៣០ឆ្នាំចុងក្រោយ កម្ពុជាទទួលបានទឹកប្រាក់ប្រមាណជិត ៥,០០០លានដុល្លារ ពីការវិនិយោគលើវិស័យអចលនទ្រព្យ

សង្គម​និង​សេដ្ឋកិច្ច

ការវិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជា បានផ្តល់អាទិភាពខ្ពស់បំផុត សម្រាប់វិនិយោគិនទាំងក្នុងស្រុកនិងក្រៅប្រទេស ខណៈកម្ពុជាមានការអភិវឌ្ឍបោះជំហានទៅមុខជានិច្ច។ ជាក់ស្តែង វឌ្ឍនភាពហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ហាក់មានការរីករាលដាលខ្លាំងជាមួយនឹងអាគារខ្ពស់ៗ អាគារពាណិជ្ជកម្មរាប់ពាន់កន្លែងរួចមកហើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

របាយការណ៍ការសិក្សារបស់ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា វិស័យអចលនទ្រព្យកម្ពុជាឈរលើលេខរៀងខ្ពស់ជាងគេលំដាប់ទី៣ បន្ទាប់ពីវិស័យហិរញ្ញវត្ថុ និងកម្មន្តសាល ដែលទទួលបានការនិយោគពីក្រៅប្រទេស ដែលមានទឹកប្រាក់សរុបប្រមាណជិត ៥,០០០លានដុល្លារ ឬស្មើនឹង១២% នៃទុនវិនិយោគសរុប ក្នុងរយៈពេលជិត៣០ឆ្នាំចុងក្រោយ ពោលគឺគិតពីឆ្នាំ១៩៩៤ ដល់ចុងឆ្នាំ២០២១។

តាមការសិក្សាដដែលនេះ វិស័យហិរញ្ញវត្ថុឈរលើលេខរៀងខ្ពស់ជាងគេបង្អស់ ហើយវិស័យកម្មន្តសាឈរលើលេខរៀងទី២។
ធនាគារជាតិនៃកម្ពុជាបានគូសបញ្ជាក់ថា ប្រទេសចិន និងប្រទេសកូរ៉េខាងត្បូងនៅតែនាំមុខគេក្នុងការវិនិយោគនៅប្រទេសកម្ពុជា។ ចំណែកឯ វិនិយោគិនប្រទេសចិន គឺមានភាគច្រើនផ្តោតទៅលើ កម្មន្តសាល (រោងចក្រ) ហិរញ្ញវត្ថុ និងវិស័យអចលនទ្រព្យ ឬឯខាងកូរ៉េខាងត្បូងវិញ ភាគច្រើនផ្តោតទៅលើវិស័យហិរញ្ញវត្ថុ និងវិស័យអចលនទ្រព្យ។​

សូមបញ្ជាក់ផងដែរថា ប្រទេសសំខាន់ៗដែលមកវិនិយោគនៅកម្ពុជាមាន១០ប្រទេស រួមមាន៖ ប្រទេស ចិន ៤៣,៩% ប្រទេស កូរ៉េខាងត្បូង ១១,៩% ប្រទេស សិង្ហបុរី ១០,៩% ប្រទេសវៀតណាម ១០,២% ប្រទេស ជប៉ុន ១០% ប្រទេស ម៉ាឡេស៊ី ៧,៨% ចក្រភពអស់គ្លេស​៥,៧% ប្រទេស ​​​​​​​​​​​​​​​​​កាណាដា​​ ៤,៧% និងសហរដ្ឋអាមេរិក ៣,៦%៕ អត្ថបទ៖ បូ រ៉ាញ៉េន