានការលើកលែងបែបនេះដែរ។

លោក ហឿន សំនៀង ថ្លែងបន្តថា៖ «កាលខ្ញុំបាទទៅរៀននៅទីនោះ បានខិតខំប្រឹងស្វែងរកដំណោះស្រាយដែរ តែមិនអាចធ្វើបាន ដោយលក្ខខណ្ឌ គឺ រដ្ឋាភិបាល និងរដ្ឋាភិបាល ត្រូវមាន MoU ទើបនិស្សិតអាចរួចខ្លួន។ ក្នុងនាមនិស្សិត ការកាត់ពន្ធលើប្រាក់អាហារូបករណ៍ពីចន្លោះ ១,៥០០ដុល្លារ ទៅ ២,៥០០ដុល្លារក្នុងមួយឆ្នាំ ឬលើសខ្វះ ពិតជាច្រើនណាស់»។

ក្នុងន័យនេះ អតីតអ្នកបួសដែលធ្លាប់បួសរៀនជ្រៅជ្រះ ក្នុងសំណាក់ព្រះពុទ្ធសាសនា អស់រយ:ពេល ១៩ព្រះវស្សា និងបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ជាន់ខ្ពស់ជំនាញរដ្ឋបាលសាធារណ: ពីសកលវិទ្យាល័យ Harvard និងបរិញ្ញាបត្រជំនាញគ្រប់គ្រងពីសាកលវិទ្យាល័យសិនអែមប្រុស (St. Ambrose University) រដ្ឋអាយូវ៉ា សហរដ្ឋអាមេរិក លោកក៏បានគោរពស្នើសុំសម្តេចមេត្តាជួយស្វែងរកដំណោះស្រាយ ជូននិស្សិតខ្មែរនៅអាមេរិក ដោយក្តីអនុគ្រោះ៕